ខេត្តកណ្ដាល ៖ បុរសពោះម៉ាយកូន១ម្នាក់ក្រោយពីប្រពន្ធមានជម្ងឺក្រិនថ្លើម (ទាចទឹក)ស្លាប់ចោលទៅរយៈពេល៣ឆ្នាំកន្លងមកហើយ គាត់មិនទាន់បានរកប្រពន្ធថ្មីម្នាក់គ្រាន់ជួយស្អំបេះដូងទៀតនៅឡើយ ។ ហើយដោយសារតែពោះម៉ាយយូរជូរមាត់គាត់បានលួចស្រឡាញ់នាងក្រមុំម្នាក់ ដែលត្រូវជាក្មួយបង្កើតរបស់ប្រពន្ធ (ក្មួយសាច់ថ្លៃខ្លួនឯង)ដែលរស់នៅផ្ទះជិតគ្នា ។ ប៉ុន្តែក្ដីស្រឡាញ់នេះបុរសខាងលើបានលាក់ទុកនៅតែក្នុងចិត្តប៉ុណ្ណោះ គាត់គ្មានភាពក្លាហាន ដើម្បីសារភាពស្នេហ៍ប្រាប់ដល់នាងឡើយ ហើយក៏មិនហ៊ានចូលស្ដីដណ្ដឹងដែរ លុះក្រោយមកក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅ ។
ម្យ៉ាងពោះម៉ាយយូរផងបានសម្រេចចិត្តខុសដោយបានឡើងទៅចាប់ក្មួយស្រីសាច់ថ្លៃរូបនោះកំពុងដេករំលោភទាំងថ្ងៃ ប៉ុន្តែមិនបានសម្រេចឡើយ ដោយនាងដឹងខ្លួនទាន់ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល និងប្ដឹងនគរបាលឲ្យចាប់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅលើផ្ទះជនរងគ្រោះ ដែលមានទីតាំងស្ថិតនៅ ខេត្តកណ្តាល ។ ជនសង្ស័យខាងលើឈ្មោះ អ៊ន សុធី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិខាងលើ ដោយឡែកនាងរងគ្រោះ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ នៅក្រមុំមិនទាន់មានគូស្រករនៅឡើយ ។ នាងមានមុខរបរកម្មការិនីរោងចក្រកាត់ដេរ ។
នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រោយពីត្រឡប់មកពីធ្វើការវេនយប់វិញនាងរងគ្រោះបានឡើងទៅដេកនៅលើផ្ទះតែម្នាក់ឯង ព្រោះតែធ្វើការអត់បានដេកពេញ១យប់មកហើយ ។ លុះដល់ពេលកើតហេតុជនសង្ស័យដែលជាពូសាច់ថ្លៃបានឡើងទៅលើផ្ទះនោះ ហើយនៅពេលឃើញនាងរងគ្រោះកំពុងដេកលក់ដោយមិនដឹងខ្លួននៅក្នុងមុង បុរសនោះក៏បានស្រាតខោជើងវែងរបស់ខ្លួនចេញនៅសល់តែខោលីអូប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តថា បន្ទាប់មកក៏បានធ្វើសកម្មភាពទ្រោបពីលើ និងយកដៃខ្ទប់មាត់នាងកុំឲ្យស្រែក ដើម្បីរំលោភសេពសន្ថវៈ ប៉ុន្តែពេលនោះសំណាងល្អនាងដឹងខ្លួនទាន់ខំរើបម្រាស់រហូតដល់រួច ហើយបានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល និងរត់ចុះមកក្រោមផ្ទះ ។ ចំណែកជនសង្ស័យបានស្លៀកខោជើងវែងវិញ ហើយរត់ចុះតាមក្រោយគេចទៅផ្ទះបាត់ បន្ទាប់មកជនរងគ្រោះបានទៅរាយការណ៍ និងដាក់ពាក្យបណ្តឹងជូននគរបាលប៉ុស្តិ៍ពើកចុះទៅធ្វើការចាប់ខ្លួនជនសង្ស័យនាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ។
ដោយឡែកជនសង្ស័យបានសារភាពប្រាប់នគរបាលថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈក្មួយស្រីសាច់ថ្លៃប្រាកដមែន ព្រោះខ្លួនជាបុរសពោះម៉ាយដែលត្រូវប្រពន្ធមានជម្ងឺក្រិនថ្លើម ឬហៅថា ជម្ងឺទាចទឹកស្លាប់ចោល៣ឆ្នាំកន្លងមកហើយ មិនតែប៉ុណ្ណោះខ្លួនមិនទាន់បានយកប្រពន្ធថ្មីទៀតនៅឡើយ ។ នៅរយៈពេលចុងក្រោយខ្លួនបានលួចស្រឡាញ់ក្មួយស្រីសាច់ថ្លៃរបស់ខ្លួនខាងលើខ្លាំងណាស់ ហើយក្ដីស្រឡាញ់នេះមានរយៈពេល៣ខែកន្លងមកហើយ ប៉ុន្តែមិនហ៊ានសារភាពប្រាប់នាងទេ ហើយក៏មិនហ៊ានចូលស្ដីដណ្ដឹងដែរ ព្រោះត្រូវជាមារ និងក្មួយ តែដោយសារតែស្រឡាញ់ខ្លាំងទ្រាំលែងបានទើបឡើងទៅចាប់រំលោភ ខណៈពេលនាងកំពុងដេក ប៉ុន្តែមិនត្រឹមតែមិនបានសម្រេចប៉ុណ្ណោះទេ ថែមទាំងនាងស្រែកបង្កការភ្ញាក់ផ្អើល និងប្ដឹងឲ្យនគរបាលចាប់ខ្លួនបែបនេះទៀត ៕
ចែករំលែកព័តមាននេះ