ខេត្តបន្ទាយមានជ័យ ៖ ស្របពេលដែលជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើង នៅប្រទេសមួយចំនួនលើពិភពលោក និងតំបន់ផ្សេងផង ដូចជាប្រទេសចិននិងវៀតណាម ក្រសួងពាក់ព័ន្ធនិងអាជ្ញាធរនៃខេត្តជាប់ព្រំដែនខាងកើត បានចេញសារាចរណែនាំនិងទប់ស្កាត់ការនាំចូលជ្រូកដែលគ្មានច្បាប់អនុញ្ញាត និងខ្វះការត្រួតពិនិត្យពីជំនាញឱ្យបានត្រឹមត្រូវ ប៉ុន្តែការនាំចូលជ្រូកនៅព្រំដែនខាងលិច មានការកើនឡើងទ្វេរដង ។
ការនាំចូលជ្រូកពីថៃ តាមច្រកតំបន់ចំនួន២ក្នុងខេត្តបន្ទាយមានជ័យ រួមមានច្រកតំបន់បឹងត្រកួន និងច្រកតំបន់ម៉ាឡៃមាន២ក្រុមហ៊ុន ហើយសម្រាប់ថ្ងៃទី២០ មីនា មានចំនួន៧៧០ក្បាលនេះ បើតាមការឱ្យដឹងពីមន្ត្រីជំនាញការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ។
លោកហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្តប្រាប់តាមទូរស័ព្ទថា ការនាំចូលជ្រូកពីថៃមាន២ក្រុមហ៊ុន គឺក្រុមហ៊ុនចន្ធូមានជ័យ នាំចូលជ្រូកតាមច្រកតំបន់ម៉ាឡៃ និងក្រុមហ៊ុនអង្គរសុខ សារិទ្ធ នាំចូលជ្រូកតាមច្រកតំបន់បឹងត្រកួន ។ លោកថា កន្លងមក ការនាំចូលជ្រូកពីថៃមានចំនួនតិច ទើបតែពេលនេះ ការនាំចូលជ្រូកមានកាកើនឡើងទ្វេរដង ។ លោកថា មន្ត្រីជំនាញរបស់លោកបានពិនិត្យមើលលើសុខភាពសត្វយ៉ាងត្រឹមត្រូវ ម្យ៉ាងក្រុមហ៊ុននាំចូលមានវិញ្ញាបនបត្រ នាំចូលនិងលក្ខខណ្ឌ នាំចូលគ្រប់គ្រាន់ ។
លោកហ៊ុយ ទូច បញ្ជាក់ថា ការនាំចូលជ្រូកពីថៃ សម្រាប់ថ្ងៃទី២០ នេះ មានចំនួនសរុប៧៧០ក្បាល គឺជ្រូករបស់ក្រុមហ៊ុនចន្ធូមានជ័យ នាំចូលតាមច្រកតំបន់ម៉ាឡៃមានចំនួន៣៧០ក្បាល និង៤០០ក្បាល ជារបស់ក្រុមហ៊ុនអង្គរសុខ សារិទ្ធ នាំចូលតាមច្រកតំបន់បឹងត្រកួន ។
យ៉ាងណាក៏ដោយកោះសន្តិភាព មិនអាចទាក់ទងរកការបំភ្លឺពីក្រុមហ៊ុនទាំង២បានឡើយ ព្រោះមិនស្គាល់លេខទូរស័ព្ទ ។ ម្យ៉ាងនៅទីតាំងលើកដាក់ជ្រូកដែលនាំចូលតាមច្រកតំបន់បឹងត្រកួន ពុំមានតំណាងក្រុមហ៊ុនអង្គរសុខសារិទ្ធណាម្នាក់ ចេញមុខបំភ្លឺឡើយ ពោលឃើញមានតែមន្ត្រីជំនាញម្នាក់ នៅត្រួតពិនិត្យតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ