ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ធ្លក​នៅ​បាត​ប្រាសាទភិមានអាកាស សន្និដ្ឋាន​ពាក់ព័ន្ធ​រឿងព្រេង​នគរ​គោក​ធ្លក

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ គម្រោង​ស្រាវជ្រាវ​បុរាណវិទ្យា​«MoDaThom (​ម៉ូ​ដា​ធំ​)» របស់​វិទ្យាស្ថាន​សាលា​បារាំង​ចុង​បូព៌​៌ា EFEO សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បាន និង​កំពុង​ស្រាវជ្រាវ​នៅ​ក្នុង​បរិវេណ​អតីត​ព្រះ​បរមរាជវាំង​អង្គរធំ អស់​រយៈកាល​ជិត​២០​ឆ្នាំ​មក​ហើយ ។…

ខេត្តសៀមរាប​៖ គម្រោង​ស្រាវជ្រាវ​បុរាណវិទ្យា​«MoDaThom (​ម៉ូ​ដា​ធំ​)» របស់​វិទ្យាស្ថាន​សាលា​បារាំង​ចុង​បូព៌​៌ា EFEO សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បាន និង​កំពុង​ស្រាវជ្រាវ​នៅ​ក្នុង​បរិវេណ​អតីត​ព្រះ​បរមរាជវាំង​អង្គរធំ អស់​រយៈកាល​ជិត​២០​ឆ្នាំ​មក​ហើយ ។ នៅ​ឆ្នាំ​២០១៩​នេះ​គម្រោង​កំពុង​បន្ត​ធ្វើ​កំណាយ​បុរាណវិទ្យា​ផ្នែក​ខាងត្បូង ខាងជើង និង​ខាងលិច​ជុំវិញ​ក្បែរ​គ្រឹះ​ប្រាសាទភិមានអាកាស ។ ការងារ​នេះ​នឹង​មាន​ទិន្នន័យ​ថ្មី​បន្ថែម និង​បញ្ជាក់​ទៅ​លើ​ព័ត៌មាន​ដែល​បាន​រក​ឃើញ​កាលពី​ឆ្នាំ មុន​ៗ ។

ការងារ​បុរាណវិទ្យា និង​ការ​វិភាគ​វិទ្យាសាស្ត្រ​ទទួល​បាន​លទ្ធផល​ជា បណ្តើរ​ៗ​ថា ព្រះ​បរមរាជវាំង​បាន​ស្ថាបនា​ជា​១០​ដំណាក់កាល ផ្សេង​ៗ​គ្នា នៅ​ក្នុង​សម័យកាល​៣ ធំ​ៗ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ។ ក្នុង​ចំណោម​សំណល់​បុរាណវត្ថុ​សំខាន់​ៗ​ដែល​ប្រទះ​ឃើញ ក៏​មាន​ភស្តុ​តាង​មួយ​ដែល​អ្នក​ស្រាវជ្រាវ​ភ្ញាក់ផ្អើល​ខ្លាំង​មិន​ដែល​ជួប​ប្រទះ នោះ​គឺ​ឃើញ​ដើម​ធ្លក​កប់​ពីក្រោម​នៃ​ប្រាសាទភិមានអាកាស ។

តើ​ដើម​ធ្លក​ដែល​កប់​នៅ​បាត​ប្រាសាទ មាន​អ្វី​សំខាន់​ទាក់ទង​នឹង​រឿងនិទាន​អំពី​កំណកំណើត​នៃ​ប្រទេស​ខ្មែរ ?

លទ្ធផល​ដែល​អស្ចារ្យ​នោះ គឺ​រឿងព្រេង​នគរ​គោក​ធ្លក​ដែល​លេចឮ​នៅ​សតវត្ស​ទី​១៩ ពិតជា​មានកំណើត​នៅ​អង្គរ ពោល​គឺ​មាន​ទាក់ទង​នឹង​ប្រាសាទភិមានអាកាស ដ្បិត​ដើម​ធ្លក និង​គ្រាប់​ធ្លក​បាន​ប្រទះ​ឃើញ​នៅ​បាត​ប្រាសាទ​នេះឯង​។ លោក Jacques Gaucher (​ហ្សា​ក់ ហ្គូ​សេ​) ប្រធាន​គម្រោង​ស្រាវជ្រាវ MoDaThom (​ម៉ូ​ដា​ធំ​) បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​ជិត​២០​ឆ្នាំ​មកនេះ នាំ​ឱ្យ​ឲ្យ​ដឹង​កាន់តែ​ច្បាស់​ថា ក្នុង​អតីត​ព្រះ​បរមរាជវាំង​នេះ ប្រហែល​មានកំណើត​រៀបចំ​តាំងពី​ស​.​វ​ទី​៩ ហើយ​បន្ត​ប្រើប្រាស់​រហូត​ដល់​ស​.​វ​ទី​១៦​។ លើស​ពី​នេះ​ទៀត តាម​រយៈ​ភស្តុ​តាង​រក​ឃើញ​ក្នុង​រណ្តៅ​កំណាយ គេ​ក៏​អាច​ស្មាន​បាន​ថា អាគារ​វាំង​ដំបូង​ទី​សង់​ពី​ឈើ​ប្រក់​ក្បឿង និង​មានការ​រៀបចំ​ជា​បន្តបន្ទាប់​ពី​អង្គ​ក្សត្រ​មួយ​ទៅ​អង្គ​ក្សត្រ​មួយទៀត ។

ភស្ដុ​តាង​សំខាន់​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ជា​ទិន្នន័យ​បញ្ជាក់​ពី​រឿងព្រេង​ទាក់ទង​នឹង​ព្រះថោង​និង​នាងនាគ គឺ​ការ​រក​ឃើញ​ដើម​ធ្លក និង​គ្រាប់​ធ្លក ដែល​បាន​បញ្ចុះ​នៅ​បាត​ប្រាសាទភិមានអាកាស ។ នេះ​ជា​ទិន្នន័យ​ថ្មី និង​ជា​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​សិក្សា​ពី​ប្រវត្តិ​កំណកំណើត​នៃ​រឿងព្រេង​នគរ​គោក​ធ្លក ដែល​ខ្មែរ​បាន​និទាន​​ត​គ្នា​តាំងពី​.​វ​ទី​១៩​គ​សម​ក ។ ចំពោះ​លោក Jacques Gaucher ភស្ដុ​តាង​នេះ​គឺជា​ទម្ងន់​មួយ​បញ្ជាក់​ថា ប្រវត្តិ​នគរ​គោក​ធ្លក​ប្រហែលជា​មានកំណើត​នៅ​តំបន់​អង្គរ​នេះ​មែន​។

លោក​អ៊ឹម សុខ​រិ​ទ្ធី អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​អប្សរា បាន​រំលឹក​ថា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នៃ​ការ​រក​ឃើញ​ដើម​ធ្លក​នេះ លោក​សាស្ត្រាចារ្យ អាំង ជូ​លាន នរ​វិទូ នៃ​អាជ្ញាធរ​អប្សរា និង​បង្រៀន​នៅ​មហា​វិទ្យា​បុរាណវិទ្យា បាន​សិក្សា​ស្រាវជ្រាវ​ផ្នែក​នរវិទ្យា និង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ឆ្នាំ​នៅ​អង្គរ បាន​ប្រទះ​ឃើញ​ភស្តុ​តាង​ជា​ច្រើន ដែល​ទាក់ទង​នឹង​រឿង​នគរ​គោក​ធ្លក​នេះ​។

លោក​បាន​ផ្សព្វផ្សាយ​ការ​រក​ឃើញ​នោះ​កន្លង​មក​ដែរ ដោយ​ផ្អែក​លើ​ទិន្នន័យ​នរវិទ្យា​និង​ប្រវត្តិសាស្ត្រ​។ បន្តបន្ទាប់​មក​ទៀត លោក Jacque Gaucher បាន​ប្រាស្រ័យ​គ្នា​ជាមួយ​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន ផ្លាស់​ប្តូរ​និង​ពិភាក្សា​គ្នា​អំពី​ទិន្នន័យ​បាន​មក​ពី​ការ​ស្រាវជ្រាវ​នៃ​វិជ្ជា​ទាំង​ពីរ​នេះ ទាក់ទង​នឹង​ដើម​ធ្លក​នៅ​បាត​ប្រាសាទភិមានអាកាស ។ ដូច្នេះ​ភស្តុ​តាង​នៃ​វិជ្ជា​ទាំង​នរវិទ្យា​និង​បុរាណវិទ្យា មាន​ទិន្នន័យ​ដូច​គ្នា ដែល​ជា​មូលដ្ឋាន​ក្នុង​ការ​ពិចារណា​ថា រឿងព្រេង​ព្រះថោង​និង​នាងនាគ ឬ​ក៏​ថា​រឿង​នគរ​គោក​ធ្លក ដែល​ជា​រឿង​កំណើត​នៃ​ពង្ស​ខ្មែរ មានកំណើត​នៅ​អង្គរធំ ។

ក្រៅពី​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ពី​កា​រវិ​វ​ឌ្ឍ​នៃ​ការ​រៀបចំ​ក្នុង​ក្រុង​អង្គរធំ​ផង​ដែរ​។ ដំបូង​ឡើយ ស្ទឹង​សៀមរាប​រត់​នៅ​ខាងលិច​ព្រះ​បរមរាជវាំង បន្ទាប់​មក​ក៏​មានការ​លុប និង​កែសម្រួល​លើក​ទៅ​ខាងកើត​វិញ ។ ក្នុង​នោះ​ដែរ គេ​ក៏​ប្រទះ​ឃើញ​ពី​ទ្រង់ទ្រាយ និង​បច្ចេកទេស​នៃ​ការ​សាងសង់​អគារ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​ដែល​ធ្វើ​ពី​ឈើ មាន​ប្រក់​ក្បឿង ហើយ​ប្រហែលជា​ស្ថាបត្យកម្ម​ដែល​ល្អ​ឯក និង​មាន​បច្ចេកទេស​ខ្ពស់​។

បច្ចុប្បន្ន​នេះ វិទ្យាស្ថាន​បារាំង​ចុង​បូព៌​៌ា​កំពុង​ធ្វើ​កំណាយ​បន្ត​នៅ​ជុំវិញ​ប្រាសាទភិមានអាកាស ព្រមទាំង​កំពែង​វាំង​ជិត​ខ្លោងទ្វារ​ចូល​ខាង​ឥ​សាន​។ កំណាយ​នេះ​ត្រូវ​លោក ហ្សា​ក់ ហ្គូ​សេ ពន្យល់​ថា ធ្វើ​ឡើង​ក្នុង​គោលបំណង សំខាន់​ៗ​រួម​មាន ដើម្បី​ចងក្រង​ព័ត៌មាន និង​ទិន្នន័យ ផ្សេង​ៗ​អំពី​រចនាសម្ព័ន្ធ​ព្រះ​បរមរាជ​វាំង ការ​ទាក់ទង​រវាង​កំពែង និង​ប្រាសាទភិមានអាកាស ការ​រៀបចំ​កសាង​ព្រះ​បរមរាជវាំង​បុរាណ​តាម​ដំណាក់កាល​នីមួយ​ៗ និង​កសាង​រូបភាព 3D សម្រាប់​បង្ហាញ​សាធារណៈ​ទៅ​តាម​កាលសម័យ នីមួយៗ…៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ