ខេត្តស្វាយរៀង ៖ ពិរុទ្ធជនម្នាក់បានស្លាប់ ក្នុងបន្ទប់ទឹកពន្ធនាគារខេត្ត ហើយត្រូវសមត្ថកិច្ចសង្ស័យថាបណ្តាលមកពីកើតខ្យល់.គគាំងបេះដូងស្លាប់ កើតឡើងកាលពីវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី
១៥ មីនា ស្ថិតនុងបន្ទប់ទឹកពន្ធនាគារខេត្ត ។ បើតាមមន្រ្តីពន្ធនាគារបានឱ្យដឹងថា ពិរុទ្ធជនរូបនេះស្លាប់ឈ្មោះហោ មាំ ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ។
នៅមុនពេលកើតហេតុ វេលាម៉ោងជាង២រសៀល ពិរុទ្ធជននេះបានទៅមុចទឹកនៅក្នុងបន្ទប់ទឹកពន្ធនាគារម្នាក់ឯង ក្រោយមកដោយបាត់ខ្លួនមិនឃើញ ចេញពីបន្ទប់ទឹកយូរពេក ក៏ឱ្យឆ្មាំពន្ធនាគារទៅតាម ស្រាប់តែប្រទះឃើញ ដួលស្លាប់នៅក្នុងបន្ទប់ទឹក ក៏រាយការជូនលោកប្រធានពន្ធនាគារ និងរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដឹកនាំក្រុមគ្រូពេទ្យចុះមកពិនិត្យធ្វើកោសល្យវិច្ច័យ ក្រុមគ្រូពេទ្យធ្វើការសន្និដ្ឋានថា ជនសង្ស័យស្លាប់ ដោយសារខ្យល់គគាំងបេះដូងស្លាប់ នៅព្រឹកថ្ងៃទី១៦ មីនា សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
គួររំលឹកថា ជននេះបានជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀង កាលពីថ្ងៃទី៣ មករា ពីបទអំពើឃាតកម្មបានសម្លាប់អ៊ំបង្កើតឱ្យស្លាប់ ដែលបានប្រព្រឹត្តនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨បញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី ។
ចែករំលែកព័តមាននេះ