រាជធានីភ្នំពេញ ៖ លោក មូន ជេអុីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋរយៈពេល៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា គឺពីថ្ងៃទី១៤ ដល់១៦ ខែមីនា ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ មានកិច្ចព្រមព្រៀងមួយចំនួននឹងចុះហត្ថលេខារវាងភាគីទាំងពីរកម្ពុជា-កូរ៉េ ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវប្បធម៌ជាដើម ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកប្រធានាធិបតី បានសរសេរជាភាសាកូរ៉េដែលបកប្រែក្រៅផ្លូវការថា លោកបានចាកចេញពីម៉ាឡេស៊ីមកកាន់កម្ពុជាដោយត្រង់ ។ «ឥឡូវនេះ ខ្ញុំនឹងទៅកម្ពុជា ប្រទេសដែលមានស្នាមញញឹមនៃអង្គរវត្ត» ។ លោកប្រធានាធិបតី បានចាកចេញពីប្រទេសម៉ាឡេស៊ីមកកាន់កម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានមួយចំនួន ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាលោក មូន ជេអុីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក មូនជេអុីន នឹងចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយនិងជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានាធិបតី មូន ជេអុីន និងសម្តេចតេជោនាយករដ្ឋមន្រី្ត ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់និងផលប្រយោជន៍រួម ។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំង២នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្ន។
លោកប្រធានាធិបតី មូន ជេអុីន និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏រំពឹងថា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការ វិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។ដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់លោកប្រធានាធិបតី មូន ជេអុីន គឺជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ ។

លោក Moon Jae-in បានក្លាយជាប្រធានាធិបតីថ្មីទី១២ របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទទួលបានសំឡេងគាំទ្រក្នុងការបោះឆ្នោតតទល់នឹងបេក្ខជនប្រធានាធិបតីពីររូបផ្សេងទៀត ។ ការបោះឆ្នោតត្រូវបានរៀបចំឡើងដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោកស្រី Park Geun-hye ដែលត្រូវបានទម្លាក់ពីតំណែងក្រោមបទ ចោទប្រកាន់ពីបទស៊ីសំណូក និងរឿងអាស្រូវ ។
លោកបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ។ មេដឹកនាំបក្សប្រជាធិបតេយ្យ ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ។សមាជិកសភាជាតិ ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ។ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥៣ (វ័យ៦៤ឆ្នាំ) ។ភរិយា៖ លោកស្រី Kim Jong-suk កូន៖ ពីរនាក់ (ស្រីមា្នក់ ប្រុសម្នាក់) ។កើតក្នុងទីក្រុង Geoje ប្រទេសកូរ៉េខាងត្បូង កុមារ Moon Jae-in ជាកូនប្រុសច្បងម្នាក់ ដោយមានឪពុកឈ្មោះ Yong-hyung និងម្តាយឈ្មោះ Kang Han-ok ព្រមទាំងមានបងប្អូន៥នាក់ ។

ឪពុករបស់លោកជាជនភៀសខ្លួន ពីខេត្ត Hamgye ខាងត្បូង ។បន្ទាប់ពីការផ្លាស់ប្តូរទីលំនៅពីរបីដង ទីបំផុតក្រុមគ្រួសាររបស់លោកបានទៅរស់នៅក្នុងទីក្រុង Busan ហើយកុមារា Moon បានចូលសិក្សានៅសាលា Kyungnam។ ក្រោយមក Moon បានចូលសិក្សានៅសាកលវិទ្យាល័យ Kyunghee ឯកទេសផ្នែកច្បាប់ ។ យុវជនរូបនេះត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីសាកលវិទ្យាល័យ បន្ទាប់ពីលោកប្រមូលផ្តុំនិស្សិតដើម្បីធ្វើបាតុកម្ម ប្រឆាំងច្បាប់ផ្តាច់ការ Yushin ។ ក្រោយមកលោកត្រូវជាប់កំណែន ធ្វើជាយោធា និងត្រូវបានតែងតាំងជាកងកម្លាំងពិសេស ។
បន្ទាប់ពីរួចពីកំណែនលោកបានប្រឡងជាប់ Bar Exam និងត្រូវបានអនុញ្ញាតចូលសិក្សានៅវិទ្យាស្ថានស្រាវជ្រាវ និងហ្វឹកហាត់ផ្នែកចៅ ក្រម ។ ទោះបីបានសិក្សាខ្ពស់លើផ្នែកនេះក្តី តែលោកមិនអាចក្លាយជាចៅក្រម ឬព្រះរាជអាជ្ញាបានឡើយ ដោយសារលោកធ្លាប់មានប្រវត្តិធ្វើជាសកម្មជនប្រឆាំងរបបផ្តាច់ការក្នុងពេលដែលលោកនៅជានិស្សិត ហេតុនេះលោកMoon បានជ្រើសរើសធ្វើជាមេធាវីជំនួសវិញ ។
លោក Moon បានរៀបការជាមួយកញ្ញា Kim Jong-suk ជាតារាចម្រៀងម្នាក់ ដែលធ្លាប់សិក្សានៅសាកលវិទ្យាល័យរួមគ្នា ។ អ្នកទាំងពីរមានកូនពីរនាក់ ស្រីម្នាក់ ប្រុសម្នាក់ ។

ក្នុងឆ្នាំ២០១២ លោកMoon បានឈរឈ្មោះបោះឆ្នោតដណ្តើមអាសនៈក្នុងសភា ក្នុងព្រឹត្តិការណ៍បោះឆ្នោតលើកទី១៩ ។ លោកទទួលបានអាសនៈ ក្នុងសភាតំណាងខេត្ត Busan នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ ក្នុងនាមជាសមាជិកនៃបក្សសម្ព័ន្ធប្រជាធិបតេយ្យ ជាមួយនឹងសំឡេងគាំទ្រ៥៥ភាគរយ ។លោក Moon បានស្បថចូលកាន់តំណែងភ្លាមៗ បន្ទាប់ពីការរាប់សន្លឹកឆ្នោតបញ្ចប់នៅថ្ងៃទី១០ ខែឧសភានេះ ដោយគ្មានដំណាក់កាលអន្តរភាពរវាងការបោះឆ្នោត និងការតែងតាំងឡើយ ។
ការបោះឆ្នោតលើកនេះខុសពីលើកមុន ដោយសារវាត្រូវបានរៀបចំឡើង ភ្លាមៗ បន្ទាប់ពីអតីតប្រធានាធិបតីត្រូវរងការចោទប្រកាន់ និងទម្លាក់ពីតំណែង ។ ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះកាន់អំណាចរយៈពេល៥ឆ្នាំ ដោយនឹងបញ្ចប់អាណត្តិរបស់លោកក្នុងឆ្នាំ២០២២ខាងមុខ ៕
ចែករំលែកព័តមាននេះ