តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នៅមុនពេលប្រកួតគ្នារវាងក្លិបអ្នកមានបុណ្យ Barcelona និង ក្លិបបារាំង Lyon ក្នុងការដណ្តើម UEFA Champions League យប់នេះ កាពីទែនក្លិបបារាំង Nabil Fekir បានសរសើរ Messi ថាជាកីឡាករខ្លាំងផ្តាច់គេ ហើយខាងបារាំងនឹងធ្វើយ៉ាងណាឱ្យយកឈ្នះទាល់តែបាន ។
Fekir បានសរសេរនៅលើវេបសាយផ្លូវការរបស់ Lyon ថា ៖«Barcelona គឺជាក្លិបខ្លាំងមួយក្នុងចំណោមក្លិបឯទៀតនៅអឺរ៉ុប។ ការលេងជាមួយនឹងក្លិបបែបនេះគឺពិតជាសប្បាយណាស់។ វាប្រាកដណាស់ថា អ្នកតាមដានទស្សនានឹងរំពឹងខ្ពស់ចំពោះការប្រកួតមួយនេះ»។
កាពីទែនបានបន្តថា ៖«ពួកយើងនឹងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះលើក្រុមនេះឱ្យទាល់តែបាន បើទោះបីជាយើងដឹងមុនថា វាជាការប្រកួតដ៏ពិបាកក៏ដោយ។ សម្រាប់ខ្ញុំ Messi គឺជាកីឡាករខ្លាំងផ្តាច់គេលើលោក ។ ខ្ញុំធ្លាប់បានប្រកួតជាមួយគេនៅ World Cup ម្តងហើយ។ គេពិតជាខ្លាំងពិតមែនអស់រយៈពេល១០ឆ្នាំកន្លងមកនេះ» ។
ជាចុងក្រោយ Fekir ថា ៖«Messi ឈ្នះពានជាបន្តបន្ទាប់ជូនដល់ក្លិបរបស់គេ។ ពួកយើងនឹងព្យាយាមឱ្យអស់ ដើម្បីអាចបញ្ឈប់គេបាន» ៕
ចែករំលែកព័តមាននេះ