ការឧទ្ទិសបុណ្យកុសលនានាទៅបុគ្គលអ្នកស្លាប់បាន លុះត្រាតែទាយកទាយិកាដែលជាកូនចៅ សាច់សាលោហិតរបស់អ្នកស្លាប់នោះ យកចង្ហាន់ទៅជូនអ្នកមានសីល ឬប្រគេនព្រះសង្ឃឱ្យបានត្រឹមត្រូវ ហើយព្រះសង្ឃលោកសូត្រធម៌បង្សុកូល ឧទ្ទិសកុសលនេះទៅ ទើបប្រេតជាញាតិនោះបានទទួលផលបុណ្យ រួចពីអបាយភូមិ ។
បរិស័ទខ្លះមានចម្ងល់ថា ចង្ហាន់ដែលទទួលទៅនោះ ចុះបើព្រះសង្ឃលោកមិនឆាន់តើបានផលបុណ្យដល់អ្នកស្លាប់ដែរទេ?
រឿងព្រះសង្ឃឆាន់ឬមិនឆាន់មិនមែនជាបញ្ហារបស់ម្ចាស់ទានទេ ។ បើតាមគម្ពីរព្រះពុទ្ធសាសនាបានណែនាំថា ចង្ហាន់ដែលលោកទទួលទៅនោះមិនមែនទាល់តែព្រះសង្ឃលោកឆាន់ទើបបានផលដល់ប្រេតនោះទេ លោកមិនឆាន់ក៏ផលបុណ្យហ្នឹងទៅដល់ប្រេតដែរ សំខាន់គឺព្រះសង្ឃលោកទទួលខណៈពេលប្រគេនត្រឹមត្រូវតាមហត្ថបាស និងការឧទ្ទិសមគ្គផលរបស់ម្ចាស់ទានចំៗឈ្មោះ ឬពោលពាក្យថា ញាតកាទាំង៧សន្តានបែបនេះក៏បាន។
ធ្វើបានតាមការណែនាំតែប៉ុណ្ណឹង ផលនៃទាននេះនឹងទៅដល់អ្នកស្លាប់ហើយ ប៉ុន្តែរឿងទទួល ឬមិនបានទទួលផលនោះជារឿងរបស់ប្រេតទៅតាមទោសធ្ងន់និងស្រាលទៀត ។
បើនិយាយពីទានរបស់សប្បុរសធ្វើចំពោះបុគ្គលអ្នកមានសីល ជនក្រីក្រ ទុរគតជនចាស់ជរា ឬមហាជនដែលកំពុងស្រេកឃ្លានអាហារជាទានមានផលច្រើនមិនចាញ់ព្រះសង្ឃប៉ុន្មានទេ ព្រោះពាក្យថាមហានេះវាធំធេងស្រេចទៅហើយ ។
ចែករំលែកព័តមាននេះ