រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើកបរម៉ូតូមួយគ្រឿងមានឌុបកូនប្រុសស្រីតូចៗចំនួន២នាក់ចេញពីផ្ទះក្នុងគោលបំណងទៅរកទិញចំណីអាហារហូប ហើយបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងផងនោះ ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្តាលអោយឪពុកដែលជាអ្នកបើកបរ និងកូនម្នាក់រងរបួសធ្ងន់ ចំណែកកូនម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ទល់មុខផ្ទះលក់សាច់ពិសេស១៦៨ ផ្លូវបេតុង ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២AO-៦៥៩៨ ជិះដោយប្តី ប្រពន្ធ និងកូនតូចចំនួន៣នាក់ បានធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ។
ប្រភពដដែលបានបន្តថា លុះរថយន្តឡិចស៊ីសបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AM-៤០៩៩ មានដឹកកូនប្រុសស្រីចំនួន២នាក់បានចេញពីផ្ទះក្នុងគោលបំណងទៅរកទិញចំណីអាហារហូប ដោយបានធ្វើដំណើរតាមផ្លូវបេតុងខាងលើក្នុងទិសដៅពីកើតទៅលិច ដោយអ្នកបើកបរម៉ូតូជាឪពុកមានជាតិស្រវឹង ក៏បានរេចង្កូតទៅបុកជាមួយនឹងរថយន្តឡិចស៊ីសចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលរថយន្តហ្វ្រាំងមិនទាន់ ក៏បានអូសម៉ូតូចូលមកគន្លងផ្លូវរបស់ខាងម៉ូតូវិញ ។
ប្រភពដដែលបានបន្តទៀតថា ក្នុងហេតុការណ៍ខាងលើនេះបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសបែកក្បាលហូរឈាម និងកូនម្នាក់ដែលអង្គុយខាងមុខបានរងរបួសដៃខាងឆ្វេងធ្ងន់ធ្ងរ ចំណែកកូនម្នាក់ទៀតបានរងរបួសរលាត់ដៃរលាត់ជើងតិចតួច ហើយភ្លាមៗនោះដែរ ជនរងគ្រោះទាំង៣នាក់ឪពុកកូនត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ចំណែកម៉ូតូរងការខូចខាតវៀចខ្នងខាងមុខ ។
ដោយឡែករថយន្តវិញបានរងការខូចខាតក្រពិតកាងមុខចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះនៅក្នុងរថយន្តនោះទេ ។
ក្រោយពេលកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែង ហើយដោយសាតែអត់មានដំណោះស្រាយ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ៕
ចែករំលែកព័តមាននេះ