ខេត្តរតនគិរី៖ ប្រធានការិយាល័យវប្បធម៌ស្រុកបរកែវម្នាក់ ដោយសារតែមានជីវភាពខ្វះខាតក៏ខំប្រឹងប្រកបរបរក្រៅម៉ោង ដោយទៅចុះក្នុងរណ្តៅជីកយកត្បូង ស្រាប់តែត្រូវមានដីបាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងនោះតែម្តង ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើង កាលពីថ្ងៃទី៣ មីនា វេលាម៉ោងប្រមាណ២រសៀល ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបកែវ ។ ជនរងគ្រោះមានឈ្មោះ ទីង ហ្វែល អាយុ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចទំពួន មានទីលំនៅក្នុងភូមិត្រំ ឃុំឡាមិញ ស្រុកបកែវ ។
ក្រោយកើតហេតុ នគរបាលស្រុកបកែវបានចុះទៅដល់ដើម្បីធ្វើការត្រួតពិនិត្យសព និងរណ្ដៅដីដែលជនរងគ្រោះជីករកត្បូង ។ ជាលទ្ធផលឃើញថា ជនរងគ្រោះបានជីកដីមានជម្រៅជាង១០ម៉ែត្រ ហើយនៅក្បែរនោះក៏មានរណ្តៅជាច្រើននៅជាប់ៗគ្នា ទើបបណ្ដាលឱ្យដីបាក់សង្កត់ស្លាប់តែម្ដង ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជីកត្បូងបាក់ដីសង្កត់លើប្រាកដមែន ហើយសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិដើមភាគតិចទំពួន ។
ទាក់ទិននឹងករណីខាងលើ តាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះបានចុះទៅក្នុងរណ្ដៅដីជីកត្បូងតែម្នាក់ឯង ដែលមានជម្រៅជាង១០ម៉ែត្រ លុះប្រហែលកន្លះម៉ោងក្រោយមក ស្រាប់តែឃើញមានដីបាក់ ទើបមានការភ្ញាក់ផ្អើលនាំគ្នាជីកកាយដីជួយសង្គ្រោះ។ប៉ុន្តែពេលយកជនរងគ្រោះបានហើយ ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ ។
ឯចំពោះមូលហេតុបណ្ដាលឱ្យបាក់រណ្តៅដីនេះ គឺមកពីជនរងគ្រោះមិនព្រមយកកំណាត់ឈើទល់ ។ ក្រុមអ្នកជីកត្បូងលក់បានឲ្យដឹងថា ពួកគាត់ប្រកបមុខរបរខាងលើជាច្រើនឆ្នាំមកហើយ ដែលក្នុងមួយថ្ងៃៗរកលុយបានដោយសារលក់ត្បូង តែមិនទៀងទាត់ទេ ជួនថ្ងៃហេងរកត្បូងលក់បាន១០មុឺនរៀលទៅ៣០មុឺន ហើយត្បូងភាគច្រើនជាត្បូងពណ៌ខៀវ គឺជាប្រភេទត្បូងទន់លក់មិនសូវដាច់ទេ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ