ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំ​រិ​ន ៖ ថ្ងៃ​៨​មីនា ជា​ទិវា​ដែល​ផ្តល់​កិត្តិយស​ចំពោះ​ស្នាដៃ​របស់​ស្ត្រី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា ថ្ងៃ​ទី​៨ មីនា គឺជា​ទិវា ដែល​ផ្តល់​កិត្តិយស​ចំពោះ​ស្នាដៃ​របស់​ស្ត្រី និង​ជា​ថ្ងៃ​ដែល​យើង​ទាំងអស់​គ្នា…

រាជធានី​ភ្នំពេញ ៖ សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា ថ្ងៃ​ទី​៨ មីនា គឺជា​ទិវា ដែល​ផ្តល់​កិត្តិយស​ចំពោះ​ស្នាដៃ​របស់​ស្ត្រី និង​ជា​ថ្ងៃ​ដែល​យើង​ទាំងអស់​គ្នា ជា​ពិសេស​បុរស​ៗ ត្រូវ​តែ​បន្ត​ជំរុញ និង​លើកតម្កើង​នូវ​តម្លៃ​ឋានៈ​តួនាទី ។ ជាមួយ​គ្នា​នោះ​ដែរ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​បាន​កំពុង​កសាង​ច្បាប់ និង​ធ្វើ​សកម្មភាព​នានា ដើម្បី​លើកកម្ពស់់​សមភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​អបអរសាទ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ នាទី​៨ មីនា ឆ្នាំ​២០១៩ លើ​ប្រធានបទ «​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​» នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា នៅ​វិមាន​រដ្ឋសភា​សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា ការ​ជួបជុំ​គ្នា​នៅ​ពេល​នេះ គឺជា​ឱកាស​ដ៏​ល្អ​ប្រសើរ​មួយ និង​ប្រកបដោយ​អត្ថន័យ ដើម្បី​រំលឹក​ឡើង​វិញ​នូវ​ស្នាដៃ​ដ៏​មហិមា​របស់​ស្ត្រី​នានា​លើ​ពិភពលោក​ក្នុង​នោះ​ក៏​មាន​ស្ត្រី​កម្ពុជា​ផង​ដែរ ដែល​បាន​តស៊ូ​លះបង់​នូវ​កម្លាំងកាយ​កម្លាំងចិត្ត​ពេលវេលា​ធនធាន និង​អាយុជីវិត​នៅ​ក្នុង​ការ​ប្រយុទ្ធ​តស៊ូ ដើម្បី​បុព្វហេតុ​ស្ត្រី និង​ដើម្បី​បុព្វហេតុ​របស់​មនុស្សជាតិ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា «​ថ្ងៃ​៨ មីនា គឺជា​ទិវា​ដែល​ផ្តល់​កិត្តិយស​ចំពោះ​ស្នាដៃ​របស់​ស្ត្រី និង​ជា​ថ្ងៃ​ដែល​យើង​ទាំងអស់​គ្នា ជា​ពិសេស​បុរស​ៗ​ត្រូវ​តែ​បន្ត​ជំរុញ និង​លើក តម្កើង​នូវ​តម្លៃ​ឋានៈ​តួនាទី និង​សិទ្ធិ​របស់​ស្ត្រី​កម្ពុជា​យើង​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ និង​ថ្លៃថ្លា​ថែម​ទៀត​» ។ ជាមួយ​ការ​គាំទ្រ​ដល់​ប្រធានបទ​ខាងលើ​ថា មាន​សារៈសំខាន់​ក្នុង​ការ​លើ​កក ម្ព​ស់​ស្ថានភាព​ស្ត្រី​កម្ពុជា ដែល​ជា​ម្តាយ ជា​អ្នកដឹកនាំ​គ្រួសារ និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គម​ឱ្យ​ប្រកបដោយ​គុណសម្បត្តិ​ដ៏​ថ្លៃថ្លា​ជោគជ័យ​គ្រប់​កិច្ចការ ក្នុង​នាម​ជា​ពលរដ្ឋ​ដ៏​ល្អ​នោះ សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ដែល​បាន​ចាប់ផ្តើម​អនុវត្ត​មុនគេ​ចំពោះ​ស្ត្រី​ដែល​ជា​កម្មការិនី​មាន​ផ្ទៃពោះ ។

ជា​ពិសេស​ទៀត​នោះ គឺ​ក្នុង​ពេល​សម្រាលកូន​សា​ម៉ី​ខ្លួន​បាន​ឈប់​សម្រាក​រយៈពេល​៣​ខែ និង​ទទួល​បាន​ប្រាក់ខែ​១២០%​ទៀត​ផង ។ សម្តេច​បាន​គូសបញ្ជាក់​ថា ទាក់ទង​នឹង​វិស័យ​អប់រំ​វិញ រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ស្ត្រី​បាន​បន្ត​ការ​សិក្សា​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​ធនធានមនុស្ស​របស់​យើង​ជា​ស្ត្រីភេទ​កាន់តែ​សំបូរ​បែប​ថែម​ទៀត ។ ជាក់ស្តែង​ក្នុង​ការ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ សិស្ស​ស្រី​បាន​ប្រឡង​ជាប់​៦៩.៣៨% កើន​ជាង​ឆ្នាំ​២០១៧ ។ ឆ្នាំ​២០១៧ ដែល​មាន​សិស្ស​ស្រី​ជាប់​តែ​៦៥.៩២%​។

ដោយឡែក​ចំនួន​និស្សិត​ស្រី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិញ​ក៏​មាន​ចំនួន​កើនឡើង​ដែរ ។ ឆ្នាំ​២០១៧​មាន​ចំនួន​៤៦,៦៧% ចំណែក​នៅ​ឆ្នាំ​២០១៨​មាន​ចំនួន​៤៩,២៤% ។ សម្តេច​ប្រធានរដ្ឋសភា​មាន​ប្រសាសន៍​ថា កន្លង​មក​រដ្ឋសភា​បាន​អនុម័ត​ថវិកាជាតិ​សម្រាប់​ក្រសួង​អប់រំ​ឆ្នាំ​២០១៩ មាន​កំណើន​៩% ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៨ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ថវិកា​ទាំងនោះ​ថវិកា​មួយ​ចំនួន​ត្រូវ​យក​មក​កសាង​អាគារ​ស្នាក់​នៅ​របស់​សិស្ស​ដែល​មាន​សម្រាប់​សិស្ស​និស្សិត​ស្រី និង​គ្រូបង្រៀន​នៅ​តាម​សាលារៀន​ទូ​ទាំង​ប្រទេស ដើម្បី​លើកទឹកចិត្ត​ឲ្យ​សិស្ស​ស្រី​មានឱកាស​បាន​បន្ត​ការ​សិក្សា​ឱ្យ​បាន​ច្រើន ។ រដ្ឋសភា​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​របស់​ស្ត្រី​តាម​រយៈ​ការងារ​នីតិកម្ម​ដែល​ជា​ការងារ​ស្នូល​របស់​ស្ថាប័ន ដើម្បី​បង្កើត​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​នានា​សំដៅ​ការពារ និង​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី និង​ក្មេង​ស្រី​ក្នុង​គ្រប់​វិស័យ ។

លោកស្រី​វ អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​បាន​លើក​ឡើង​ថា ក្រសួង​កិច្ចការ​នារី​បាន​ជ្រើសរើស​ប្រធានបទ​សម្រាប់​អបអរ​ទិវា​អន្តរជាតិ​នារី​នៅ​ឆ្នាំ​នេះ «​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​» គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្រប​ជាមួយនឹង​វឌ្ឍនភាព និង​កាលានុវត្តភាព​ថ្មី​ៗ​នា​ពេល​បច្ចុប្បន្ន​របស់​កម្ពុជា ។ លោកស្រី​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ថា ប្រធានបទ​ខាងលើ​ក៏​ស៊ីចង្វាក់​ជាមួយនឹង​ប្រធានបទ​អាទិភាព​របស់​សន្និបាត​នៃ​គណៈកម្មការ​លើកកម្ពស់​ស្ថានភាព​ស្ត្រី​លើក​ទី​៦៣ ឆ្នាំ​២០១៩ នៃ​អង្គការសហប្រជាជាតិ​ស្តី​ពី «​ប្រព័ន្ធ​គាំពារ​សង្គម​ការ​ទទួល​បាន​សេវា​សា​ធារ ណៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី​» ។

នៅ​ក្នុង​ឱកាស​នោះ​លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នានា​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​កម្ពុជា​ដែល​មាន​ដូច​ជា ស្ត្រី​បាន​ទទួល​បាន​តួនាទី​កាន់តែ​ច្រើន នៅ​ក្នុង​ឋានៈ​ជា​អ្នក​សម្រេចចិត្ត​នៅ​លើ​វិស័យ​សាធារណៈ និង​នយោបាយ​នៅ​ក្នុង​នោះ​មាន​ចន្លោះ​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៧ ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ​កើន​ឡើងជា​លំដាប់​ពី​៣៤%​ទៅ​៤១% ។ រាជរដ្ឋាភិបាល​បាន​តែងតាំង​ស្ត្រី​ជា​អភិបាលរង​ខេត្ត​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​២៦​រូប អភិបាលក្រុង ស្រុក ខណ្ឌ ជា​ស្ត្រី​៦​រូប ស្ត្រី​ជា​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ​១៨៦​រូប ។ ក្នុង​ឆ្នាំ​២០១៨ ស្ត្រី​ជា​ឯកអគ្គរាជទូត​មាន​ចំនួន​០៤​រូប និង​មន្ត្រី​ការទូត​ជា​ស្ត្រី​ដែល​កំពុង​ប្រចាំការ​នៅ​បរទេស​មាន​ចំនួន​៤៩​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ