ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខែកុម្ភៈ CDC​ចេញ វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន វិនិយោគ​មាន​តម្លៃ​ជាង 700​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ពេញ​មួយ​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​ចុះបញ្ជី​ក្រុមហ៊ុន​វិនិយោគ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ជាង ៧៥៧​លាន​ដុល្លារ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​រាប់​ម៉ឺន​នាក់​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ពេញ​មួយ​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​ចុះបញ្ជី​ក្រុមហ៊ុន​វិនិយោគ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ជាង ៧៥៧​លាន​ដុល្លារ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​រាប់​ម៉ឺន​នាក់​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។ យោង​តាម​របាយការណ៍​ដដែល​ឃើញ​ថា គម្រោង​វិនិយោគ​Temi ជា​គម្រោង​ដែល​មាន​ទឹកប្រាក់​ច្រើន​ជាងគេ ក្នុង​ចំណោម​គម្រោង​ដែល​ស្នើ​សុំ​ចុះបញ្ជី ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ជាង​៥០០​លាន​ដុល្លារ និង​ជា​គម្រោង​សាងសង់​តំបន់​លំហែកាយ​នៅ​ក្នុង​ខេត្តកោះកុង ប៉ែក​និរតី​នៃ​ប្រទេស​។ គម្រោង​នេះ ក៏​បាន​ធ្វើ​ប្លង់​មេ​រួចរាល់​ហើយ​ដែរ​ពី​សំណាក់​ម្ចាស់​អភិវឌ្ឍន៍ គម្រោង ដោយ​ផ្ដោត​លើ​ការ​សាងសង់​វីឡា​លំហែកាយ​នៅ​ជាប់មាត់​ឆ្នេរ​នៃ​ខេត្តកោះកុង និង​ជា​តំបន់​ទេសចរណ៍​សំខាន់ ព្រមទាំង​មានការ​ជំរុញ​លើកទឹកចិត្ត​ពី​ណា​ក់ស​ម្ដេច​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​វិនិយោគ​នៅ​តំបន់​នោះ​ផង​ដែរ ។

ក្រៅពី​គម្រោង Temi ក៏​មាន​គម្រោង​មួយទៀត​មាន​ទំហំ​ទឹកប្រាក់​ជិត​១០០​លាន​ដុល្លារ​ដែរ គឺ​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​ផ្កាយ​ប្រាំ នៅ​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ដែល​ប៉ាន់​ប្រមាណ​ថា នឹង​ផ្ដល់​ការងារ​ពលរដ្ឋ​ក្នុងស្រុក​ប្រមាណ​ជាង ២.៥០០​នាក់ ។ ដោយឡែក​សម្រាប់​គម្រោង​ធំ​ទី​៣​នៅ​ក្នុង​ខែកុម្ភៈ​នោះ គឺ​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​កាត់ដេរ នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទឹកប្រាក់​វិនិយោគ​ជាង​៣៣​លាន​ដុល្លារ និង​ផ្ដល់​ការងារ​ជាង​២.០០០​កន្លែង​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​។ ក្រៅពី​នោះ ភាគច្រើន​ជា​គម្រោង​រោងចក្រ​ឧស្សាហកម្ម​ផលិត​របស់​ប្រើប្រាស់ គ្រឿង​អេ​ឡិច​ត្រូ​និក កែវ ចាន និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ និង​មាន​ទឹកប្រាក់​វិនិយោគ​ក្នុង​មួយ​គម្រោង​ក្រោម​១០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ការ​បណ្ដាក់ទុន​វិនិយោគ​ជា​ហូរហែ​ពី​សំណាក់​វិនិយោគិន ក្នុង​និង​ក្រៅប្រទេស​នេះ គឺជា​ការ​បង្ហាញ​ពី​សក្ដានុពល​វិនិយោគ​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋាភិបាល​ដែល​តែងតែ​អំពាវនាវ​ឲ្យ​មានការ​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ផលិត និង​បម្រើ​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក​និង​ទីផ្សារ​អន្តរជាតិ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​កន្លង​មក​ថា កម្ពុជា​ស្វាគមន៍​គ្រប់​បណ្ដា​វិនិយោគិន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​ការ​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ៗ​ដែល​មាន​អាទិភាព និង​ជំនាញ​របស់​វិនិយោគិន​។ សេដ្ឋវិទូ​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​កន្លង​មក​ថា កម្ពុជា​ត្រូវ​ខិតខំ​បន្ថែម​ទៀត និង​ត្រូវ​កែទម្រង់​មួយ​ចំនួន បើសិនជា​ចង់​រក្សា​កំណើនសេដ្ឋកិច្ច​ឲ្យ​នៅ​ថេរ​ដូច​បច្ចុប្បន្ន ហើយ​កម្ពុជា​ក៏​ត្រូវ​តែ​ខំ​ឲ្យ​ខ្លាំង​ជាង​បច្ចុប្បន្ន​ទៀត បើសិនជា​ចង់​សម្រេច​បាន​ផែនការ ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។
លោក​បណ្ឌិត ម៉ី កល្យាណ សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ឧត្តម​ទីប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ហាក់​បាន​បង្ហាញ​ពី​ការ​ខិតខំ​គៀងគរ​វិនិយោគិន​បរទេស​មក​បណ្ដាក់ទុន​ក្នុងស្រុក ។ ជាក់ស្ដែង កម្ពុជា​បាន​ជួយ​សម្រួលការ​ចំណាយ​នានា​របស់​វិនិយោគ​ទាំង​ដំណើរការ​បង្កើត​ក្រុមហ៊ុន និង​សម្រួល​ដល់​ការ​កាត់​បន្ថយ ការ​ដឹក​ជញ្ជូន​ផលិតផល​ចេញចូល​ផង​ដែរ ។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក​សោម អូន បាន​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ កម្មការិនី​មក ឃើញ​ថា​ទំនាស់​ផលប្រយោជន៍ ដែល​នាំ​ឲ្យ​មាន​បាតុកម្ម កូដកម្ម​ជាដើម​បាន​កាត់​បន្ថយ​ជា​បន្តបន្ទាប់ និង​បាន​ធ្វើ​ឲ្យ​ផលិតភាព ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព ។ បច្ចុប្បន្ន​នេះ កម្មក កម្មការិនី​ប្រមាណ​ជិត​១​លាន​នាក់​បាន​និង​កំពុង​បំពេញការងារ​នៅ​តាម​រោងចក្រ​ឧស្សាហកម្ម​នានា ជា​ពិសេស​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​វាយនភ័ណ្ឌ ក្នុង​នោះ​ក្នុង​មួយ​ខែ​គ្រាន់តែ​ការ​ចំណាយ​ទៅ​លើ​ប្រាក់ខែ​កម្មករ កម្មការិនី​ប្រមាណ​២០០​លាន​ដុល្លារ​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ