ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា រថយន្តមួយគ្រឿងរេចង្កូតជ្រុលទៅបុកដើមឈើតាមចិញ្ចើមផ្លូវ បង្កជាអគ្គិភ័យឆាបឆេះរថយន្តខ្ទេចអស់ទាំងស្រុង ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៦យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្តោយជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៤៩-១៥០ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តមួយគ្រឿងខាងលើម៉ាកហាយឡែនឌ័រ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតបុកដើមឈើបង្កជាអគ្គិភ័យ បណ្តាលអោយឆាបឆេះរថយន្តខ្ទេចអស់ទាំងស្រុង។

ក្នុងហេតុការណ៍ខាងលើនោះដែរ សមត្ថកិច្ចបានអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ផងដែរ ហើយក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ រីឯរថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីស្រាវជ្រាវរកម្ចាស់
ឱ្យចូលខ្លួនមកដោះស្រាយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ