រាជធានីភ្នំពេញ៖ អតីតអ្នកចម្រៀងមានឈ្មោះល្បីជំនាន់លោកប៊ុន ចាន់ថន គឺអ្នកនាងមាស សុម៉ាលី បានមកលេងស្រុកកំណើតរយៈពេល៣សប្តាហ៍ ដោយបច្ចុប្បន្នអ្នកស្រីរស់នៅអាមេរិក ។ វត្តមាននៅលើទឹកដីកំណើតនេះអ្នកស្រីមាស សុម៉ាលី បានចូលរួមច្រៀងតាមកម្មវិធីទូរទស្សន៍មួយចំនួនធ្វើឲ្យមហាជននឹកឃើញឡើងវិញដល់អ្នកនាង ពិសេសបទចម្រៀង«ប្រុសល្អភ្លេចខ្ញុំ»ដ៏ពីរោះ ។
នេះជាបទចម្រៀងដ៏ល្បីរបស់អ្នកនាងសុម៉ាលី ក្នុងអំឡុងពេលរស់នៅស្រុកខ្មែរ ។ ការបង្ហាញវត្តមានជាថ្មីរបស់តារាចម្រៀងរូបនេះបានធ្វើឡើងដូចទៅនឹងអ្វីដែលអ្នកស្រីធ្លាប់បានលើកឡើងនាពេលកន្លងទៅថា អ្នកស្រីនឹងលេចមុខឡើងច្រៀងក្នុងមួយឆ្នាំម្ដង គ្រប់ពេលមកទិញទំនិញពីកម្ពុជាទៅផ្គត់ផ្គង់ ក្នុងហាងនៅសហរដ្ឋអាមេរិក ។ អ្នកចម្រៀងមាស សុម៉ាលី បានលាចេញពីស្រុកកំណើតទៅផ្ញើប្រាណនៅទឹកដីសហរដ្ឋអាមេរិក នៅឆ្នាំ១៩៩៤ ។
នាពេល ថ្មីៗកន្លងមកអ្នកនាងមាស សុម៉ាលី ថ្លែងប្រាប់កោះសន្តិភាពថា «ខ្ញុំមិនទាន់បោះចោលសិល្បៈទេ គឺនៅតែប្រឡូកដដែល តែមិនមែនក្នុងន័យចង់រក្សាភាពល្បីល្បាញដូចអតីតកាលទៀតទេ ពោលគឺតាមការចង់បាន និងអញ្ជើញពីជនរួមជាតិខ្មែរដែលរស់នៅអាមេរិកតែប៉ុណ្ណោះ ។ នៅអាមេរិកអ្នកស្រីបានដើរច្រៀងតាមរដ្ឋ ផ្សេងៗដែលមានខ្មែរយើងរស់នៅតាមការស្នើសុំ ខណៈពេលខ្លះអ្នកស្រីក៏បានឆ្លងទៅច្រៀងដល់ប្រទេសកាណាដាផងដែរ »។
មកស្រុកខ្មែរនាពេលនេះអ្នកនាងមាស សុម៉ាលី ថាគឺធ្វើឡើងជាធម្មតា ព្រោះអ្នកស្រីត្រូវទិញក្រណាត់ប៉ាក់ ថ្មីៗ និងសម្លៀកបំពាក់ផ្គត់ផ្គង់ហាង ។ យ៉ាងហោចម្ដងក្នុងមួយឆ្នាំអ្នកនាងមកទិញអីវ៉ាន់ពីស្រុកខ្មែរដើម្បីឲ្យអាជីវកម្មទាន់សម័យ ដោយសារតែអ្នកស្រីបានបើកហាងអ៊ុតសក់ និងសម្អាងការធំបោះទុនអស់ប្រមាណជាងដប់ម៉ឺនដុល្លារ នៅសហរដ្ឋអាមេរិក ។
អ្នកនាងមាស សុម៉ាលី ឲ្យដឹងថា នៅអាមេរិក មិនមែនតែខ្មែរទេដែលចង់ការបែបប្រពៃណីខ្មែរយើង គឺសូម្បីតែជនជាតិអាមេរិកខ្លះ ដែលយកប្រពន្ធខ្មែរ ឬប្ដីខ្មែរ ក៏និយមរៀបការរបៀបខ្មែរដែរ ដូច្នេះហើយទើបអ្នកនាងមានអ្នកទាក់ទងជួលផ្នួងច្រើន តាំងពីមិនទាន់បើកពេញលេញ ។
ស្ថិតក្នុងវ័យជាង៥០ឆ្នាំ អ្នកនាងមាស សុម៉ាលី មិនទាន់ជំពាក់ជំពិនផ្លូវចិត្តនឹងបុរសណាម្នាក់ឡើយ បន្ទាប់ពីបែកបាក់ស្វាមីលើកទីពីរ ។ អ្នកនាងមានកូនតែពីរនាក់ប៉ុណ្ណោះពីស្រុកខ្មែរយើង គឺកូនប្រុសច្បងអាយុជាង៣០ឆ្នាំធ្វើជាទាហាននៅអាមេរិក និងកូនស្រីពៅ គឺជាជាងអ៊ុតសក់ និងតែងការប្រចាំហាងរបស់អ្នកស្រី ។
បើតាមអ្នកនាងមាស សុម៉ាលី សិល្បៈគឺអ្នកស្រីនៅតែស្រឡាញ់ដោយមិនបោះបង់ចោលឡើយ ទោះជាអាយុកាន់តែច្រើន និងឃ្លាតឆ្ងាយពីមាតុប្រទេសក៏ដោយ ។ អ្នកនាងមាស សុម៉ាលី ម្ចាស់បទដ៏ល្បីកាលពីច្រើនឆ្នាំមុនគឺបទ«ភ្លេចពាក្យសម្បថ»និងបទ«ប្រុសល្អភ្លេចខ្ញុំ» ។ បច្ចុប្បន្នអ្នកនាងមាស សុម៉ាលី រស់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ៊្វ័រនីញ៉ា សហរដ្ឋអាមេរិក ។ រយៈកាលទៅរស់ក្នុងទឹកដីអាមេរិក មហាជននៅក្នុងប្រទេសកម្ពុជាដែលធ្លាប់ស្តាប់បទចម្រៀងរបស់អ្នកនាងមាស សុម៉ាលី តែងតែនឹងរលឹកដល់តារាចម្រៀងរូបនេះជានិច្ច ។
ជាកូនកំព្រាអ្នកនាងមាស សុម៉ាលី បានចាប់ប្រឡូកក្នុងវិស័យសិល្បៈដំបូងដោយជាអ្នកចម្រៀងល្បីឈ្មោះមួយរូបប្រចាំខេត្តកំពត មុនពេលអ្នកស្រីបានមករស់នៅទីក្រុងភ្នំពេញ។ ជីវិតនៅភ្នំពេញអ្នកនាងមាស សុម៉ាលី ច្រៀងនៅតាមរង្គសាលមួយចំនួនដូចជារង្គសាលទន្លេសាប និងផ្កាឈូកទិព្វជាដើម ។
ក្រោយមកជីវិតជាបានអណ្តែតឡើងក្លាយជាអ្នកចម្រៀងល្បី ហើយបទចម្រៀងអ្នកនាងសុម៉ាលី តែងតែចាក់ផ្សាយបម្រើអារម្មណ៍ប្រិយមិតអ្នកស្តាប់តាមវិទ្យុជាតិ ៕
ចែករំលែកព័តមាននេះ