ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​-​ដើម​ប៉ះ​គ្នា​កក្រើក​ផ្អើល​ពេញ​ផ្លូវ​…​ឯ​រូប​ប្រុស​ពៅ ដាក់​មេ​ប្រូច​បាត់ (មានវីដេអូ)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​ប្រពន្ធចុង បាន​តាម​មក​រករឿង​ជេរ​បញ្ចោរ និង​ស្ទុះ​ចូល​ទៅ​រក​វាយ​ស្ត្រី​ជា​ប្រពន្ធដើម​ដល់​ក្នុងផ្ទះ ធ្វើ​អោយ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​នៅ​ជុំវិញ​នោះ​នាំ​គ្នា​ចោមរោម​មើល​ព្រោងព្រាត ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ​កុម្ភៈ ឆ្នាំ​នៅ​ចំណុច​ផ្ទះ​លក់​បាយ និង​គុយទាវ​មួយ​កន្លែង…

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​ប្រពន្ធចុង បាន​តាម​មក​រករឿង​ជេរ​បញ្ចោរ និង​ស្ទុះ​ចូល​ទៅ​រក​វាយ​ស្ត្រី​ជា​ប្រពន្ធដើម​ដល់​ក្នុងផ្ទះ ធ្វើ​អោយ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​នៅ​ជុំវិញ​នោះ​នាំ​គ្នា​ចោមរោម​មើល​ព្រោងព្រាត ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ​កុម្ភៈ ឆ្នាំ​នៅ​ចំណុច​ផ្ទះ​លក់​បាយ និង​គុយទាវ​មួយ​កន្លែង ក្នុងភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៍​ ខេត្តព្រៃវែង ។​

តាមប្រភពពី​​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ ស្ត្រី​ជា​ប្រពន្ធចុង​ដែល​តាម​ទៅ​រករឿង​ប្រពន្ធដើម​ដល់​ផ្ទះ​នោះ​មានឈ្មោះ នៅ សុ​លី​ណា អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សឹ​ង្ហ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ រីឯ​ស្ត្រី​ជា​ប្រពន្ធដើម​ឈ្មោះ នួ​យ អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​បាយ​ និង​គុយទាវ និង​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​​ខាងលើ​ ។ ចំណែក​បុរស​ជា​ប្តី​​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ លី បច្ចុប្បន្ន​រស់នៅ​ជាមួយ​ប្រពន្ធចុង​នៅ​ឯ​រាជធានី​ភ្នំពេញ​។

បើ​តាម​ការ​រៀបរាប់​ពី​អ្នក​ជិតខាង​ផ្ទះ​កើតហេតុ និង​បានដឹង​រឿងរ៉ាវ​នេះ​ច្បាស់​បាន​​រៀបរាប់​ឱ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ នួ​យ បាន​រៀប​ការ ​និង​មក​រស់នៅ​ជាមួយ​ប្តី​នៅផ្ទះ​ឪពុក​ម្តាយ​ខាង​ប្តី គឺ​ផ្ទះ​កើតហេតុ​ខាងលើ​ច្រើន​ឆ្នាំ​មក​ហើយ រហូត​បានកូន​ប្រុស​ម្នាក់​អាយុ​៧​ឆ្នាំ​ផង​ដែរ​ ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​នេះ បុរស​ជា​ប្តី​ឈ្មោះ លី បាន​ចេញ​ទៅ​រកស៊ី​នៅ​ភ្នំពេញ​ យូរ​ៗ​ទើប​មក​ផ្ទះ​ម្តង អស់​រយៈពេល​៤​ទៅ​៥​ឆ្នាំ ស្រាប់តែ​ឮថា​មាន​ប្រពន្ធចុង​នៅ​ភ្នំពេញ តែ​ស្ត្រី​ជា​ប្រពន្ធដើម មិន​បាន​ខឹង​ប្តី​ឡើយ ហើយ​ក៏​មិន​បាន​តាម​ទៅ​រករឿង​អ្វី​ដែរ គឺ​គិតតែ​ខំ​លក់​បាយ​គុយទាវ​រក​ប្រាក់​ចិញ្ចឹម​កូន និង​មើលថែ​ឪពុក​ម្តាយ​របស់​ប្តី ក្នុង​នាម​ជា​កូនប្រសាតែ​​ប៉ុណ្ណោះ​។

ដោយឡែក​ប្រភព​ពី​សាច់ញាតិ​ក្រុម​គ្រួសារ​កើតហេតុ​​បានអោយ​ដឹង​ថា បងប្អូន​សាច់ញាតិ​ក្នុង​ក្រុម​គ្រួសារ​នេះ​កំពុង​តែ​មានទុក្ខ ដោយសារ​តែ​បុរស​ម្នាក់​ដែល​ត្រូវជា​ឪពុកមា មាន​ផ្ទះ​នៅ​ស្ទឹង​ខៀវ ( ផ្សារ​ក្រោម ) បាន​ទទួលមរណៈភាព​ដោយសារ​ជំងឺ​ ហើយ​បងប្អូន​សាច់ញាតិ​ទាំងអស់​នៅ​ទី​ជិត​ឆ្ងាយ​បាន​មក​ចូលរួម​បុណ្យសព​ និង​កាន់ទុក្ខ​គ្រប់​គ្នា​។

ប្រភពដដែល​បាន​បន្ត​ថា លុះ​​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​កុម្ភៈ​នេះ សាច់ញាតិ​ទាំងអស់​ក៏​បាន​នាំ​គ្នា​ដង្ហែ​សព​យក​ទៅ​បញ្ចុះ​នៅ​ក្នុង​បរិវេណ​វត្ត​ទួល​សមាធិ ហើយ​បុរស​ឈ្មោះ លី និង​ប្រពន្ធ​ឈ្មោះ នួ​យ ក៏​បាន​ទៅ​ចូលរួម​ដង្ហែ​សព​ដែរ ដោយ​ជិះឡាន​ជាមួយ​គ្នា ប៉ុន្តែ​ពេល​ហែរ​សព​ទៅ​ជិត​ដល់​វត្ត​ទៅ​ហើយ​នោះ ស្រាប់តែ​លេចមុខ​ស្ត្រី​ឈ្មោះ នៅ សុ​លី​ណា ជា​ប្រពន្ធចុង​ បាន​ចេញ​មក​កាក់​រថយន្ត​ប្តី​ប្រពន្ធ​នេះ​នៅ​ក្នុង​ក្បួន​ដង្ហែ​សព ហើយ​ស្ត្រី​ជា​ប្រពន្ធចុង​បាន​ស្ទុះ​ចូល​ទៅ​ជេរ​បញ្ចោរ និង​វាយ​ស្ត្រី​ជា​ប្រពន្ធដើម ធ្វើ​អោយ​មានការ​ប្រវា​យប្រតប់​គ្នា​ឡើង ។

ភ្លាម​ៗនោះ​បងប្អូន​សាច់ញាតិ​ដែល​ដង្ហែ​សព​ជាមួយ​គ្នា​បាន​នាំ​គ្នា​ចាប់​ឃាត់​បំបែក​អ្នក​ទាំង​២​ចេញពី​គ្នា ហើយ​បុរស​ជា​ប្តី​ឈ្មោះ លី ក៏​បាន​ដេញ​ប្រពន្ធចុង​អោយ​ត្រឡប់​ទៅ​វិញ ចំណែក​រូបគេ​និង​ប្រពន្ធ​ ព្រមទាំង​សាច់ញាតិ​ក៏​បន្ត​ហែរ​សព​យក​ទៅ​បញ្ចុះ​រហូត​រួចរាល់​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង ក្រោយ​ពី​ទៅ​កាក់​ស្ទាក់​អុកឡុក​​ក្នុង​ក្បួន​ដង្ហែ​សព​រួច​ហើយ ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ូ​ស្ត​ិ៍​រដ្ឋបាល​ឃុំ​អ្នក​លឿង ដោយ​ប្តឹង​មនុស្ស​ចំនួន​៣​នាក់ គឺ​ស្ត្រី​ជា​ប្រពន្ធដើម​ឈ្មោះ នួ​យ បុរស​ជា​បងថ្លៃ​ឈ្មោះ លាំង និង​ស្ត្រី​ជា​បងថ្លៃ​ឈ្មោះ ឃី​ម ដោយ​ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ព្រួត​គ្នា​វាយ​នាង​អោយ​ដាច់​រលាត់​ផ្ទៃមុខ​។

ប៉ុន្តែ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ គឺ​ពេល​ដែល​ប្តី​ប្រពន្ធ​នេះ​ត្រឡប់​ទៅ​ដល់​ផ្ទះ​បាន​មួយសន្ទុះ ស្រាប់តែ​ឃើញ​ស្ត្រី​ជា​ប្រពន្ធចុង​តាម​ទៅ​ដល់​ដែរ ហើយ​ក៏​បាន​ឡូឡា​ស្រែក​ជេរ​បញ្ចោរ​ផ្អើល​ពេញ​ភូមិ ចំណែក​បុរស​ជា​ប្តី​ព្យាយាម​ហាមឃាត់​ដែរ តែ​មិន​ឈ្នះ ក៏​គេចខ្លួន​ចេញ​ទៅ​បាត់ បន្សល់​ទុក​ស្ត្រី​ជា​ប្រពន្ធចុង​នៅ​ស្រែក​ជេរ​ប្រពន្ធដើម និង​ស្ទុះ​ចូល​ទៅ​រក​វាយ​ប្រពន្ធដើម​ដែល​សំងំ​នៅ​ក្នុងផ្ទះ​នោះ​ទៀតផង​ ប៉ុន្តែ​ត្រូវ​បាន​បងប្អូន​និង​សាច់ញាតិ​ខាង​ប្តី​រារាំង ហើយ​មួយសន្ទុះ​ក្រោយមក លោក​មេ​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ក៏​បាន​មក​ដល់​ជួយ​អន្តរា​គមន៍​ និង​នាំ​នាង​ជា​ប្រពន្ធចុង​ទៅ​ប៉ុស្តិ៍រំងាប់​អារ​ម្ម​ណ៍​ រួច​ក៏​អោយ​ត្រឡប់​ទៅ​វិញ​ដោយ​ពុំ​បាន​ចាប់ទោស​អូស​ដំណើរ​អ្វី​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ពេល​នោះ​ដែរ ​លោក​មេ​ប៉ុស្តិ៍ហៅ​ទៅ​រំងាប់​អារ​ម្ម​ណ៍នៅ​ប៉ុស្តិ៍​នោះ ស្ត្រី​ជា​ប្រពន្ធចុង​បាន​រៀបរាប់​ថា នាង​និង​ប្តី​ឈ្មោះ លី នេះ​បាន​ស្រលាញ់​គ្នា និង​រួមរស់​ជាមួយ​គ្នា​រយៈពេល​៧​ឆ្នាំ​មក​ហើយ ដោយ​ក្នុងអំឡុងពេល​នេះ​បងប្អូន​និង​ម្តាយ​របស់​ឈ្មោះ លី ក៏​បានដឹង​រឿង​នេះ​ដែរ ហើយ​​នាង​បាន​ចំណាយ​លុយ​ច្រើន​ណាស់​មក​លើ​ប្តី​ និង​ម្តាយ​របស់​ប្តី​។

ស្ត្រី​ជា​ប្រពន្ធ​ចុង​​បាន​បន្ត​ថា ពេល​ស្រលាញ់​គ្នា​ដំបូង ​បុរស​ជា​ប្តី​បាន​ប្រាប់​នាង​ថា ខ្លួន​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ឈ្មោះ នួ​យ រួច​ហើយ ​ទើប​នាង​ព្រម​រួមរស់​ជាមួយ ស្រាប់តែ​ពេល​នេះ​បែរជា​មក​ឃើញ​ជិះឡាន​ជាមួយ​គ្នា ហើយ​ឡាន​នោះ​ជា​ឡានរ​បស់បង​នាង​នៅ​ឯ​ភ្នំពេញ ដែល​នាង​ខ្ចី​ជិះ​មក​ជាមួយ​ប្តី​ទៀត ទើប​នាង​ខឹង​ហើយ​តាម​ទៅ​ដេញដោល​សួរនាំ​អោយ​ដឹង​ច្បាស់​ថា​ឈ្មោះ នួ​យ ត្រូវជា​យ៉ាងម៉េច ហើយ​​នាង​ត្រូវជា​យ៉ាងម៉េច​អោយ​ពិតប្រាកដ ប៉ុន្តែ​ពេល​ចូល​ទៅ​សួរនាំ​ក៏​ត្រូវ​ឈ្មោះ នួ​យ និង​បងប្អូន​បក្សពួក​ព្រួត​គ្នា​វាយ​នាង​តែ​ម្តង ទើប​ផ្ទុះ​កើតជា​រឿង​ឡើង ហើយ​ដែល​នាង​តាម​ទៅ​ដល់​ផ្ទះ​នោះ គឺ​មិនមែន​តាម​ទៅ​រករឿង​ទេ គឺ​តាម​ទៅ​រក​ប្តី​ហើយ​ទារ​យក​ឡាន​មក​វិញ ព្រោះ​ឡាន​នោះ​ជា​ឡាន​នាង​ខ្ចី​បង​មក​ជិះ​ទេ​។

បើ​ទោះជា​បែប​នេះ​ក្តី នៅ​ពេល​កើតហេតុ​នោះ អ្នកស្រុក​អ្នក​ភូមិ​ដែល​បាន​ទៅ​ចោមរោម​មើល​នោះ បាន​នាំ​គ្នា​ស្តីបន្ទោស​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធចុង ដោយ​ចោទ​ថា យកប្តី​គេ​ហើយ​គេ​មិន​រករឿង​ផង នៅ​ហ៊ាន​មក​តាម​រករឿង​គេ​ដល់​ផ្ទះ​ទៀត ។ ជា​ពិសេស​សូ​ម្បី​តែ​គេ​កំពុង​ដង្ហែ​សព​យក​ទៅ​បញ្ចុះ​ក៏​មិន​លើកលែង​ដែរ វា​ហួសហេតុ​ពេក​ហើយ​។

ចំណែក​ខាង​សមត្ថកិច្ច​វិញ បានអោយ​ដឹង​ថា រឿង​ស្នេហា​ត្រីកោណ​នេះ ទុក​អោយ​សាមីខ្លួន​ជា​អ្នក​ដោះស្រាយ​ទៅ​ចុះ អ្នក​ណា​ចង​អ្នកនោះ​ស្រាយ ប៉ុន្តែ​តួនាទី​សមត្ថកិច្ច​ពេល​នេះ គឺ​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​និ​តិ​វិធី លើ​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ប្រពន្ធចុង ដែល​បាន​ប្តឹង​ចោទ​ប្រពន្ធដើម និង​បងប្អូន​២​នាក់​ទៀត​ពី​បទ​បង្ក​របួស​ស្នាម​លើ​រូប​នាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ