ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ធ្លាក់​ស​ធ្វើ​ឱ្យ​បុរស​ស្ត្រី​អសមត្ថ​ភាព​ផ្លូវភេទ​មិន​អាច​មានកូន​បាន​

10 ឆ្នាំ មុន

នៅ​​ប្រទេស​កម្ពុជា​ ស្ត្រី​សឹង​តែ​គ្រប់​​រូប​​តែង​​​កើត​មាន​បញ្ហា​ធ្លាក់​ស​ មិន​មែន​​កើត​​​ចំពោះ​​តែ​​ស្ត្រី​​មានប្តី​នោះ​ទេ ​​​សូម្បី​​ស្ត្រី​​នៅ​​​វ័យ​​ក្រមុំ​មិន​ទាន់​ប្រឡូក​​​ក្នុងការរួមភេទ​​ផងក៏​អាច​កើត​មាន​រោគ​ធ្លាក់​ស​នេះដែរ ​។​​លោកស្រី​វេជ្ជ​បណ្ឌិត​ពឹង ជុតិមា ​នាយិកា​សេវា​កម្ម​នៃ​គ្លី​និក​អង្គ​ការ​រ៉ាក់បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ​​​រោគ​​ធ្លាក់​ស​ជា​ប្រភេទ​ជ​ំងឺ​មួយ​ដែល​តែង​តែ​ជួប​​ញឹកញាប់​ជាង​រោគ​សញ្ញា​​ផ្សេង​​ៗ​ និងជា​ក្តី​

នៅ​​ប្រទេស​កម្ពុជា​ ស្ត្រី​សឹង​តែ​គ្រប់​​រូប​​តែង​​​កើត​មាន​បញ្ហា​ធ្លាក់​ស​ មិន​មែន​​កើត​​​ចំពោះ​​តែ​​ស្ត្រី​​មានប្តី​នោះ​ទេ ​​​សូម្បី​​ស្ត្រី​​នៅ​​​វ័យ​​ក្រមុំ​មិន​ទាន់​ប្រឡូក​​​ក្នុងការរួមភេទ​​ផងក៏​អាច​កើត​មាន​រោគ​ធ្លាក់​ស​នេះដែរ ​។​​លោកស្រី​វេជ្ជ​បណ្ឌិត​ពឹង ជុតិមា ​នាយិកា​សេវា​កម្ម​នៃ​គ្លី​និក​អង្គ​ការ​រ៉ាក់បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ​​​រោគ​​ធ្លាក់​ស​ជា​ប្រភេទ​ជ​ំងឺ​មួយ​ដែល​តែង​តែ​ជួប​​ញឹកញាប់​ជាង​រោគ​សញ្ញា​​ផ្សេង​​ៗ​ និងជា​ក្តី​កង្វល់​​​​យ៉ាងធំ​បំផុត​​សម្រាប់​ស្ត្រីទូ​ទៅ ។ ​​​

ជំងឺធ្លាក់​ស​ ​មានរោគ​សញ្ញា​ច្រើន​យ៉ាង ​ហើយ​អ្វី​ដែល​គួរ​​ឱ្យ​បារម្ភ​នោះគឺ​ស្ត្រី​ដែល​មាន​សញ្ញា​​ធ្លាក់​ស​តែង​តែ​គិត​ថា​​​វា​​ជា​​​ប្រភេទ​​ជំងឺឬ​មិន​មែន​ ​។ ​​​បើ​យើង​និយាយ​​អំពី​ជំងឺ​ធ្លាក់​ស ​គឺ​យើង​និយាយ​​អំពី​ទឹក​សណ្ឋាន​ដែល​ហូរចេញពី​ទ្វារ​មាស​របស់​ស្ត្រី ។ ​តាម​ពិត​ទៅ​​ជំងឺ​ធ្លាក់​ស​ មាន​ន័យ​ទូ​លំទូលាយ​ខ្លាំង​ណាស់ ​ព្រោះ​ជំងឺ​នេះ​បណ្តាល​មកពី​​មូល​ហេតុ​​​ច្រើន​​​ ​និងរោគ​សញ្ញា​​​មាន​លក្ខណៈ​​ផ្សេង​ៗ​ពី​​គ្នា​ទៅតាម​ប្រភេទ​នៃជំងឺ​នេះ​ដែល​មាន​ដូចជា ​៖

ប្រសិន​បើ​ជំងឺ​ធ្លាក់​ស​វា​មិន​បង្ក​​ដោយ​​មេ​​រោគ​នោះ​​​ទេ យើង​​ហៅ​ថា​​ជាការ​វិវឌ្ឍ​ធម្ម​ជាតិ​របស់​ស្ត្រី​ ដែល​ធ្លាក់​ស​បែប​​ធម្ម​ជាតិ ​​​មិនចាំ​បាច់​​​ព្យា​បាល​​​នោះ​ទេ ​ព្រោះ​នេះគឺ​ជា​ការ​ប្រែ​ប្រួល​វដ្ត​រដូវ​​អ័រ​ម៉ូន​​របស់​ស្ត្រី​​ដែល​ធ្វើ​ឱ្យ​ស្ត្រី​មាន​សញ្ញា​ធ្លាក់​ស ។​​ ការធ្លាក់​ស​បែប​នេះ​មិន​ធ្លាក់​​ជាប់រហូត​នោះ​ទេ ​គឺ​ធ្លាក់​ស​ដែល​មាន​លក្ខណៈ​ថ្លា​​​ និង​​ស​តិចតួច ​មិន​​មាន​ធុំ​ក្លិន ​មិន​រមាស់​​ហើយ​ក៏មិន​​មាន​រោគ​សញ្ញា​ឈឺចាប់​​អ្វី​ដែរ ។ ជាទូ​ទៅ​រោគ​សញ្ញា​បែប​នេះ​ច្រើន​តែ​ធ្លាក់នៅ​​ពេល​មុន​មក​រដូវ ​ឬ​ក្រោយ​ពេល​មករដូវ ​ប្រហែល​២​សប្តាហ៍​​ ដូច្នេះ​បើ​សិន​ជា​ស្ត្រី​ដែល​​មាន​រោគ​សញ្ញា​បែប​នេះ ​​ចាត់​​​ជា​ការ​​ធ្លាក់​ស​បែបធម្ម​ជាតិ​ដែល​បណ្តាល​មក​ពី​ការ​វិវឌ្ឍ​នៃ​អ័រ​ម៉ូន​​​របស់​​ស្ត្រី​​គឺមិន​ទាម​ទារ​ឱ្យ​ព្យាបាល​អ្វី​នោះ​ទេ ។

ប៉ុន្តែ​​បើ​សិន​ជា​ជំងឺ​ធ្លាក់​ស​កើត​ឡើង​ដោយ​សារ​​មេរោគ​ ដូច​ជា​​​ធ្លាក់​ស​មាន​ពណ៌​ស​​ដូចជា​ខ្ទិះ​ដូង​​​ ឬ​ដូច​ម្សៅ​ជាដើម ​អ្នក​​ជំងឺ​​ច្រើន​តែ​រមាស់ ​​បើ​សិន​ជាអ្នក​ជំងឺ​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ​ជា​មួយ​គ្រូ​ពេទ្យ ឃើញ​​ថា​ទ្វារមាស​របស់​ស្ត្រី​​មាន​សភាព​ក្រហម ឬ​​​ឃើញ​មានស្នាម​អេស​ជា​ដើម ។ បើសិន​ជា​ស្ត្រី​ធ្លាក់​ស​​មាន​​លក្ខណៈ​ប្រឡាក់​ជាប់​ខោ ហើយ​មាន​ពណ៌​លឿង និងធុំ​ក្លិន​ទៀត​នោះ​​ករណី​នេះ​បង្ក​ឡើង​ដោយ​មេរោគ​ម្យ៉ាង​ហៅ​ថា​​សត្វ​ល្អិត​ដែល​មាន​​នៅ​នឹង​ទ្វារ​មាស​​របស់​ស្ត្រី​ ។​​

លើស​ពី​នេះ​​ទៀត​បើ​សិន​ជាការធ្លាក់​ស​មាន​លក្ខណៈ​​ឈឺ​ពោះ​នៅ​ផ្នែក​ខាងក្រោម​ និងពិបាក​​​ក្នុង​ការ​បត់​ជើងតូច​​ ​ការធ្លាក់​ស​បែប​នេះ​ច្រើន​តែបណ្តាល​មក​ពីជំងឺ​កាម​រោគ​​ដែល​អ្នក​ជំនាញ​ឱ្យ​ឈ្មោះ​ថាជា​ជំងឺ​ប្រមេះ​ទឹក​បា​យ ឬ​ប្រមេះ​ទឹក​
ថ្លា ។ ក្រៅ​ពី​នេះ​ក៏​មាន​ករណី​ជា​ច្រើន​ទៀត​ដែល​មិន​មាន​រោគ​សញ្ញា ​ប៉ុន្តែ​វា​បង្ក​ឱ្យ​មាន​ផល​ប៉ះ​​ពាល់​​ដល់​ស្ត្រី​​ឬ​អាច​ចម្លង​​ទៅដល់​​ដៃ​​គូ​​ បើសិន​​​ស្ត្រី​​រួមភេទ​​ ខណៈ​​ពេល​មាន​មេរោគ​​ទាំង​នេះ​មានតែ​ការ​ធ្វើ​រោគ​​វិនិច្ឆ័យទេ​​ទើប​ដឹង​ច្បាស់ ។​លោកស្រី​វេជ្ជ​បណ្ឌិត​ពឹង ​ជុតិមា ​​បាន​ប្រាប់​បន្ត​ថា ​ជាការ​ពិតណាស់​ចំពោះ​​រោគ​​​ធ្លាក់​ស​មិន​មាន​បែង​ចែក​ទៅ​តាម​វ័យ​នោះ​ទេ ​ជំងឺ​នេះ​​​​​មាន​លក្ខណៈ​ខុស​ប្លែក​ពីគ្នាទៅតាម​មូល​ហេតុ​​មេរោគ​ដែល​បង្ក​តែប៉ុណ្ណោះ ។

ភាគ​ច្រើន​ស្ត្រីវ័យ​ក្មេង ​ដែ​លមិន​ទាន់​ប្រឡូក​ក្នុងការរួមភេទ ​ការធ្លាក់​ស​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ការ​វិវឌ្ឍ​​បែប​ធម្ម​ជាតិ ​​និងការធ្លាក់​ស​មួយ​ប្រភេទ​ទៀត​កើត​ឡើងដោយ​សារ​តែ​កង្វះ​អនាម័យ​ចំពោះ​ទ្វារ​មាស ។​​​ ចំពោះ​ស្ត្រី​ដែល​ប្រឡូក​ក្នុងការរួម​ភេទ​ហើយ ​​​ការធ្លាក់​ស​អាច​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន ​​ព្រោះ​វា​អាច​ទាក់​ទង​នឹងការ​ធ្វើ​អនាម័យ​ផង ​​ការ​វិវឌ្ឍ​​ធម្ម​ជាតិ​ផង ​និងអាចទាក់​ទង​​​​ជំងឺ​កាម​រោគ​ដែល​ឆ្លង​តាម​រយ​ៈ​ការរួមភេទ​ពី​ដៃគូ​ផង​ ។ ​ដោយ​ឡែក​ចំពោះស្ត្រី​ដែល​មាន​វ័យ​ចំណាស់ ​ជិតអស់រដូវស្ត្រី​ប្រភេទ​នេះ​មិន​សូវ​មាន​ការ​ធ្លាក់​ស​នោះ​ទេ​ ​។ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ស្ត្រី​​ប្រភេទ​នេះ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ ដែល​បណ្តាល​មក​ពី​អ័រ​ម៉ូន​​ចុះ​ថយ​ធ្វើ​ឱ្យ​ស្ត្រី​​មានសភាព​​ស្ងួត​​ ឬក្រហាយ​​នៅ​លើ​ទ្វារ​មាស​​​​ បើ​សិន​ជា​មិន​បាន​ព្យា​បាល​​​ទេ ​​អាច​នឹង​ធ្វើ​ឱ្យ​មាន ការ​រំខាន​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​​ដែល​ធ្វើ​ឱ្យ​មាន​ផល​បះ៉​ពាល់​ដល់​ប្រព័ន្ធ​បន្តពូជ​របស់​ស្ត្រី​ ដែល​​ក្រៅ​ពី​ក្រហាយ​​​និង​ស្ងួត​ហើយ​នោះ​ ស្ត្រី​អាច​​​ប្រឈម​នឹង​ការ​បត់​ជើង​តូច​ញឹក​​​​ញាប់​​ខុស​ពី​​​​ធម្មតា​ដែល​ធ្វើ​ឱ្យ​សាមី​ខ្លួន​យល់ថា​មានជំងឺ​តម្រង​នោម ។ ​

ដោយឡែក ​ស្ត្រី​ឈាន​ដល់វ័យ​អស់​រដូវ​​ក៏​អាច​​​កើត​មាន​រោគ​សញ្ញា​​ចុក​ស្រពន់​ដៃជើង​បែក​ញើស​​ ឬក្តៅ​ខ្លួន​ខុសពីធម្មតា​ក្នុង​រយៈ​ពេល​​មួយ​រំពេច ។ ​ក្រៅ​ពី​នេះ​​ក្រោយ​ពី​អ័រ​ម៉ូន​​ធ្លាក់​​ចុះ​ស្ត្រី​ក៏​អាច​​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង ​អារម្មណ៍​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​ដូច្នេះ​​បើ​សិន​ជា​មិន​បាន​​ព្យាបាល​ឬ​ផ្តល់​ប្រឹក្សា​​​នោះ​ទេ ​​ស្ត្រី​នឹង​អាច​មាន​ផល​​​វិ​បាក​ក្នុង​​គ្រួសារ​ ​។លោកស្រី​វេជ្ជ​បណ្ឌិត​​បាន​បញ្ជាក់​ថា ​ចំពោះ​​ស្ត្រី​ដែល​មាន​បញ្ហា​ជំងឺ​​ធ្លាក់​ស​អាច​ប្រឈម​​ផល​ប៉ះ​ពាល់​ជាច្រើន​ដូច​ជា ​​បើ​ស្ត្រី​មិន​ទាន់​ប្រឡូក​នៅ​ក្នុងការរួមភេទ ហើ​យ​លក្ខណៈ​ធ្លាក់​ស​គឺ​ជា​ការ​​វិវឌ្ឍ​បែប​ធម្ម​ជាតិ​​កើត​ឡើង​​ដោយសារ​បម្រែ​បម្រួល​នៃអ័រ​ម៉ូន​​​នោះ វា​មិន​មាន​ផល​ប៉ះ​ពាល់​​ទៅ​ដល់​សុខភាព​ទេ​​ ​ព្រោះ​ជា​ច្បាប់​ធម្ម​​ជាតិ ​មិនមែន​​ជំងឺ​ដែល​ត្រូវធ្វើ​ការ​ព្យាបាល​​​ ​។ ​ផ្ទុយ​ទៅ​វិញ​​បើ​កើត​មាន​ជំងឺ​​ធ្លាក់​ស​ដោ​យសារ​​កង្វះ​​អនា​ម័យ​​ដែល​​ធ្វើ​ឱ្យ​មេរោគ​មានការ​លូត​លាស់ ​គឺ​អាច​​ឱ្យស្ត្រី​មាន​ការធ្លាក់​ស​ រមាស់ ​ធុំ​ក្លិន ​រំខាន​ដល់​​​​បញ្ហា​ផ្លូវ​ភេទ​នោះ​ស្ត្រី​​ត្រូវ​​តែ​ធ្វើ​ការ​ព្យា​​​បាល ។ ​​

ចំពោះ​ស្ត្រី​ដែល​មានគ្រួសារ​​ឬ​ដៃ​គូ​ហើយ​មូល​ហេតុ​​នៃ​ការ​​ធ្លាក់​ស​នេះ​កើតឡើង​ដោ​យសារ​តែ​មេរោគ​​សត្វ​ល្អិត​នៅ​ក្នុងទ្វារ​មាស ហើយ​មិន​បាន​ទៅ​ធ្វើ​ការ​ព្យាបាល​​ទេ ​អាច​ធ្វើ​ឱ្យ​រំខាន​​​​ដល់​បញ្ហា​ផ្លូវភេទ ​មាន​​ផល​វិបាក​​ផ្លូវចិត្ត​ដោយ​សារ​តែ​ការ​រំខាន​នៅ​ពេល​ធ្លាក់​ស ។ ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​​ធ្លាក់​ស​​ដែល​បង្ក​ឡើង​ដោយ​ប្រភេទ​មេរោគ​ដែល​​ឆ្លង​តាម​​ការួម​ភេទ នោះវា​អាច​ធ្វើ​ឱ្យ​រំខាន​​និងធ្វើ​​ឱ្យ​មាន​ការឆ្លង​ទៅ​ដល់​ដៃគូ​រួម​​​​​​ភេទ ​​ហើយ​កា​ល​ណា​បើអ្នក​ជំងឺ​​​​រួម​ភេទ​ជា​មួយ​ដៃ​​គូ​​ ​ដោយ​មិន​បាន​​ប្រើប្រាស់​ស្រោម​អនា​ម័យ​នោះ​​វា​​នឹងអាច​ចម្លង​ត​​គ្នា ​។

​បើ​ការ​ធ្លាក់ស​បង្ក​ឡើង​ដោយ​​​​កាម​រោគ​នោះ​អាចធ្វើ​​ឱ្យស្ត្រី​ខ្លួន​ឯង​ប្រឈម​នឹងការ​កើត​​​ជំងឺ​រលាក​​សាច់​ដុំ​​​​ត្រគាក​​អាច​រលាក​ដៃ​ស្បូន ​មានខ្ទុះ​នៅ​ដៃ​ស្បូន​​ដែល​នេះជាដំណាក់​កាល​ធ្ងន់​ធ្ងរ​បំផុតគឺ​ទាម​​ទារ​ការ​​ព្យា​បាល​ដោយ​ប្រើ​រយៈ​ពេល​​យូរ​និងយក​ចិត្ត​ទុក​ដាក់​​បំផុត ។ ​​ជាពិសេស​បើសិន​ជាស្ត្រី​​​ពពោះ​​អាច​នឹងចម្លង​ទៅដល់ទារក​នៅក្នុង​ផ្ទៃ ធ្វើ​ឱ្យ​ទារក​កើត​​​ជំងឺកាម​រោគ ឬ​​ធ្វើ​ឱ្យ​​ទារក​ពិការភាព ​ឬ​ក៏​​មាន​ការ​យឺត​យ៉ាវ​នៅក្នុង​ការ​លូត​លាស់​ជាដើម ​។ ​

អ្វីដែល​គ្រោះថ្នាក់​ជាង​នេះ​គឺ​អាច​ធ្វើ​ឱ្យ​បុរស​ក៏ដូច​ជាស្ត្រី អសមត្ថភាព​ផ្លូវ​​ភេទ ​មិនអាច​​មាន​​កូន​បាន​​ ​ឬអាច​ធ្វើ​ឱ្យ​បុរស​មាន​​ជំងឺ​រលាក​ផ្លូវ​​​​តម្រង​​នោម​រ៉ាំ​រ៉ៃ ​ដែល​ធ្វើ​ឱ្យ​ពិបាក​​ក្នុង​​ការ​បត់​ជើងតូច ។ ដូច្នេះ​សរុប​សេចក្តី​​មក​វិញ​បុរស​​ក៏​អាច​កើត​មាន​ជំងឺ​ធ្លាក់​ស​ដូចជា​ស្ត្រី​បាន​ដែរ ​​តែខុស​ត្រង់​ថា​បុរស​​គេហៅថា ​ជំងឺ​ហូ​រ​​ខ្ទុះ​តាម​តម្រង់​​នោម ៕