តាមការសង្កេត បុគ្គលជោគជ័យជាច្រើនមានចំណុចមួយចំនួនដែលពួកគេតែងតែបដិសេធមិនធ្វើ។ តើលោកអ្នកធ្លាប់សង្កេតដោយខ្លួនឯងដែរឬទេ ? ចំណុចទាំងនោះរួមមានដូចតទៅ ៖
១-មិនធ្វើអ្វីខុសពីផែនការ ៖ ពួកគេបានផ្តោតលើអ្វីដែលខ្លួនចង់ធ្វើឱ្យសម្រេច ។ ពួកគេមានទាំងរបៀប វិន័យ និងភាពឈ្លាសវៃសម្រាប់បែងចែកពេលវេលា ដូចជាបញ្ជីត្រូវធ្វើ (To-Do-List) ដើម្បីមិនឱ្យបាត់បង់រឿងសំខាន់ៗ ។
២-មិនយកខ្លួនទៅក្បែរអ្នកមានគំនិតអវិជ្ជមាន ៖ អ្នកដែលមានឥរិយាបថអវិជ្ជមាន និងចូលចិត្តតវ៉ាគ្រប់រឿង ជាក្រុមមនុស្សដែលបុគ្គលជោគជ័យមិនចង់នៅក្បែរជាដាច់ខាត ព្រោះការនៅក្បែរមនុស្សប្រភេទនេះ គឺមានតែយកភាពអវិជ្ជមានមកដាក់ក្នុងខ្លួន ។ បុគ្គលជោគជ័យរមែងតែនាំខ្លួនឯងទៅទីកន្លែងដែលគិតវិជ្ជមាន និងអ្នកដែលអាចបំផុសគំនិតដល់ពួកគេ ។
៣-មិនគិតថា ភាពលំបាកគឺជាបញ្ហា ៖ នៅពេលបុគ្គលជោគជ័យជួបឧបសគ្គ ពួកគេនឹងមើលឃើញថា នេះជាបញ្ហាប្រឈមដែលត្រូវដោះស្រាយឱ្យបាន ហើយពួកគេនឹងអាចទទួលបាននូវបទពិសោធន៍ដ៏ល្អ និងកាន់តែរឹងមាំឡើង ។
៤-មិនយកបញ្ហាមកទាញខ្លួនឱ្យធ្លាក់ចុះ ៖ នៅពេលជួបបញ្ហា ពួកគេចៀសវាងមិនផ្តោតតែលើបញ្ហាតែម្យ៉ាងនោះទេ គឺពួកគេមើលទៅលើសកម្មភាព និងធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ ។
៥-មិនបណ្ដោយឲ្យការលើកឡើងរបស់អ្នកដទៃមកប៉ះពាល់ដល់ទំនុកចិត្តរបស់ខ្លួន ៖ បុគ្គលជោគជ័យមិនបណ្តោយឱ្យការសម្រេចចិត្ត ឬពាក្យសម្តីរបស់អ្នកដទៃប៉ះពាល់មកលើខ្លួនឡើយ ព្រោះពួកគេដឹងយ៉ាងច្បាស់ថា រូបគេមានតម្លៃ និងជំហររឹងមាំ ។ ម្យ៉ាងទៀត ពួកគេដឹងថា ពួកគរស់ដើម្បីអ្វី និងកំពុងស្វែងរកអ្វី ដោយមានក្រឹត្យក្រមនៅក្នុងចិត្ត ដើម្បីទៅដល់គោលដៅ ។
៦-មិនបន្ទោសអ្នកដទៃ ៖ បុគ្គលជោគជ័យទទួលខុសត្រូវជាមួយនឹងកំហុសរបស់ខ្លួន នៅពេលមានអ្វីខុសធម្មតាកើតឡើង ពួកគេនឹងទទួលខុសត្រូវ ព្រមទាំងដោះស្រាយវា ។
៧-មិនច្រណែនអ្នកដទៃដែលជោគជ័យ ៖ ពួកគេជឿថា នឹងទទួលបានជោគជ័យបែបនេះដូចគ្នានៅថ្ងៃណាមួយ ហើយនៅពេលមានអ្នកទទួលជោគជ័យកាន់តែច្រើន ពិភពលោកនឹងកាន់តែគួរឱ្យចង់រស់នៅ ។ ការដែលឃើញភាពជោគជ័យរបស់អ្នកដទៃ មិនបានធ្វើឱ្យពួកគេច្រណែននោះទេ ប៉ុន្តែបែរមានអារម្មណ៍ថា ជាកម្លាំងជំរុញទឹកចិត្តច្រើនជាង ។
៨-មិនភ្លេចរីករាយជាមួយជីវិត ៖ បុគ្គលជោគជ័យ ដឹងយ៉ាងច្បាស់ថា ការធ្វើការដោយប្រាសចាកពីភាពរីករាយ គឺជារឿងគ្មានតម្លៃ ។ ភាពជោគជ័យ គួរតែកើតឡើងពីការងារដែលបង្កើតក្តីរីករាយ និងដឹងថា ពេលណា គួរសម្រាកលម្ហែកាយ ។
៩-មិនមើលរំលងរឿងសុខភាព ៖ ភាពជោគជ័យពិតប្រាកដរបស់ក្រុមមនុស្សទាំងនេះកើតចេញពីមានសុខភាពល្អ ដែលធ្វើឱ្យខួរក្បាលស្រឡះល្អ និងមានកម្លាំងពេញខ្លួន ។
១០-មិនគ្រាន់តែនិយាយ តែត្រូវអនុវត្ត ៖ ជំនួសឱ្យគ្រាន់តែនិយាយ ឬរិះគន់អ្នកដទៃ ពួកគេបានធ្វើវាឱ្យកើតឡើងតែម្តង ។
១១-មិនបណ្តោយខ្លួនឲ្យក្លាយជាជនរងគ្រោះ ៖ បុគ្គលទាំងនេះមិនព្រមឱ្យខ្លួនឯងក្លាយជាជនរងគ្រោះពីអំពើរបស់អ្នកដទៃឡើយ ។ ពួកគេឈ្លាសវៃក្នុងការចៀសវាងពីមនុស្សមិនល្អ ឬស្ថានការណ៍អាក្រក់ ។
១២-មិននៅជាមួយអតីតកាល ៖ ពួកគេនឹងមិនព្រមឱ្យអតីតកាលមកធ្វើជាឧបសគ្គក្នុងជីវិតឡើយ ព្រោះប្រសិនជាប្រើជីវិតជាមួយអតីតកាល ក៏នឹងគ្មានក្តីសុខក្នុងពេលបច្ចុប្បន្នដែរ ។
១៣-មិនបញ្ឈប់ការរៀនសូត្រ ៖ មិនថាអាយុប៉ុន្មានក៏ដោយ ពួកគេមិនបញ្ឈប់ការរៀនសូត្រឡើយ ព្រោះគេជឿជាក់ថា គ្មានអ្នកណាម្នាក់ដឹងគ្រប់យ៉ាងនោះទេ។ ដូច្នេះ កុំធ្វើខ្លួនជាកែវដែលមានទឹកពេញ តែចូរធ្វើខ្លួនជាកែវដែលមានទឹកកន្លះ ដែលនៅសល់កន្លះទៀតជាកន្លែងទំនេរដើម្បីរៀនសូត្រជានិច្ច ។
១៤-តែងបញ្ចប់ដោយពាក្យ «អរគុណ» ៖ មិនថាជារឿងតូចឬធំ បុគ្គលជោគជ័យនឹងមានអារម្មណ៍អរគុណជានិច្ចនូវអ្វីគ្រប់យ៉ាង ដែលធ្វើឱ្យពួកគេមានជីវិតដល់សព្វថ្ងៃនេះ។ ពួកគេចូលចិត្តអ្នកគាំទ្រជានិច្ច ហើយនឹងអាចចាប់ផ្តើមថ្ងៃថ្មីដោយភាពវិជ្ជមាន និងគំនិតល្អ ៕
ចែករំលែកព័តមាននេះ