ខេត្តកំពង់ធំ ៖ ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នហាយឡែនឌ័រពន្លះស្លាប់អ្នកបើកបររត់បាត់ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៤៥នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦(ផ្លូវវាងក្រុងស្ទឹងសែន) ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ស្ថិតក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។
លោកវរសេនីយ៍ឯក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែនបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចររថយន្តបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវនេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់(ស្រី) ខូចខាតរថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង ។
រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AD-7925 បើកបរទិសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេបានចុះរត់គេចខ្លួនបាត់បន្ទាប់ពីបុកម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1K-3177 បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត ដោយឈ្មោះ សុខ សុផល ភេទស្រី អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិ-សង្កាត់កើតហេតុខាងលើ ស្លាប់នៅកន្លែងកើតហេតុ ដោយមិនមានពាក់មួកសុវត្ថិភាព ។
ក្រោយពេលកើតហេតុបន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចវត្ថុតាងយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាហ៊ូដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តបើកបរមានល្បឿនលឿននៅចំណុចផ្លូវប្រសព្វ ៕
ចែករំលែកព័តមាននេះ