ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​លក់​រូបភាពបច្ចុប្បន្ន​ជាតា​រា​ចែង​ចាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា​ប៉ែន ស្រី​ពេជ្រ គឺជា​ពិធី​ការិនី និង​ជា​តារា​សម្តែង​កំពុង​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​សិល្បៈ ។ ពេល​នេះ​ជាតា​រា​ចែងចាំង តែ​អតីតកាល​ស្រី​ពេជ្រ ខុស​ពី​នេះ​ឆ្ងាយ​ណាស់ ។…

រាជធានី​ភ្នំពេញ​៖ កញ្ញា​ប៉ែន ស្រី​ពេជ្រ គឺជា​ពិធី​ការិនី និង​ជា​តារា​សម្តែង​កំពុង​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​សិល្បៈ ។ ពេល​នេះ​ជាតា​រា​ចែងចាំង តែ​អតីតកាល​ស្រី​ពេជ្រ ខុស​ពី​នេះ​ឆ្ងាយ​ណាស់ ។ កាលពី​អាយុ​១៤​ឆ្នាំ ប៉ែន ស្រី​ពេជ្រ ជា​កូន​អ្នក​ក្រីក្រ រស់នៅ​ខេត្តព្រះវិហារ ។ ខ្សែជីវិត​នា​ពេល​នោះ​ស្រី​ពេជ្រ ជា​ក្មេង​ស្រី​លក់​ផ្ទាំង​រូបភាព ផ្សេង​ៗ​នៅ​លើ​ភ្នំ​ប្រាសាទព្រះវិហារ ។ ដោយ​ប្រាថ្នា​ឲ្យ​ជីវិត​លូតលាស់​ឡើង ស្រី​ពេជ្រ បាន​បន្សាត់​ខ្លួន​ពី​ទីនោះ​មក​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ស្វែងរក​ការងារ​ធ្វើ​ផង និង​បន្ត​ការ​សិក្សា​ផង ។

ជីវិត​ពោរពេញ​ដោយ​ទុក្ខ​លំបាក​បាន​កើត​មាន​ឡើង​ស្ទើរតែ​គ្រប់ពេល​សម្រាប់​ប៉ែន ស្រី​ពេជ្រ នៅ​ទឹកដី​ប្រាសាទព្រះវិហារ​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​នោះ ហើយ​នៅ​ភ្នំពេញ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ វា​ជា​ខ្សែជីវិត​អ្នកក្រ​ដែល​តែងតែ​បែប​នេះ ។

ការងារ​ដំបូង​ដែល​ប៉ែន ស្រី​ពេជ្រ​បាន​ចាប់​យក​នោះ គឺ​ដើរ​លក់​រូបភាព​ប្រាសាទព្រះវិហារ និង​ប្រាសាទ​អង្គរវត្ត នៅ​លើ​ភ្នំ​ប្រាសាទព្រះវិហារ​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ទើបតែ​មាន​អាយុ​១៤​ឆ្នាំ នាង​ត្រូវ​រ៉ាប់រង​ធ្វើការ​នេះ​សម្រាប់​ជីវភាព​គ្រួសារ និង​ផ្គត់ផ្គង់​ការ​សិក្សា​របស់​ខ្លួន​ផង ។

ប៉ែន ស្រី​ពេជ្រ នា​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ចង​ចាំ​ថា ក្នុង​ពេល​ដែល​នាង​ធ្វើ​ជា​អ្នក​ដើរ​លក់​រូបភាព​លើ​ភ្នំ​នោះ ជីវភាព​ប៉ា​ម៉ាក់​របស់​នាង​លំបាកលំបិន មិន​ដូច​បច្ចុប្បន្ន​នេះ​ទេ ។ ជា​រៀងរាល់ថ្ងៃ​ស្រី​ពេជ្រ តែងតែ​ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍​ជា​ប្រ​ចា ំ​ពេល​ខ្លះ​បាន​៣០០​ទៅ​៤០០​បាត អត់​គិត​ខ្លាច​ហត់នឿយ​ទេ ដើម្បី​ជួយ​ឪពុក​ម្តាយ ។ រស់នៅ​ព្រះ​វិហារ តែ​ប៉ែន ស្រី​ពេជ្រ មាន​ដើម​កំណើត​នៅ​ខេត្តតាកែវ ។ ប៉ា​ម៉ាក់​នាង​បាន​ទៅ​រស់នៅ​ខេត្តព្រះវិហារ​នា​ឆ្នាំ​២០១៣ ។

ពេល​រស់នៅ​ភ្នំពេញ ប៉ែន ស្រី​ពេជ្រ បាន​ដាក់​ពាក្យ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​មួយ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដោយ​កម្មវិធី​នោះ​រើស​យក​អ្នកមាន​ទេព​កោសល្យ​ទាំង​ចម្រៀង បង្ហាញ​ម៉ូ​ដ និង​សម្តែង ។ ជ័យ​លា​ភី​នោះ​ហើយ​ដែល​បាន​បណ្តែត​ជីវិត​ស្រី​ពេជ្រ ក្នុង​ពិភព​សិល្បៈ ។

ប៉ែន ស្រី​ពេជ្រ បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ។ នាង​បាន​ចុះ​កិច្ចសន្យា​ធ្វើ​ជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​រយៈពេល​៥​ឆ្នាំ​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​សម្លឹង​ឃើញ​ទេព​កោសល្យ​របស់​នាង អាច​យក​ប្រើ​ការ​បាន ។ ការងារ​នេះ​រៀមច្បង​ដែល​នាង​យក​លំនាំ​តាម គឺ​ពិធី​ការិនី​កែវ ចាន់​និមល និង​លោក​ជា វិបុល ។

ស្រី​ស្រស់​ប៉ែន ស្រី​ពេជ្រ និយាយ​ទាំង​រីករាយ និង​មាន​មោទនភាព​ថា​«​ខ្ញុំ​ពុំ​ធ្លាប់​នឹក​ថា​បាន​មក​ឈរ​លើ​វេទិកា ធំ​ៗ​នៅ​ក្នុង​ស្ថានីយ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​ឡើយ និង​គិត​ថា​នេះ​ជា​ឱកាស​ដែល​នាង​ខ្ញុំ​កាន់តែ​ព្យាយាម​តស៊ូ​បន្ត​ទៀត ។ រាល់ថ្ងៃ​ការងារ​នៅ​ក្នុង​ស្ថានីយ​៥​ទៅ​៦​កម្មវិធី​សុ​ទ្ឋ​តែ​តន្ត្រី​ផ្សាយ​ផ្ទាល់ និង​ចុង​ស​ប្តា​ហ៍​នាង​ខ្ញុំ​តែ​តែ​ចេញ​ធ្វើ​ពិធីករ​នៅ​តាម​ខេត្ត​ជាមួយ​ការ​ប្រគំ​តន្ត្រី​»​។

ចំពោះ​អាជីព​សម្តែង​ភាពយន្ត ប៉ែន ស្រី​ពេជ្រ ប្រឡូក​បាន​៥​ទៅ​៦​រឿង​ហើយ​ជា​ប្រភេទ​រឿង​ភាគ ។ រឿង​ដែល​នាង​សម្តែង​ភាគច្រើន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ។ រឿង​ភាគ​ដំបូង​មាន​ចំណងជើង​ថា​«​មេម៉ាយ​មាន​លាភ​»​។ បន្ទាប់​មក​រឿង​«​ពិស​ឫស្យា​» រឿង​«​បេះដូង​ឃ្លាត​ទ្រូង​»​និង​មាន​មួយ​រឿង​ទៀត​ត្រៀម​បញ្ចាំង​នៅ​ចុងខែ​កុម្ភៈ​នេះ ។ ធ្លាប់តែ​សម្តែង​រឿង​ភាគ ពេល​នេះ​ស្រី​ពេជ្រ ប្រាថ្នា​ចង់​សម្តែង​រឿង​ដុំ​ម្តង ។

ប៉ែន ស្រី​ពេជ្រ មាន​បងប្អូន​បង្កើត​៣​នាក់​ប្រុស​១ ស្រី​២ ក្នុង​នោះ​នាង​កូន​ទី​២ ។​ឪពុក​ស្រី​ពេជ្រ ជា​ប៉ូលិស​ការពារ​ព្រំដែន​ប្រចាំ​ខេត្តព្រះវិហារ ឯ​ម្តាយ​ជា​មេផ្ទះ ។ ក្នុង​ពេល​អាជីព​កំពុង​តែ​រីក​ចម្រើន ប៉ែន ស្រី​ពេជ្រ បិទ​បេះដូង​មិន​ទាន់​ទទួល​បុរស​ណា​ទេ ។ អ្វី​ដែល​ស្រី​ពេជ្រ យកចិត្តទុកដាក់​នា​ពេល​នេះ គឺ​ជ្រោង​ជីវភាព​គ្រួសារ​ឲ្យ​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ