ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា អ្នកកាសែតម្នាក់ដែលឃើញស្លាប់នៅលើផ្លូវជាតិនោះ ដែលបានសន្និដ្ឋានដំបូងថា អាចជាករណីឧប្បត្តិហេតុធ្លាក់ពីលើម៉ូតូនោះ ពេលនេះត្រូវនគរបាលព្រហ្មទណ្ឌស្រុកស្នួលបានរកឃើញថា «ការស្លាប់របស់ជនរងគ្រោះរូបនេះមិនមែនជាករណីឧប្បត្តិហេតុទេ គឺអាចផ្តើមចេញដោយអំពើហិង្សា ។ ជាមួយគ្នានេះ កម្លាំងនគរបាលជំនាញក៏កំពុងបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែករកពន្លឺបន្តទៀត ។
សេចក្តីរាយការណ៍បន្តថា បុរសរងគ្រោះខាងលើ មានឈ្មោះ សន ឬទ្ធី អាយុ១៨ឆ្នាំ ស្នាក់នៅឃុំស្នួល ស្រុកស្នួល ត្រូវបានប្រទះឃើញស្លាប់នៅលើផ្លូវជាតិ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ កុម្ភៈ ស្ថិតនៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ។ ជនរងគ្រោះមានប្រើប្រាស់ប័ណ្ណកាសែតវេបសាយ (បាត់ដំបងប៉ុស្តិ៍) ក្នុងតួនាទីជាអ្នកយកព័ត៌មាន ។
ភ្លាមៗករណីខាងលើ ត្រូវនគរបាលស្រុកស្នួលសន្និដ្ឋានដំបូងថា អាចជាឧប្បត្តិហេតុធ្លាក់ពីលើម៉ូតូបណ្តាលឱ្យស្លាប់ ។ បើតាមសេចក្តីរាយការណ៍មួយបានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងគ្នីគ្នាមួយចំនួនទៀត ជិះម៉ូតូទៅមើលគេរាំធុងបាស់ក្នុងភូមិ ។ បន្ទាប់មក ជនរងគ្រោះជិះម៉ូតូ ត្រឡប់មកវិញដោយម៉ូតូ១គ្រឿងគ្នា៣នាក់ ហើយជនរងគ្រោះជិះនៅខាងក្រោយគេ ។ នៅពេលជិះម៉ូតូ គេឃើញជនរងគ្រោះក្នុងដៃមានកាន់ដំបង ។
បើតាមការស្រាវជ្រាវ និងសាកសួរព័ត៌មានរបស់មន្ត្រីនគរបាលជំនាញថា នៅពេលជិះម៉ូតូមកដល់កន្លែងកើតហេតុ ទំនងអាចមានមនុស្សស្ទាក់គប់ម៉ូតូ ទើបធ្វើឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ។ ក្នុងស្ថានភាពនោះ មនុស្សពីរនាក់ ដែលជិះម៉ូតូជាមួយនិងជនរងគ្រោះ មិនបានឈប់ម៉ូតូនោះទេ បើទោះជាដឹងថា ជនរងគ្រោះត្រូវបានធ្លាក់ពីលើម៉ូតូក៏ដោយ ។ ពួកគេបានបោះពួយម៉ូតូទៅមុខ ដើម្បីមកប្តឹងរាយការណ៍ប្រាប់សមត្ថ
កិច្ច ។ នៅពេលដែល សមត្ថកិច្ចទៅដល់កន្លែងកើតហេតុ គឺឃើញជនរងគ្រោះបានស្លាប់នៅនិងកន្លែងកើតហេតុ។
ជុំវិញហេតុការណ៍នេះ អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុគីម បានថ្លែងថា ក្រោយការចុះពិនិត្យពីកម្លាំងនគរបាលជំនាញឃើញថា សាកសពជនរងគ្រោះមានស្នាមហើមក្បាលផ្នែកខាងក្រោយ ដែលអាចបណ្តាលមកពីរង និងរបស់រឹង ។ ហើយខាងមុខមានដាច់រយះ ដោយសារធ្លាក់ពីលើម៉ូតូ។ លោកសន្និដ្ឋានថា ជនរងគ្រោះអាចមានមនុស្សស្ទាក់វាយ។
ចែករំលែកព័តមាននេះ