ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិ​លេខ​5​នឹង​ក្លាយជា​ផ្លូវ​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា ការ​អភិវឌ្ឍ​កំណាត់​ផ្លូវជាតិ​លេខ​៥ នឹង​ក្លាយជា​ផ្លូវ​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា តាម​រយៈ​កា​រត​ភ្ជាប់​ជាមួយ​ប្រទេស​ចំនួន​៤​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ចិន ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា ការ​អភិវឌ្ឍ​កំណាត់​ផ្លូវជាតិ​លេខ​៥ នឹង​ក្លាយជា​ផ្លូវ​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា តាម​រយៈ​កា​រត​ភ្ជាប់​ជាមួយ​ប្រទេស​ចំនួន​៤​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ចិន ។

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​កណ្តាល (​ធ្លា​ម្អម​-​បាត់ដំបង​) កាលពី​ថ្ងៃ​ទី ២៨ ខែ​កម​រា ឆ្នាំ ២០១៩ កន្លង​មក ។ លោក​ថ្លែង​ថា ៖« កំណាត់​ផ្លូវជាតិ​លេខ​៥ គឺ​មាន​សក្តានុពល​ខ្លាំង​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ឆ្លង​ដែន ដែល​ត​ភ្ជាប់​ពី​ប្រទេស​ចិន ឆ្លងកាត់​ប្រទេស​មី​យ៉ា​ន់​ម៉ា ថៃ កម្ពុជា និង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ចិន »​។

លោក​ទេស​រដ្ឋមន្ត្រី​បន្ថែម​ថា ការ​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ គឺជា​គម្រោង​ក្រោម​កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ហៅ​កាត់​ថា​JICA ។ លោក​ថា ៖« កំណាត់​ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវ​អាស៊ាន​ហា​យ​វេ ដែល​ជា​ផ្លូវ​មួយ​ប្រកបដោយ​សក្តានុពល​សម្រាប់​ការ​ដឹក​ជ​ញ្ចូ​ន​ទំនិញ អាច​កាត់​បន្ថយ​គ្រោះថ្នាក់ និង​ការ​កកស្ទះ​ចរាចរណ៍ ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ​មាន​ភាព​ងាយស្រួល និង​ជួយ​ឲ្យ​មាន​កំណើន​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​មានការ​រីក​ចម្រើន និង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​មក​អភិវឌ្ឍន៍​បន្ថែម​ទៀត »​។

លោក​បាន​លើក​ឡើង​ថា ក្នុងអំឡុងពេល​ស្ថាបនា​ផ្លូវ​នេះ ក្រសួង​នឹង​ដាក់​ផ្លា​ក​សញ្ញា​សុវត្ថិភាព​នៅ​តាម​ការដ្ឋាន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង ។ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​កណ្តាល​សរុប​ប្រវែង​ជាង​១៤៦​គីឡូម៉ែត្រ ដោយ​ចាប់ពី ធ្លា​ម្អម​-​បាត់ដំបង មាន​ប្រវែង​ជាង​១១០​គីឡូម៉ែត្រ និង​រួម​ប​ញ្ជូ​ល​ផ្នែក​ចុង​ក្រោយ​សិរី​សោភ័ណ​-​ប៉ោយ​ប៉ែ​ត មាន​ប្រវែង​ជាង​៣៥ គីឡូម៉ែត្រ ។

ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ម៉ៅ​ការ​សាងសង់​គម្រោង​នេះ​សម្រាប់​កញ្ចប់​ទី​១ កញ្ចប់​ទី​២ និង​កញ្ចប់​ទី​៣ រួម​មាន​៖ ទី​១ ក្រុមហ៊ុន ILSUNG-CIENCO1 Joint Venture , ទី​២ ក្រុមហ៊ុន OBAYASHI Corporation និង​ទី​៣ ក្រុមហ៊ុន TEKKEN-IKEE Joint Venture ។ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត​ម៉ី កល្យាណ បាន​ថ្លែង​ថា ការ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គឺជា​រឿង​ចាំបាច់​មួយ ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​កម្ពុជា ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​បញ្ហា​ប្រឈម​ធំ​មួយ នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​បញ្ហា​នៃ​ការ​ដឹក​ជញ្ជូន​របស់​យើង​មាន​តម្លៃ​ថ្លៃ​ជាងគេ បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ។ លោក​បន្ត​ថា ៖« រដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ហើយ តែ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវការ​ពេលវេលា​វែង មិនមែន​ធ្វើ​បាន​ក្នុង​រយៈពេល​១​ខែ​ឬ​១​ឆ្នាំ​នោះ​ទេ »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ