ប្រទេសថៃ ៖ យោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃគឺ Bangkok Post ដែលបានរាយការណ៍កាលពីថ្ងៃទី២១ មករា កន្លងមកនេះបានឲ្យដឹងថា វិស័យនេសាទបានចាប់ផ្តើមអន់ថយបន្ទាប់ពីសហភាពអ៊ឺរ៉ុប (EU) ចេញកាតលឿងដល់ប្រទេសថៃ ព្រោះតែបញ្ហាមួយចំនួនក្នុងវិស័យនេះ ហើយរដ្ឋាភិបាលបានចាប់ផ្តើមរឹតបន្តឹងដើម្បីរួចផុតពីការព្រមាននេះផងដែរ ។ កាតលឿងនេះមានន័យថា ប្រទេសថៃអាចនឹងត្រូវបានទប់ស្កាត់មិនឲ្យនាំចេញទៅទីផ្សារ EU ។
លោក Pongthorn Chaiyawat ដែលជាទីប្រឹក្សាមួយរូបឲ្យសមាគមន៍នេសាទប្រចាំ Samit Songkhram បាននិយាយថា ៥០%នៃទូកនេសាទត្រូវបានហាមមិនឲ្យចុះនេសាទព្រោះតែកូតារដ្ឋាភិបាល ។
លោកបានព្រមានថា វិធានការរបស់រដ្ឋាភិបាលបានប៉ះពាល់ដល់អាជីវកម្មក្នុងប្រទេសថៃ ។ គ្រឿងសមុទ្រភាគច្រើនដែលត្រូវបាននាំចេញទៅកាន់ EU គឺត្រីធូណា និងបង្គារ ហើយប្រាក់ចំណូលបានពីការនាំចេញទាំងនេះស្មើប្រមាណ៩៤០លានដុល្លារជារៀងរាល់ឆ្នាំ ។
ទីផ្សារធំជាងគេសម្រាប់ប្រទេសថៃគឺទីផ្សារជប៉ុនដែលទិញគ្រឿងសមុទ្រសរុបប្រមាណ ៣.១៥ប៊ីលានដុល្លារជារៀងរាល់ឆ្នាំពីប្រទេសថៃ ប៉ុន្តែពួកគេបានងាកទៅកាន់ប្រទេសដទៃព្រោះរដ្ឋាភិបាលថៃចាប់ផ្តើមរឹតបន្តឹងវិធានការក្នុងវិស័យនេះ ។
លោកបាននិយាយថា «ការចំណាយសម្រាប់ការនេសាទលើសមុទ្រថៃបានកើនឡើងប្រមាណ ៣០%។ នេសាទករត្រូវចំណាយថវិកាសម្រាប់ម៉ាស៊ីនត្រួតពិនិត្យនាវា (VMS) និងត្រូវបង់ថ្លៃផ្សេងៗទៀតដែលទាក់ទិននឹងការរាយការណ៍ពីទិន្នផល និងសកម្មភាពរបស់ពួកគេ»។
គួរបញ្ជាក់ដែរថា EU បានចេញកាតលឿងឲ្យប្រទេសថៃតាំងពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥មក ។ តាំងពីពេលនោះមក រដ្ឋាភិបាលយោធារបស់ប្រទេសថៃបានចេញវិធានការរឹតបន្តឹងរហូត EU ដកកាតលឿងចេញវិញនៅថ្ងៃទី៨ ខែមករា ។ វាកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មីប្រមាណ ១៣៨ និងបានដាក់កូតាលើទិន្នផលដែលបង្កឲ្យមានការរឹបអូសប័ណ្ណអនុញ្ញាតនេសាទរបស់ទូកជាច្រើន ។
រដ្ឋាភិបាលបានកំណត់ចំនួនទូកនេសាទក្នុងប្រទេសត្រឹម ១០,៥៦៥ ដែលបង្កឲ្យមានការហាមឃាត់ទូក ១០,០០០ទៀតមិនឲ្យធ្វើការនេសាទ ៕
ចែករំលែកព័តមាននេះ