ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡា​ត់ ស្រី​ឡា​ង ជម្នះរនាំង​គ្រួសារ​ដើម្បី​​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​វ័យក្មេង​កញ្ញា​សាឡា​ត់ ស្រឡាង បាន​ជម្នះ​រនាំង​គ្រួសារ ដើម្បី​បាន​ឈាន​ជើង​ចូល​វិ​ថី​សិល្បៈ បើ​ទោះបីជា​ពេល​នេះ​ដំណើរ​ជីវិត​នៅ​ក្នុង​វិ​ថី​មួយ​នេះ​នៅ​មិន​ទាន់​ល្បីល្បាញ​ខ្លាំង​ក៏​ដោយ ។ ផ្តើម​បង្កើត​កេរ្តិ៍ឈ្មោះ​ពី​ការ​ចូលរួម​សម្តែង​នៅ​ក្នុង​រឿង​«​ខ្មោច​អា​សង្ហា​»​និង​រឿង​ភាគ «​ក្រមុំ​បាយ​ឆា​» ដែល​ចាក់​ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​PNN…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​វ័យក្មេង​កញ្ញា​សាឡា​ត់ ស្រឡាង បាន​ជម្នះ​រនាំង​គ្រួសារ ដើម្បី​បាន​ឈាន​ជើង​ចូល​វិ​ថី​សិល្បៈ បើ​ទោះបីជា​ពេល​នេះ​ដំណើរ​ជីវិត​នៅ​ក្នុង​វិ​ថី​មួយ​នេះ​នៅ​មិន​ទាន់​ល្បីល្បាញ​ខ្លាំង​ក៏​ដោយ ។

ផ្តើម​បង្កើត​កេរ្តិ៍ឈ្មោះ​ពី​ការ​ចូលរួម​សម្តែង​នៅ​ក្នុង​រឿង​«​ខ្មោច​អា​សង្ហា​»​និង​រឿង​ភាគ «​ក្រមុំ​បាយ​ឆា​» ដែល​ចាក់​ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​PNN សាឡា​ត់ ស្រឡាង ក៏​បាន​ត្រួសត្រាយ​ផ្លូវ​រហូត​ទទួល​បាន​ទីផ្សារ​សិល្បៈ​ច្រើន​គួរសម​នា​ពេល​បច្ចុប្បន្ន ។ យ៉ាងណា​ក៏​ដោយ​ទម្រាំ​បាន​ឈាន​ដល់​ចំណុច​មួយ​នេះ សាឡា​ត់ ស្រឡាង បាន​ពុះពារ​នូវ​ឧបសគ្គ​ជា​ច្រើន ក្នុង​ពេល​ដែល​គំនាប​គ្រួសារ​គឺជា​បញ្ហា​មួយ​ដ៏​លំបាក​បំផុត​នៃ​ការ​ធ្វើ​ឲ្យ​ការ​សម្រេចចិត្ត​បោះ​ជំហាន​ចូល​អាជីព​សិល្បៈ​នេះ ។

តារា​សម្តែង​ដែល​មាន​ប្រភព​កំណើត​នៅ​ភ្នំពេញ សាឡា​ត់ ស្រី​ឡា​ង បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រូប​នាង​មាន​និស្ស័យ​ចូល​ចិត្ត​សិល្បៈ​ណាស់ ។ ពេលទំនេរ​នាង​តែងតែ​ហាត់រៀន​សម្តែង​ដោយ​ខ្លួនឯង​នៅផ្ទះ​ជា​ប្រចាំ តែ​មិន​ឲ្យ​អ្នក​ផ្ទះ​ដឹង​ទេ ។ នាង​គ្មាន​ឱកាស​ចូល​សម្តែង​សិល្បៈ​ពេញលេញ​ឡើង​កាលពី​៧​ទៅ​៨​ឆ្នាំ​មុន​ព្រោះ​ខ្លាច​អ្នក​ផ្ទះ ។ កាល​នៅ​វ័យ​កុមារ​សាឡា​ត់ ស្រី​ឡា​ង មិន​ខុស​ពី​កុមារ​ផ្សេង​ទៀត​ឡើយ ពោល​ក្រៅពី​ទៅ​រៀន​ត្រឡប់​មក​វិញ​ជួយ​ធ្វើការ​ម្តាយ​ឪពុក​។

តារា​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​អះអាង​បន្ថែម​ទៀត​ថា​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ដែល​នាង​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ដោយ​បោះ​ជំហាន​ដំបូង​សម្តែង​ឲ្យ​ផលិតកម្ម​ភូមិ​ពេជ្រ ជាមួយ​នាយ​ចឺម​ក្នុង​រឿង​«​ខ្មោច​អា​សង្ហា​»​។ ក្រោយមក​ចូល​ថត​ក្នុង​ផលិតកម្ម​អិ​ល​ឌី​មាន​ទាំង​រឿង​ភាគ និង​រឿង​ដុំ ។

សាឡា​ត់ ស្រី​ឡា​ង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​នេះ​អាច​និយាយ​បាន​ថា​ជា​ព្រេងវាសនា និង​ជា​ឱកាស​សម្រាប់​ចូល​សិល្បៈ ហើយ​បើ​មិន​ទាន់​ល្បី​ណាស់ណា​ត្រឹម​មាន​គេ​ស្គាល់​ក៏​សប្បាយចិត្ត​»​។

តារា​សម្តែង​អតីត​សិស្ស​វិទ្យាល័យ​«​ជា​ស៊ី​ម​សាមគ្គី​»​អំឡុង​ឆ្នាំ​២០១៤​សាឡា​ត់ ស្រី​ឡា​ង​បាន​ថ្លែង​ទៀត​ថា​«​ការ​បោះ​ជំហាន​ចូល​សិល្បៈ​ពី​មុន​មានការ​ហាម ដោយសារ​តែ​ប៉ា​ម៉ាក់​ខ្លាច​មាន​ពាក្យ​មិនល្អ​មក​លើ​រូប​នាង​ខ្ញុំ ព្រោះ​មហាជន​ច្រើន​តែ​យល់​ថា​អ្នកសិល្បៈ ជា​ពិសេស​សិល្ប​ការិនី​ដំបូង​អត់​លុយ​តែងខ្លួន អត់​ឡាន​​ជិះ បើ​ផ្លាស់​ប្តូរ​ឡូយឆាយ​ច្បាស់​ជា​យកប្តី​គេ ឬ​មាន​ថៅកែ​ចិញ្ចឹម ឬ​ស្រី​កំណាន់​របស់​លោក​ធំ​ណា​ម្នាក់ ។ ធាតុ​ពិត​វិញ​នាង​ខ្ញុំ​បាន​ព្យាយាម​គិត ហើយ​កាន់តែ​គេច​ពី​ចំណុច​ទាំងនេះ​ដើម្បី​ជម្នះ​ពាក្យ​មាក់​ងាយ ហើយ​រឿង​ពាក់​ព័​ន្ឋ​ស្នេហា​នោះ​ក៏​នាង​ខ្ញុំ​មិន​បណ្តោយ​ខ្លួន​ទៅ​ប្រឡាក់​ប្រឡូក​ជាមួយ​បុរស​ណា​ឡើយ​ទោះជា​សព្វ​ថ្ងៃនេះ​ចូល​ដល់​វ័យ​២៣​ឆ្នាំ​ល្មម​ពិចារណា​រឿង​ជីវិត​ផ្ទាល់ខ្លួន​បាន​ក៏​ដោយ​»​។

ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៦​នាក់​ស្រី​៤ តារា​សម្តែង​សាឡា​ត់ ស្រី​ឡា​ង បាន​តាំង​ជំហរ​រឿង​សេ្ន​ហា​ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​កំណត់ តែបើ​ឲ្យ​យក​ពេល​នេះ​គឺ​នាង​សុំ​ច្រានចោល ព្រោះ​ត្រូវ​គិត​បែប​ណា​ជួយ​អ្នក​ផ្ទះ​សិន រឿង​ប្តី​ទុក​មួយ​ឡែក ។

តារា​សម្តែង​សាឡា​ត់ ស្រី​ឡា​ង ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទទួលស្គាល់​តាម​រយៈ​សាច់​រឿង​បែប​តួអង្គ​ក្រមិច​ក្រមើម​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​មាន​ភាពល្អ​ប្រសើរ​បន្តិច​នោះ អ្វី​ដែល​នាង​ត្រូវធ្វើ គឺ​ការ​តបស្នង​គុណ​ចំពោះ​ឪពុក​ម្តាយ និង​បងប្អូន បើ​ទោះបីជា​ពី​មុន​ក្រុម​គ្រួសារ​មិនសូវ​គាំទ្រ​ក៏​ដោយ ។

ជាក់ស្តែង​រាល់​ថ្ងៃនេះ​នាង​ត្រូវ​ចំណាយ​ជា​ប្រចាំ​ជួយ​ដល ់ប្អូន​ៗ៣​ទៅ​៤​នាក់ ដូចនេះ​ហើយ​នាង​នៅ​តែ​គិត​ថា​ចូល​សិល្បៈ​គឺ​សំណាង​អាច​ធ្វើ​ឲ្យ​គេ​ស្គាល់ បើ​មិន​ដូចនេះ​ទេ​ពិតជា​ប្រឈម​ជីវភាព ហើយ​នាង​នឹង​ស៊ូ​លំបាក​គ្រប់យ៉ាង​ដើម្បី​អនាគត​ក្រុម​គ្រួសារ​។

ទៅ​ពេល​ខាង​មុខ​នេះ​សាឡា​ត់ ស្រី​ឡា​ង​គ្រោង​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ណាមួយ​ព្រោះ​ចាប់តាំងពី​ចប់​ថ្នាក់​វិទ្យាល័យ​មក​នាង​បាន​ផ្អាក​ការ​រៀនសូត្រ​ដើម្បី​ធ្វើ​ការងារ​សម្រួល​ដល់​គ្រួសារ ដោយ​ចាប់​យក​អាជីព​សិល្បៈ ។

តាម​ផែនការ​ក្រៅពី​ប៉ង​លើ​ផ្នែក​សិក្សា​ថ្នាក់​បរិញ្ញាបត្រ សាឡា​ត់ ស្រី​ឡា​ង ចង់​បង្កើត​មុខរបរ​តាម​ល​ទ្ឋ​ភាព ដូច​ជា​ចង់​បើកហាង​លក់​ខោអាវ​បែប​យុវវ័យ និង​គ្រឿង​លម្អ​កាយ ផ្សេង​ៗ​។ តារា​សម្តែង​សាឡា​ត់ ស្រី​ឡា​ង រំពឹង​ថា​អាជីព​សិល្បៈ​របស់​នាង​នឹង​លូតលាស់​ឡើងជា​លំដាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ