ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ និង​យុវវ័យ​ជនជាតិ​ដើម​ភាគតិច​ទទួល​ការ​បណ្តុះ​បណ្តាល​សមត្ថភាព​លើ​ជំនាញ​ភាសា និង​វិស័យ​ភាពយន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​សម្រាប់​ការ​លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា រដ្ឋាភិបាល​អូស្ត្រាលី តាម​រយៈ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ចូលរួម​គាំទ្រ​ដល់​អង្គការ​សិល្បៈ​ក្នុងស្រុក​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​កសាង​សមត្ថភាព​សិល្បករ​វ័យក្មេង​កម្ពុជា សម្រាប់​ប្រកួត​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​គឺ​ការ​បណ្តុះបណ្តាល​ដល់​យុវវ័យ​នៃ​ក្រុម​ជនជាតិភាគតិច​ដើម្បី​សិក្សា​ជំនាញ​ផលិតភាព​យន្ត ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ…

រាជធានី​ភ្នំពេញ ៖ ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​សម្រាប់​ការ​លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា រដ្ឋាភិបាល​អូស្ត្រាលី តាម​រយៈ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ចូលរួម​គាំទ្រ​ដល់​អង្គការ​សិល្បៈ​ក្នុងស្រុក​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​កសាង​សមត្ថភាព​សិល្បករ​វ័យក្មេង​កម្ពុជា សម្រាប់​ប្រកួត​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​គឺ​ការ​បណ្តុះបណ្តាល​ដល់​យុវវ័យ​នៃ​ក្រុម​ជនជាតិភាគតិច​ដើម្បី​សិក្សា​ជំនាញ​ផលិតភាព​យន្ត ។

ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​សាកល្បង​មួយ​ដែល​គ្រប់គ្រង​ដោយ​គម្រោង​សិល្បៈ​ស​-​ស ឬ​ហៅ​ថា (Sa Sa Art Projects)​លើ​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា «​ភាសា​អង់គ្លេស​សម្រាប់​សិល្បករ​»​ឬ​ហៅ​ថា “English for Artists ” ។

គម្រោង​សាកល្បង​ដែល​មានឈ្មោះ​ថា «​ភាសា​អង់គ្លេស​សម្រាប់​សិល្បករ​» ឬ​ហៅ​ថា “English for Artists” គឺជា​គម្រោង​មួយ​ដែល​មាន​រយៈពេល​៣​ខែ និង​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​កសាង​សមត្ថភាព​ភាសា​អង់គ្លេស សម្រាប់​អ្នកសិល្បៈ​ខ្មែរ​វ័យក្មេង និង​អ្នកធ្វើការ​ផ្នែក​វប្បធម៌ ដោយ​ការ​អភិវឌ្ឍ​នូវ​វាក្យ​ស័ព្ទ​បច្ចេកទេស បរិបទ​វប្បធម៌ និង​ទំនុកចិត្ត​របស់​ពួក​គេ​ដើម្បី​លូតលាស់​នៅ​លើ​ឆាក​អន្តរជាតិ​។ គម្រោង​សាក​ល្បង​មួយ​នេះ គឺ​រៀបចំ​ឡើង​ដោយ​មាន​គោលបំណង​សំខាន់​ៗ​ដូច​ជា ការ​បណ្តុះបណ្តាល​សិល្បករ​ខ្មែរ​ជំនាន់​​ក្រោយ និង​អ្នកដឹកនាំ​វប្បធម៌ ដោយ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជំនាញ​ភាសា​ដើម្បី​កំណត់​អនាគត​របស់​ពួក​គេ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ដើម្បី​តំណាង​ឱ្យ​ខ្លួនឯង​នៅ​លើ​ឆាក​អន្តរជាតិ​។

បន្ថែម​ពីលើ​នេះ គម្រោង​នេះ​ក៏​បង្កើត​ឡើង​ដើម្បី​បំពាក់​ជំនាញ​ត្រឹមត្រូវ​ទៅ​ដល់​អ្នកគ្រប់គ្រង​ផ្នែក​សិល្បៈ និង​ត្រៀមខ្លួន​ដើម្បី​ជំរុញ​ការងារ​របស់​អង្គការ​រៀង​ៗ​ខ្លួន ដោយ​រួមចំណែក​ដល់​សហគមន៍​សិល្បៈ ការ​សហការ និង​ការ​កសាង​បណ្តាញ​សហគមន៍​ឲ្យ​កាន់តែ​រស់​រវើក​ជាង​មុន ។

លោក វុ​ធ លី​ណូ នាយក​នៃ​គម្រោង​សិល្បៈ ស​-​ស ឬ​ហៅ​ថា (Sa Sa Art Projects) មាន​ប្រសាសន៍​ថា គម្រោង​សាកល្បង​ដែល​មានឈ្មោះ​ថា «​ភាសា​អង់គ្លេស​សម្រាប់​សិល្បករ​» ជា​គម្រោង​សំខាន់​លើក​ទី​១​របស់​ស្ថាប័ន​លោក ដោយ​ផ្តួចផ្តើម​គំនិត​រួម​គ្នា ជាមួយ​សិល្បករ ឱ​ក ព្រហ្ម​សុ​ដ​ន្ត​រៈ ដើម្បី​ពង្រឹង​សមត្ថ​ភាព​សិល្បករ​ខ្មែរ សម្រាប់​ឱកាស​នៃ​ការ​ប្រឡូក​លើ​ឆាក​អន្តរជាតិ​។ គម្រោង​នេះ ទទួល​បានការ​ឧបត្ថម្ភ​មូលនិធិ​ដោយ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា ដោយ​បណ្តុះបណ្តាល​សមត្ថភាព​រយៈពេល​៣​ខែ ដល់​សិល្បករ​វ័យក្មេង​ចំនួន​១០​រូប ផ្នែក​សិល្បៈ Visual arts ដូច​ជា​ផ្នែក​ថតរូប និង​សិល្បៈ​គំនូរ​ជាដើម។

លោក វុ​ធ លី​ណូ មាន​ប្រសាសន៍​បញ្ជាក់​ថា « គម្រោង​នេះ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ព្រោះ​ជា​តម្រូវការ​សំខាន់​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​របស់​សិល្បករ​ខ្មែរ ដោយសារ​សិល្បករ​ខ្មែរ​ត្រូវការ​ចំណេះដឹង​ខាង​ផ្នែក​ភាសា​អង់គ្លេស ដើម្បី​ប្រឡូក​ឆាក​អន្តរជាតិ ក៏​ដូច​ជា​ឱកាស​ចូលរួម​និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នានា មិន​ត្រឹមតែ​ក្នុង​ប្រទេស​នោះ​ទេ តែ​ការ​ប្រឡូក​នៅ​ក្រៅប្រទេស »​។

លោក​បាន​បន្ថែម​ថា ការ​ពង្រឹង​ភាសា​អង់គ្លេស​ដល់​សិល្បករ​អាជីព គឺ​ជួយ​ឲ្យ​សិល្បករ​ចេះ​សរសេរ​និង​ពន្យល់​ជា​ភាសា​អង់គ្លេស ក្នុង​បរិបទ​សិល្បៈ​អំពី​ស្នាដៃ​សិល្បៈ​របស់​គាត់ ដោយ​មិន​ចាំបាច់​ឆ្លង​អ្នក​សម្របសម្រួល ឬ​ក៏​ពួក​គាត់​មាន​លទ្ធភាព​ទំនាក់ទំនង​ដោយ​ផ្ទាល់​ក្នុង​អាជីព​របស់​គាត់ ។

លោកនាយក​នៃ​គម្រោង​សិល្បៈ​ស​-​ស បន្ត​ថា «​វា​មាន​សារសំខាន់​សម្រាប់​សិល្បករ​វ័យក្មេង​និង​សិល្បករ​សហ​សម័យ ពង្រឹងសមត្ថភាព​សមត្ថភាព​លើ​អាជីព​របស់​គាត់ និង​ជួយ​ឲ្យ​មាន​ឯករាជ្យ​ភាព​របស់​សិល្ប​ករ សម្រាប់​ទំនាក់ទំនង និង​ផ្សារ​ភ្ជាប់​រួប​គាត់​លើ​ឆាក​អន្តរជាតិ ដោយ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​យាន »​។

ជាមួយ​គ្នា​នោះ​ផង​ដែរ កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ ស្ថានទូត​អូស្ត្រាលី ក៏​បាន​អញ្ជើញ​សិល្បករ​ជនជាតិ​ដើម​អូស្ត្រាលី​ដ៏​ល្បីល្បាញ​មួយ​រូប គឺ​អ្នក​នាង Tracey Moffatt មក​ប្រទេស​កម្ពុជា​សម្រាប់​កម្មវិធី NAIDOC Week ដែល​ជា​កម្មវិធី​ប្រារព្ធ​ឡើង​អបអរសាទរ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​សមិទ្ធផល​នៃ​ជនជាតិ​ដើម​អូស្ត្រាលី Aboriginal និង​Torres Strait​។ ខណៈ​ពេល​ដែល​អ្នក​នាង Tracey ស្ថិត​នៅ​ប្រទេស​កម្ពុជា ដោយ​មានការ​សហការ​ជាមួយនឹង​Sa Sa Art Projects ស្ថានទូត​អូស្ត្រាលី បាន​រៀបចំ​ឱ្យ​អ្នក​នាង Tracey បាន​ជួបជុំ និង​ចែករំលែក​នូវ​បទ​ពិសោធន៍​ជាមួយ​សិល្បករ​ខ្មែរ ។

បន្ថែម​ពីលើ​គម្រោង​ជួយ​ដល់​សិល្បករ​វ័យក្មេង​ពង្រឹងសមត្ថភាព​លើ​ភាសាបរទេស​នោះ រដ្ឋាភិបាល​អូស្ត្រាលី ក៏​បាន​ចូលរួម​ចំណែក​ផ្តល់​មូលនិធិ​ដល់​គម្រោង​មួយ ដែល​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា សម្រាប់​ការ​បង្ហាត់បង្រៀន​យុវជន​ខ្មែរ ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​។ ជា​លទ្ធផល យុវវ័យ​កម្ពុជា​ទាំងនេះ​នឹង​ប្រើប្រាស់​ជំនាញ​ផលិត​ខ្សែភាពយន្ត​ដើម្បី​ជួយ​លើកកម្ពស់​បញ្ហា​ដែល​ប្រឈម និង​បញ្ហា​ស្ត្រី និង​កុមារ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក ជា សុភាព នាយក​ប្រតិបត្តិ​របស់ មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា (Bophana Audiovisual Resource Center) មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​មក ស្ថានទូត​អូស្ត្រាលី​បាន​ជួយ​ដល់​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ​ជា​ច្រើន ទាំង​ការ​ជួយ​ដោយ​ផ្ទាល់ និង​មិន​ផ្ទាល់ ។

សម្រាប់​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា លោក ជា សុភាព បាន​បញ្ជាក់​ថា ស្ថានទូត​អូស្ត្រាលី​បាន​ចូលរួម​ចំណែក​ដល់​កម្មវិធី​មួយ​ឈ្មោះ​ថា «​បំពង​សំឡេង​ស្ត្រី និង​ក្រុម​ដែល​ត្រូវ​បាន​គេ​រើសអើង តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពហុ (Multi Media)»​។ កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី “Voices” របស់​អង្គការ Oxfam និង​មានការ​រួមចំណែក​របស់​មូលនិធិ​របស់​អូស្ត្រាលី ដល់​មជ្ឈមណ្ឌល​បូ​ផា​ណា បាន​ជ្រើសរើស​យុវវ័យ​ចំនួន​១២​រូប (​យុវនារី​២​រូប​)​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​៣ គឺ​ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង​ខេត្តបន្ទាយមានជ័យ ។

លោក ជា សុភាព មាន​ប្រសាសន៍​បន្ថែម​ថា «​គោលបំណង​សំខាន់​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​កើតឡើង ចំពោះ​ស្ត្រី​នៅ​សហគមន៍​ជនជាតិ​ដើម​ភាគតិច តាម​រយៈ​ការ​បណ្តុះ​បណ្តាល​យុវជន​ចេញពី​សហគមន៍​ឲ្យ​ចេះ​ផលិតភាព​យន្ត​ឯកសារ និង​ការ​នាំ​យក​បញ្ហា​ទាំង​អស់នោះ​មក​បង្ហាញ​ជូន​សាធារណជន និង​អ្នក​បង្កើត​គោលនយោបាយ (Policy-makers)​។ លោក​បន្ត​ថា គម្រោង​របស់​លោក​រយៈពេល​២​ឆ្នាំ ដោយ​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​យុវវ័យ​ទាំង​១២​រូប សម្រាប់​ការ​បណ្តុះ​បណ្តាល​មាន​លក្ខណៈ​តឹងរ៉ឹង និង incentive training ហើយ​ក៏​មានការ​បង្រៀន​លក្ខណៈ​បច្ចេកទេស ផ្នែក​ដឹកនាំ​រឿង​ផង ផ្នែក​សង្គម​ផង និង​ផ្នែក​សារព័ត៌មាន​ផង​ដែរ ។

លោក ជា សុភាព បញ្ជាក់​ថា គម្រោង​បណ្តុះបណ្តាល​នេះ គឺ​ទើបនឹង​ចាប់ផ្តើម​កាលពីដើម​ខែមករា ឆ្នាំ​២០១៩ ហើយ​គម្រោង​នេះ​គឺ​មានការ​ចូលរួម​មូលនិធិ​ខ្លះ​របស់​រដ្ឋាភិបាល​អូស្ត្រាលី និង​មូលនិធិ​ធំ​ពី​អង្គការ Oxfam និង​កំពុង​បន្ត​រក​មូលនិធិ​បន្ថែម​ទៀត ។

លោក ជា សុភាព មាន​ប្រសាសន៍​បញ្ជាក់​ថា «​ទី​១ គឺថា Multi-Media គឺជា​មធ្យោបាយ​មួយ​ស្រួល​ចែករំលែក​មែនទែន​។ ទី​២ ការ​បង្រៀន​ពួក​គាត់​ឲ្យ​ក្លាយទៅជា​អ្នកមាន​ជំនាញ​ពិតប្រាកដ មាន​អាជីព មាន​សីលធម៌ គឺជា​រឿង​ដ៏​សំខាន់​បំផុត […] មិន​ត្រឹមតែ​ចេះ​ផ្នែក​បច្ចេកទេស​នោះ​ទេ តែ​មាន​សីលធម៌​ខ្ពស់។

សម្រាប់​ការ​ផលិត​នូវ​ភាពយន្ត​ឯកសារ គឺ​យើង​ចង់​ឲ្យ​គាត់ មានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ត្រឹមត្រូវ »​។ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក​ជំទាវ Angela Corcoran មាន​ប្រសាសន៍​ថា ស្ថានទូត​អូស្ត្រាលី ពិតជា​មាន​មោទនភាព​ក្នុង​ការ​រួមចំណែក​ដល់​សហគមន៍​សិល្បៈ​ខ្មែរ ។

លោក​ជំទាវ Angela Corcoran មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ការ​គាំទ្រ​របស់​ស្ថានទូត​អូស្ត្រាលី​ចំពោះ​សហគមន៍​សិល្បៈ​ខ្មែរ​។ វា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​សហ​គមន៍​របស់​យើង​ក្នុង​ការ​ឱបក្រសោប​យក​សិល្បៈ និង​វប្បធម៌​។ ក្រោម​ការ​គាំទ្រ​ពី​អូស្ត្រាលី ខ្ញុំ​ចង់​មើល​ឃើញ​​សិល្បករ​ខ្មែរ​វ័យក្មេង​ចូលរួម​ក្នុង​ការ​បំផុសគំនិត ដើម្បី​បន្ត​នូវ​ភាព​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មី​របស់​ពួក​គេ​ឱ្យ​បាន​ល្អ​នា​ពេល​អនាគត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ