ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ឡុ​ង​ប៊ិ​ច​សហរដ្ឋអាមេរិក​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ទីក្រុង​ឡុ​ង​ប៊ិ​ច​បាន​ស​ម្រ​ច​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា ហើយ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​ពី​ជាង​៣០០០​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០១៦ និង​កើន​ជិត​៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ។ នេះ​បើ​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ទីក្រុង​ឡុ​ង​ប៊ិ​ច​បាន​ស​ម្រ​ច​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា ហើយ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​ពី​ជាង​៣០០០​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០១៦ និង​កើន​ជិត​៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ។

នេះ​បើ​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ២០១៩ ក្នុង​ឱកាស​ដែល​លោក​អនុញ្ញាត​អោយ​លោក​បណ្ឌិត រ៉ូ​ប៊ើ​ត ហ្គា​សៀ អភិបាលក្រុង​ឡុ​ង​ប៊ិ​ចនៃ​រដ្ឋ​កាលី​ហ្វ​រ​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក​ចូល​ជួប​សម្តែង​ការ​គួរសម​ពិភាក្សា​ការងារ និង​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រីភាព​នឹង​គ្នា​ស្រប​ពេល​ដែល​ប្រតិភូ​នេះ​បាន​នឹង​កំពុង​បំពេញ​ទស្សនៈកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៦ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩​នេះ ។

លោក​ឃួ​ង ស្រេង បានអោយ​ដឹង​ទៀត​ថា ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ជាមួយ​គ្នា ចាប់តាំងពី​ឆ្នាំ​១៩៥០​មក​ម្ល៉េះ​រហូត​មក​ដល់​ពេល​នេះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​អត្រាកំណើន​គួរ​អោយ​កត់សម្គាល់ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​ពី​៣,១៧៣​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៦ រហូត​ជិត​៤​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៨ និង​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ទៀត ។

លោក​ឃួ​ង ស្រេង បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនៈកិច្ច​របស់​គណៈប្រតិភូ​ទីក្រុង​ឡុ​ង​ប៊ិ​ច​ដែល​ដឹកនាំ​ដោយ​លោក បណ្ឌិត រ៉ូ​ប៊ើ​ត​ហ្គា​សៀ អភិបាលក្រុង​ឡុ​ង​ប៊ិ​ច ដែល​បាន​អ​ញ្ចើ​ញ​មក​ទស្សនៈកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ន័យ​រឹតចំណង​មិត្តភាព សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ និង​ការ​ចុះ​អនុស្សា​រណៈ​ស្តី​ពី​ការ​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​រដ្ឋបាល​នៃ​ប្រទេស​ទាំង​ពីរ​ភ្នំពេញ​-​ឡុ​ង​ប៊ិ​ច អោយ​កាន់តែ​រឹង​មាំ និង​កាន់តែ​ស៊ីជម្រៅ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ក្នុង​ជំនួប​នោះ​គណៈ​ប្រិត​ភូ​ទីក្រុង​ឡុ​ង​ប៊ិ​ច និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​ទីក្រុង​ឡុ​ង​ប៊ិ​ច​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា​នៃ​សហរដ្ឋអាមេរិក និង​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា ហើយ​ការ​ចង់សម្ព័ន្ធ​មេត្រីភាព​នេះ គឺ​ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​វប្បធម៌ និង​ការ​អបរំ​ក៏​ដូច​ជា វិស័យសេដ្ឋកិច្ច និង​ចំណងមិត្តភាព​រវាង​ប្រជាជន​នៃ​ទីក្រុង​ទាំង​ពីរ តាម​រយៈ​លក្ខខណ្ឌ និង​ខ្លឹមសារ​មួយ​ចំនួន​ដែល​មាន​ដូច​ជា ទី​១ ទីក្រុង​ទាំង​ពីរ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​អនុវត្ត​ការ​ផ្លាស់​ប្តូរ​សហប្រតិបត្តិការ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព និង​ផលប្រយោជន៍​ទាំង​សងខាង ។

ទី​២ រាជធានី​ភ្នំពេញ និង​ទីក្រុង​ឡុ​ង​ប៊ិ​ច និង​សម្របសម្រួល​អោយ​មានការ​ផ្លាស់​ប្តូរ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ៗ​រួម​មាន​សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល និង​ធនធានមនុស្ស វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ជំរុញ​អោយ​មានការ​អភិវឌ្ឍ​ជា​រួម ដើម្បី​ចែករំលែក​ភាព​រីក​ចម្រើន​រវាង​គ្នា និង​គ្នា ។ ទី​៣ រាជធានី​ភ្នំពេញ និង​ទីក្រុង​ឡុ​ង​ប៊ិ​ច និង​ឯកភាព​សម្របសម្រួល​អោយ​មានការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនៈកិច្ច​របស់​តំណាង​ទីក្រុង​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក ។

ទី​៤ រក្សា​ទំនាក់​ទំនងជា​ប្រចាំ ដើម្បី​រក្សា​បាន​នូវ​សម្ព័ន្ធមេត្រីភាព​របស់​ថ្នាក់ដឹកនាំ និង​អង្គភាព​ពាក់ព័ន្ធ​របស់​ទីក្រុង​ទាំង​ពីរ ដើម្បី​ជំរុញ​អោយ​មាន​កិច្ច​ពិភាក្សា​ជា​បន្តបន្ទាប់​លើ​បញ្ហា​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​ការ​ផ្លាស់​ប្តូរ​ទ្វេភាគី រួម​ទាំង​បញ្ហា​ផ្សេង​ៗ​ទៀត ដែល​ភាគី​ទាំង​ពីរ​មាន​ចំណាប់អារម្មណ៍ ។ ទី​៥ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ គឺ​ដើម្បី​ពង្រឹង​នូវ​ការ​ផ្លាស់​ប្តូរ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដោយ​មិន​មាន​កាតព្វកិច្ច​ច្បាប់​ណាមួយ​ឡើយ ។

រាជធានី​ភ្នំពេញ​មាន​ក្តី​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា បន្ទាប់​ពី​ទីក្រុង​ទាំង​ពីរ​បាន​ក្លាយជា​សម្ព័ន្ធមេត្រីភាព​ការ​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​ចងសម្ព័ន្ធ​មេត្រីភាព​នេះ​ហើយ​ទីក្រុង​ទាំង​ពីរ និង​មានការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនៈកិច្ច​ជា​បន្តបន្ទាប់ ដើម្បី​ឈាន​ទៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី និង​បាន​នាំ​មក​នូវ​កាលានុវត្តភាព​ថ្មី​មួយ​សម្រាប់​ជា​ប្រយោជន៍​លើ​ប្រទេស​ជាតិ និង​ប្រជាជន​នៃ​ទីក្រុង​ទាំង​ពីរ​ក្នុង​ស្មារតី​ផ្តល់​ការ​គាំទ្រ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​វិស័យ​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ