រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះស្ថានភាពរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍របស់លោក ជួង ជី ហៅនាយ កុយ បានធូរស្បើយបន្តិចហើយ ដោយសារតែបានយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជួយពិនិត្យតាមដានព្យាបាល ។ យ៉ាងណាមិញលោក ជួង ជី មិនអាចបន្តការសម្តែងមួយរយៈខ្លី ព្រោះត្រូវបែកពីវេទិកាសិល្បៈសម្រាកព្យាបាលដល់ទៅ៣ខែដែលចេញបញ្ជាដោយក្រុមគ្រូពេទ្យឯកទេស ។
ក្នុងហេតុការណ៍កន្លងទៅរថយន្តដែលក្រឡាប់ជិះគ្នា៥ទៅ៦នាក់មាននាយ កុយ, នាយ ក្រិន និងភរិយា, អ្នកនាងប្រិមប្រិយ ជាដើម ក្រោយជួបបញ្ហានាយ កុយ រងរបួសច្រើនជាងគេ ខណៈអ្នកផ្សេងមិនអី និងសុខសុវត្ថិភាពដូចដើម ដោយនាយ កុយ របួសកែងដៃស្តាំដេ៦ថ្នេ ហើយគ្រាំទ្រូងប្រេះឆ្អឹងជំនី ។ បន្ទាប់ពីតាមដាននាយ កុយ ត្រូវក្រុមគ្រូពេទ្យសម្រេចឲ្យសម្រាកនៅផ្ទះព្យាបាលហោចណាស់៣ខែទើបស្រួលដូចដើមដោយនាយ កុយ យល់ព្រមគោរពតាម ។
រថយន្តដែលខ្ទេចនោះត្រូវបាននាយ កុយ លើកឡើងថា ចំណាយជួសជុលប្រមាណ៥ទៅ៦ពាន់ដុល្លារដោយលោកអាចមានលទ្ឋភាពជួសជុលធ្វើបាន ។ ទោះបីជាបែបណានាយ កុយ បានបង្ហាញអារម្មណ៍កក់ក្តៅពេលឃើញមហាជនសម្តែងការព្រួយបារម្ភចង់ដឹងពីសុខភាពរបស់លោក ៕
ចែករំលែកព័តមាននេះ