ទីក្រុងបាងកក ៖ កំណើនតម្លៃប្រាក់បាតកំពុងតែបន្ថែមឧបសគ្គដល់សេដ្ឋកិច្ចថៃដែលពឹងផ្អែកលើការនាំចេញ ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានបាងកក ប៉ុស្ដិ៍ កាលពីថ្ងៃទី ២១ មករា ម្សិលមិញ។
យោងតាមទិន្នន័យរបស់ Bloomberg បានបង្ហាញឲ្យដឹងថា តម្លៃប្រាក់បាតបានកើនឡើង ៥%ក្នុងរយៈពេល៦ខែមកនេះ ។ ជាមួយបគ្នានេះ លោក Duangrat Prajaksilpthai ដែលជាសេដ្ឋវិទូនៅធនាគារ TMB Bank បានឲ្យដឹងដែរថា ៖« វាគឺជាឆ្នាំដ៏លំបាក។ ការនាំចេញនឹងអន់ថយ ព្រោះតែសង្គ្រាមពាណិជ្ជកម្ម។ កំណើនតម្លៃប្រាក់បាតនឹងប៉ះពាល់ដល់ប្រាក់ចំណូលពីការនាំចេញបន្ថែមទៀតពេលដែលប្តូរមករូបិយប័ណ្ណក្នុងស្រុក »។
លោក Jitipol Puksamatanan ប្រធានផ្នែកយុទ្ធសាស្ត្រនៅធនាគារ Krungthai Bank បាននិយាយដែរថា តម្លៃរូបិយប័ណ្ណនេះនឹងបន្តមានភាពរឹងមាំក្នុងឆ្នាំនេះ ប៉ុន្តែលោក Prakash Sakpal សេដ្ឋវិទូនៅ ING Group បានឲ្យដឹងថា ឧបសគ្គផ្នែកនយោបាយនៅតែមានវត្តមានព្រោះតែការបោះឆ្នោតឆ្នាំ២០១៩ ។
គួរបញ្ជាក់ដែរថា ការនាំចេញផលិតផលនិងសេវាកម្មស្មើនឹង២ភាគ៣នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ។ ការស្ទង់មតិរបស់ Bloomberg បានឲ្យដឹងថា ការនាំចេញផលិតផលក្នុងខែធ្នូអាចនឹងធ្លាក់ចុះ០,២%បើធៀបនឹងឆ្នាំ២០១៧ ។ យ៉ាងណាក្តីអ្នកតាមដានទីផ្សារមួយចំនួននៅតែមានជំនឿចិត្តលើសេដ្ឋកិច្ចថៃដដែល។
ធនាគារពិភពលោកបានឲ្យដឹងកាលពីសប្តាហ៍មុនមកថា កំណើនការចំណាយក្នុងស្រុក និងការវិនិយោគកំពុងតែជួយបំពេញការធ្លាក់ចុះក្នុងផ្នែកនាំចេញហើយ ។
ជាមួយគ្នានេះផងដែរ ធនាគារជាតិរបស់ប្រទេសថៃបានបង្កើនអត្រាការប្រាក់កាលពីខែធ្នូជាលើកដំបូងតាំងពីឆ្នាំ២០១១មក មកស្មើនឹង១,៧៥% ខណៈដែលពួកគេចង់កាត់បន្ថយហានិភ័យក្នុងទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែកំណើនតម្លៃប្រាក់បាតអាចនឹងធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញដោយដាក់សម្ពាធលើអតិផរណា ៕
ចែករំលែកព័តមាននេះ