ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កុម្មុយនីស្ត​វៀតណាម​សាទរ​ការ​រីក​ចម្រើន​កម្ពុជា និង​ភាព​ជោគជ័យ​គណបក្ស​ប្រជាជន​កម្ពុជា​អាណត្តិ​ទី​៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណកម្មាធិការ​ត្រួតពិនិត្យ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​សាទរ​ចំពោះ​ភាព​រីក​ចម្រើន​របស់​កម្ពុជា និង​បាន​សាទរ​ចំពោះ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​អាណត្តិ​ទី​៦ ។ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី កិ​តិ្ត​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណកម្មាធិការ​ត្រួតពិនិត្យ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​សាទរ​ចំពោះ​ភាព​រីក​ចម្រើន​របស់​កម្ពុជា និង​បាន​សាទរ​ចំពោះ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​អាណត្តិ​ទី​៦ ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី កិ​តិ្ត​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​នៅ​ទីស្តីការក្រសួង​កាលពី​សៀ​ល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ លោក​Tran Cam Tu ប្រធាន​គណកម្មាធិការ​ត្រួតពិនិត្យ មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​បាន​សាទរ​ចំពោះ​ភាព​រីក​ចម្រើន​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ដែល​នឹក​ស្មាន​មិន​ដល់ និង​បាន​សាទរ​ចំពោះ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​ប្រជាជន​កម្ពុជា​បោះ​ឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលុប ដើម្បី​ដឹកនាំ​ប្រទេស​ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ជា​បន្ត​ទៀត ។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ណុ​ប ចាន់​ណា​រិ​ន្ទ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ ក្រសួង​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប ។ លោកស្រី​ម៉ែ​ន សំ​អន បាន​លើក​ឡើង​ថា វត្តមាន​របស់​ប្រតិភូ​វៀតណាម​ដែល​បាន​មក​កាន់​កម្ពុ​ជានា​ពេល​នេះ​ស្រប​ពេល​ដែល​កម្ពុជា​ទើបតែ​ប្រារព្ធ​ពិធី​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន គឺ​ពិធី​សម្ភោ​ធ​វិមាន​ឈ្នះ ឈ្នះ ក៏​ដូច​ជា​ការ​រំលឹក​ពី​នយោបាយ​ឈ្នះ ឈ្នះ ខួប​លើក​ទី​២០​ឆ្នាំ និង​ទិវា​ជ័យ​ជំនះ​៧ មក​រា ខួប​លើក​ទី​៤០​ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ហេង សំ​រិ​ន ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​ដែល​ខ្ទេចខ្ទាំ ដោយសារ​សង្គ្រាម និង​ការ​កាប់សម្លាប់​បំផ្លិចបំផ្លាញ​យ៉ាង​រង្គាល​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត មក​ជា​ប្រទេស​មួយ​មាន​សន្តិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

ពី​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​មក​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ធានា​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ថេរ​ជាង​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​នា​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ។ លោកស្រី​បាន​បញ្ជាក់​ថា សមិទ្ធផល​ដែល​ប្រជាជាតិ​ទទួល​បាន​រយៈពេល​៤០​ឆ្នាំ​មកនេះ គឺ​មិនមែន​បាន​មក​ដោយ​គ្មាន​ការ​តស៊ូ និង​ការ​លះបង់​នោះ​ឡើយ ។ ហើយ​បើ​គ្មាន​ការ​គួប​ផ្សំ​ពី​កងកម្លាំង​ស្ម័គ្រចិត្ត​វៀតណាម តាម​ការ​អំពាវនាវ​របស់​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​នោះ​ទេ គឺ​ពិតជា​មិន​អាច​មាន​ជ័យ​ជំនះ​៧ មក​រា ១៩៧៩ បាន​នោះ​ដែរ ។

លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បន្ត​ទៀត​ថា ទន្ទឹម​នឹង​ជោគជ័យ​រយៈពេល​៤០​ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​តាម​រយៈ​អភិក្រម​ទាំង​៥​ឆ្លុះកញ្ចក់​មុជទឹក ដុសក្អែល ព្យាបាល វះកាត់ និង​បាវចនា​២​ទៀត គឺ​កែទម្រង់​ខាងក្នុង​បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ ដែល​នេះ​ជា​ស្មារតី​បម្រើ​ជាតិ និង​ប្រជាជន​ប្រកបដោយ​ភាព​ស្មោះត្រង់ ។

ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើកកម្ពស់ជីវភាពមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ តាមរយៈការតំឡើងប្រាក់បៀវត្ស និងយកចិត្តទុកដាក់ដល់កសិករ កម្មករ ពិសេសការផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ដល់បងប្អូនកម្មការិនីផងដែរ ។

ទាក់​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​វៀតណាម​ភាគី​ទាំង​២​បាន​បង្ហាញ​នូវ​ជំហរ​ដូច​គ្នា​ដោយ​បន្ត​កិច្ចសហការ និង​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​វិស័យ បើ​ទោះជា​សភាព​ការ​ពិភពលោក​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងណា​ក៏​ដោយ ពិសេស​ប្រជាជន និង​រដ្ឋអំណាច​មូលដ្ឋាន​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ទាំង​ពីរ​នៅ​តែ​សហការ​គ្នា​បាន​ល្អ​លើ​ការ​ផ្លាស់​ប្តូរ​ទំនិញ​ពាណិជ្ជកម្ម សេវា​សុខភាព ហើយ​កំពុង​ធ្វើ​ឱ្យ​តំបន់​ព្រំដែន​មួយ​នេះ​ក្លាយទៅជា​ព្រំដែន​សន្តិភាព និង​សហប្រតិបត្តិការ ។

ជាមួយ​គ្នា​នេះ​លោក Tran Cam Tu បាន​បញ្ជាក់​ថា រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​បាន​ប្តេជ្ញា​ចិត្ត​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ ពិ​សេ ស​លើ​វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​ឲ្យ​កាន់​កើនឡើង​ថែម​ទៀត បើ​ទោះជា​ភ្ញៀវ​ទេស ចរ​វៀតណាម​បច្ចុប្បន្ន​ដែល​បាន​មក​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​២​ក៏​ដោយ ។

លោកស្រី​ម៉ែ​ន សំ​អន បាន​ជម្រាប​ជូន​ភ្ញៀវ​បន្ថែម​ទៀត​ថា កម្ពុជា​កំពុង​មាន​សន្តិភាព ឯកភាព​ជាតិ​ទាំងស្រុង​បាន​រស់នៅ​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែ​មួយ​រាជរដ្ឋាភិបាល​តែ​មួយ​កងទ័ព​ជាតិ​តែ​មួយ ដោយ​គ្មាន​ការ​បែងចែក កងកម្លាំងប្រដាប់អាវុធ និង​តំបន់​ត្រួតត្រា​ផ្សេង​ៗ​គ្នា ហើយ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​រស់នៅ​ជាមួយ​គ្នា​ក្នុង​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​យ៉ាង​សុខដុមរមនា ក្រោម​ម្លប់​នៃ​ព្រះរាជ​បល្ល័ង្ក និង​ព្រះមហាក្សត្រ​តែ​មួយ​អង្គ​ជាទី​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​ជា​ឱកាស​ស្ដារ​សង្គម​-​សេដ្ឋកិច្ច បាន​រីក​ចម្រើន​ដូច​បណ្តា​ប្រទេស​ជិតខាង និង​ក្នុង​តំបន់​នឹង​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ