ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសជាទំងន់ បន្ទាប់ពីជិះម៉ូតូទៅបុកគោយន្តដឹកឈើរបស់អ្នកស្រុកសំរាប់ធ្វើផ្ទះពីក្រោយយ៉ាងពេញទំហឹង ព្រោះតែគ្មានចំណាំងផ្លាតពីក្រោយ។ អ្វីដែលជាការហួសចិត្ត នៅពេលប្រជាពលរដ្ឋដឹកជនរងគ្រោះទៅដល់មណ្ឌលសុខភាពត្រពាំងជោរ ស្រាប់តែលោកប្រធានប្រាប់ថា ទាល់តែក្រុមគ្រួសារមកសិន ទើបហា៑នសង្គ្រោះ ដោយខ្លាចជនរងគ្រោះបាត់បង់ជីវិត សមត្ថកិច្ចក៏ទាក់ទងរថយន្តដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាព អមលាំង វិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងតាមបណ្តោយផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រ៦៩ និង៧០ កាលពីម៉ោង២០និង៤០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ កំពង់ស្ពឺ។ ជនរងគ្រោះខាងលើត្រូវបានស្គាល់មានឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចំណែកអ្នកបើកគោយន្តរត់គេចខ្លួនបាត់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តមួយគ្រឿងដឹកឈើខ្នៀបយកទៅធ្វើផ្ទះក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចខាងលើ មានម៉ូតូមួយគ្រឿងធ្វើដំណើរស្របទិសគ្នាបានមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូកៀបជាប់នឹងឈើ ហើយមនុស្សរងរបួសជាទំងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅដល់ និងធ្វើកំណត់ហេតុរួចរាល់ គោយន្តដឹកឈើ និងម៉ូតូជនរងគ្រោះ សមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលត្រពាំងជោរ ដើម្បីរកម្ចាស់គោយន្តឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន ហើយគោយន្តមិនមានចំណាំងផ្លាតពេលយប់ពីក្រោយទៀត។
ប្រភពបានឱ្យដឹងទៀតថា ក្រោយកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាជួយដឹកញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពត្រពាំងជោរ ដើម្បីសង្គ្រោះផងដែរ។ បើយោងតាមការនិយាយតៗគ្នារបស់ប្រជាពលរដ្ឋប្រាប់សមត្ថកិច្ច គឺនៅពេលដែលពួកគាត់បញ្ជូនជនរងគ្រោះទៅដល់លោកប្រធានមិនព្រមជួយសង្គ្រោះនោះទេ ដោយសំអាងថា គ្មានក្រុមគ្រួសារសាច់ញាតិមក រង់ចាំឱ្យសាច់ញាតិមកសិន ទើបហា៑នសង្គ្រោះ ដោយខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ។ នៅពេលដែលសមត្ថកិច្ចទៅដល់ក៏បានទាក់ទងហៅរថយន្តសង្គ្រោះមណ្ឌលសុខភាពអមលាំង ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះតែម្តង។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ក្រុមគ្រូពេទ្យ ជាពិសេសលោកប្រធានមណ្ឌលសុខភាពតែម្តងថាមិនយកចិត្តទុកដាក់សង្គ្រោះបឋមដល់ជនរងគ្រោះនោះទេ ដោយយកលេសថា គ្មានក្រុមគ្រួសារមកធានា។ គ្មានអ្នកណាម្នាក់ដឹងទេថា ក្នុងនាមគ្រូពេទ្យ តើត្រូវធ្វើឱ្យសមតាមក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យនោះទេ តែលោកប្រធានធ្វើនេះ គឺអមនុស្សធម៌ពេកហើយ។ មានការលើកជាសំណួរថា ដោយការគិតបែបអវិជ្ជមាននេះ បើសិនជារបស់សង្គ្រោះបាន ហើយត្រូវស្លាប់នោះ តើលោកប្រធានគិតយ៉ាងណាដែរ ហើយបើសិនជាថ្ងៃណាមួយក្រុមគ្រួសារសាច់ញាតិរបស់លោកជួបរឿងបែបនេះនៅកន្លែងផ្សេងដូចករណីនេះ តើអារម្មណ៍របស់លោកយ៉ាងមិចវិញ?
ចែករំលែកព័តមាននេះ