ខេត្តព្រះសីហនុ ៖ កំណាត់ផ្លូវខូច និងទឹកស្អុយនៅផ្លូវឯករាជ្យចំកណ្ដាលទីក្រុងត្រូវបានចាប់ផ្តើមជួសជុលឡើងវិញហើយបន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ថា អាជ្ញាធរក៏ដូចជាមន្ទីរជំនាញអង្គភាពពាក់ព័ន្ធដែលបណ្តែតបណ្តោយឲ្យទឹកស្អុយហូរមកលិចផ្លូវបណ្តាលឲ្យប្រជាពលរដ្ឋមានការលំបាកធ្វើដំណើរ និងប៉ះពាល់បរិស្ថានក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិមកលេងកម្សាន្ត ។

យោងតាមការរៀបរាប់ពីសំណាក់ប្រជាពលរដ្ឋដែលបានឆ្លងកាត់បានបង្ហាញទស្សនៈថា ផ្លូវលិចទឹកខាងលើមានរយៈពេលច្រើនថ្ងៃមកហើយតែមិនទាន់ឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញមានវិធានការនោះឡើយ ។ នេះសំណាងហើយពុំមានភ្លៀងធ្លាក់ខ្លាំងដូចរដូវវស្សា ម្ល៉េះចំណុចនោះនឹងក្លាយជាបឹងជាក់ជាពុំខាន ព្រោះតែប្រព័ន្ធលូត្រូវបានស្ទះ ។
ប្រភពដដែលបានបន្តថា បើថាលិចត្រង់នៅកន្លែងណាមិនថាទេ នេះលិចចំកណ្តាលបេះដូង ផ្លូវសំខាន់ជាងគេរបស់ខេត្តបង្កអោយមានក្លិនស្អុយ បង្កគ្រោះថ្នាក់ជាញឹកញាប់ ក្នុងរយៈពេលជិត១៥ថ្ងៃនេះ ។

ជុំវិញបញ្ហាផ្លូវខូចទឹកលិចផ្លូវខាងលើនេះលោក ណុប ហេង ប្រធានមន្ទីរសារធារណៈការខេត្តព្រះសីហនុបានទទួលស្គាល់ថា ពិតជាមានបញ្ហានេះមែនដោយសាតែមានការវិនិយោគសំណង់ធំៗធ្វើឲ្យខ្សាច់ និងកាកសំណល់ផ្សេងៗរបស់អគារហូចាក់លុបប្រព័ន្ធលូទើបធ្វើឲ្យជនលិចផ្លូវដូចនេះ ។
លោកក៏បានឲ្យមន្ត្រីរបស់លោកចុះពិនិត្យ និងធ្វើការជួសជុលម្តងរួចហើយ ប៉ុន្តែដោយសារតែគ្រឿងចក្រខូចមិនទាន់ជួសជុលរួចទើបតែនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះមន្ត្រីជំនាញរបស់លោកបានចាប់ផ្តើមបន្តការងារសារជាថ្មីហើយ ៕
ចែករំលែកព័តមាននេះ