ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​ជិះស្គី​ទឹកកក​​ដំបូងគេ​​នៅ​កម្ពុជា​​ពិត​ជា​ប្លែក

11 ឆ្នាំ មុន

តើ​ល្បែង​​កម្សាន្ត​ប្រភេទ​ណា​ដែល​អ្នក​​ចូល​ចិត្ត​បំផុត ហើយ​អ្នក​ធ្លាប់​បាន​លេង​ហើយឬនៅ? ​សប្តាហ៍​​នេះ​ទស្សនា​វដ្តី​​មហា​គ្រួសារ​សូម​នាំ​​អារម្មណ៍​លោក​-​អ្នក​ទៅ​មណ្ឌល​កម្សាន្ត​​មួយ​ក្នុង​ស្រុក​ដែល​អាច​ចាត់​ទុក​ថា ជា​កន្លែង​កម្សាន្ត​គ្មាន​ពីរ និង​លើក​ដំបូង​​គេ​បង្អស់​​នៅ​​កម្ពុជា គឺ​កំរាល​ពីសជិះ​ស្គី​ធ្វើ​ពី​ទឹក​កក​ពិតៗ មិន​ចាំ​​ទៅ​អឺរ៉ុប​ ឬតំបន់​មាន​ទឹក​កក​ឡើយ ។ ទីនេះ​មានល្បែង​កម្សាន្ត​ប្លែកៗ​​​ជាច្រើន​

តើ​ល្បែង​​កម្សាន្ត​ប្រភេទ​ណា​ដែល​អ្នក​​ចូល​ចិត្ត​បំផុត ហើយ​អ្នក​ធ្លាប់​បាន​លេង​ហើយឬនៅ? ​សប្តាហ៍​​នេះ​ទស្សនា​វដ្តី​​មហា​គ្រួសារ​សូម​នាំ​​អារម្មណ៍​លោក​-​អ្នក​ទៅ​មណ្ឌល​កម្សាន្ត​​មួយ​ក្នុង​ស្រុក​ដែល​អាច​ចាត់​ទុក​ថា ជា​កន្លែង​កម្សាន្ត​គ្មាន​ពីរ និង​លើក​ដំបូង​​គេ​បង្អស់​​នៅ​​កម្ពុជា  គឺ​កំរាល​ពីសជិះ​ស្គី​ធ្វើ​ពី​ទឹក​កក​ពិតៗ  មិន​ចាំ​​ទៅ​អឺរ៉ុប​ ឬតំបន់​មាន​ទឹក​កក​ឡើយ ។ ទីនេះ​មានល្បែង​កម្សាន្ត​ប្លែកៗ​​​ជាច្រើន​ទៀត​​ដែល​មិនធ្លាប់​មាន​ក្នុង​ប្រទេស​យើង​កន្លង​មក ពោលគឺ​​យុវ​វ័យ​ និង​កុមារ​​មិន​ធ្លាប់​បាន​សាក​ល្បង​ឡើយ ។ ​ ​

ឡើង​មក​ដល់​ជាន់​ទី​​១០ នៃ​អគារ KIDS CITY ​ដែល​មាន​ទីតាំង​​លើកំណាត់​​​មហា​វិថី​ព្រះ​សីហនុ ក្បែរ​អគារ​៤២​ជាន់​យើង​​សង្កេត​ឃើញ​​ល្បែង​ប្លែក​​ពេញ​​និយម​ខ្លាំងសម្រាប់​​​យុវ​វ័យ​ និង​កុមារ ហើយ​​បើ​មើល​ពី​ទឹក​មុខ និង​សកម្ម​ភាព​របស់​ពួកគេ​​ដែល​កំពុង​រំអិល​ស្គី គឺ​​​ម្នាក់ៗ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពីភាព​រីករាយ​ពន់​ពេក ខណៈ​រាង​កាយហាក់​រឹង​រងា​ចំប្រប់ ដោយ​សារ​​សីតុណ្ហ​ភាព​-៥អង្សាសេ នៅ​​លើ​កំរាលពីស​ទឹក​កក និង​១០​អង្សាសេ​នៅ​ក្នុង​បរិវេណ​​ជុំវិញ ធ្វើ​​ឱ្យ​បុគ្គ​លិក​ប្រចាំ​ការ​​ត្រូវ​ពាក់​អាវ​​ធំ​ការពារ ​ឯ​អ្នកចូល​​ទស្សនា​​​ខ្លះ​ត្រជាក់​ដល់​អោប​ដៃ ​តែអ្នក​ខ្លះ​​ទៀតបែរ​ជា​​ស្លៀក​ខ្លី​​ហាក់​មិន​ខ្ចី​រវល់​នឹង​អាកាសធាតុ​​ត្រជាក់​ស្ទើរ​ដូច​តំបន់​ប៉ូល​នេះ​ឡើយ ។ អ្នក​ខ្លះ​​មិន​ចេះ​ជិះ​​ស្គីទេ តែ​​​ដោយ​ការ​ចូលចិត្ត​នឹង​​ល្បែង​​នេះ ក៏​ហ៊ាន​ប្រថុយ​​ពាក់​​ស្បែក​​ជើងស្គី​ចូល​​លេង​លើ​កំរាល​ពីស​ទឹក​កក​​​បង្ហាញ​ពី​ភាព​ក្លា​ហាន​ និង​សមត្ថ​​ភាព​​​ទាំង​ពេល​ចូល​ដល់​ភ្លាមៗ​ត្រូវ​រៀន​បោះ​ជំហាន​ដោយ​អប​នឹង​របាំង​ការ​ពារ​​ក្នុង​សភាព​ត្រជាក់​​ញ័រ​ញាក់​ ហើយ​អ្នក​ខ្លះ​ដួលច្រងាប់​ច្រងិល​គួរ​ឱ្យចង់​សើច។ ​ដោយ​ការព្យា​​​យាម ​មិន​យូរ​ប៉ុន្មាន​​គាត់​អាច​លែងដៃ​ដើរ​បាន​រ​ដាក់​រដុប​ដោយខ្លួន​ឯង ។ ឯ​អ្នក​ចេះ​ស្រាប់​គាត់​​លេង​ស្តាយ​បានម៉ា​សេរីពេញ​កំរាល​ពីស​ បញ្ចេញ​​​កាយ​វិការ​តាម​បទភ្លេង​​ពីរោះៗ​ក្រោម​ពន្លឺ​ភ្លើង​ពណ៌​ឆ្លុះ​​ចាំង​ភ្លឺ​ផ្លេក។

លោក​គឹម ​ហេង ជា​មន្ត្រី​រាជការ និង​​ជា​ភ្ញៀវ​​​នៅ​កន្លែងរំអិល​ស្គីនេះ ​បាន​ឱ្យ​ដឹង​ថា ពេល​មក​ដល់​ទីនេះ​​ សប្បាយ​​ត្រជាក់​​ស្រួលខ្លួន ហើយ​ប្លែក​​ពីកន្លែង​​ដទៃ​ច្រើន ព្រោះ​​កន្លែងបែប​នេះ​នៅ​ភ្នំពេញ​​យើង​មិន​ធ្លាប់​មាន​ទេ ។ ទី​នេះ​ជា​កន្លែង​ដំបូង​គេ​ដែល​​មានល្បែង​​កម្សាន្ត​សុទ្ធ​តែ​ប្លែកៗ​សម្រាប់​យុវ​វ័យ​ និង​ក្មេងៗ​សប្បាយ ​​ឃើញ​​ហើយ​ធ្វើ​ឱ្យ​យើង​រំភើប​​ និង​​ចង់​​​សាក​ល្បង​ ។

​កញ្ញា លីលី ជា​សិស្សវិទ្យា​ល័យ​​មួយ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងថា ​ពេល​មក​ដល់​ទីនេះ​​ខ្ញុំ​​មាន​អារម្មណ៍​ថា ពិត​ជាប្លែក ប៉ុន្តែ​បើ​​មើល​បរិវេណ​​លេង​​ស្គី​របស់​​យើង​ ​ធៀប​នឹង​បរទេស​វា​ដូចជា​តូច​បន្តិច ប៉ុន្តែ​​ផ្ទុយ​ទៅវិញ​​នៅពេល​ខ្ញុំ​ចូល​លេង​ បែរ​ជា​​យល់ថា វា​មិន​តូចប៉ុន្មាន​ទេ ហើយ​​មាន​អារម្មណ៍​ថា ដូច​បាន​ជិះ​ស្គី​នៅ​បរទេស​​អញ្ចឹង​ដែរ ។ ​លោក​ស្រី​ សុខនាង ជាមេផ្ទះ​មាន​​ទី​លំនៅ​​នៅក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​​នាំ​ក្មួយ​ម្នាក់ និង​កូន​របស់គាត់​ម្នាក់​មក​កម្សាន្ត ។ លោក​ស្រី​បាន​ឱ្យ​ដឹងថា ខ្ញុំ​មកទីនេះដោយសារ​កូន​ចង់​​លេង​ស្គី​​ទឹក​កក​​នេះ​តែម្តង កូន​ចូល​ចិត្ត​ និង​ចង់​ជិះ​លេង​​តាំងពីនៅតូច​េម៉្លះ ​ហើយ​ក្នុង​ចំណោម​​ល្បែង​​ទាំងអស់​កូន​មាន​ចំណាប់​អារម្មណ៍ខ្ពស់​​លើស្គី​ទឹកកក​នេះឯង។ ​

លោក​​មាស សុភក្ត្រ Assistan to CEO-Floor Manager (Ice Skating) នៅ Kids City  Asia Company Limited បានឱ្យ​ដឹង​ថា ជាទូទៅ​នៅ KIDS CITY ​មាន​ការ​​​រៀបចំ​ខុស​ពី​កន្លែង​ដទៃ​បន្តិច ដោយ​សារ​យើង​ចែក​ជា​​ពីរ​សកម្ម​ភាព​ មួយ​គឺ​ហាង​​លក់​សម្លៀក​​​បំពាក់​ ហើយ​​មួយ​ទៀត​ គឺ​សម្រាប់​​លេង​កម្សាន្ត ។ ​ យើង​​មាន​រូប​ភាព​​ ការ​ចង្អុល​​បង្ហាញ និង​ផែនទី​មួយ​ចំនួន​ជូន​ភ្ញៀវ ព្រម​​​ទាំង​​​ណែនាំ​ ​។ អញ្ចឹង​​ពេល​ភ្ញៀវ​​សម្រេច​​ចិត្ត​ថា ​ចង់​លេង​​អ្វី យើង​​នាំគាត់​​ទៅ​ជាន់​នោះ​តែ​ម្តង។ ​ពិសេស​​ទៀត​នោះ គឺកន្លែង​យើង​មិន​តម្រូវ​ឱ្យ​ចាយ​ប្រាក់​សុទ្ធ​នោះ​​ទេ បើ​ភ្ញៀវ​​ត្រូវការ​ទិញ​អ្វី គឺ​ត្រូវ​ទិញ​​​ជា​កាត​ដែល​មាន​​ចំនួន​​ទឹក​ប្រាក់​តាម​តម្រូវ​ការ​​របស់​អតិថិ​ជន ។

លោក​មាស សុភក្ត្រ បញ្ជាក់ថា ចំពោះ​​​​ការ​ជិះស្គី​ទឹកកក​ដែល​នៅ​ជាន់​ទី១០ ​នោះ​ លក្ខណ​សម្បត្តិ​​ដែល​តម្រូវ​ឱ្យ​លេង​ដាច់​ខាត​ក្មេង​ត្រូវ​តែ​មាន​អាយុ​ចាប់​៥​ឆ្នាំ​ឡើង ។ ​ឯ​តម្លៃ​​យើង​ចែក​ជា​ពីរ​មួយ​សម្រាប់​ក្មេង​អាយុ​ចាប់​ពី​៥​​ឆ្នាំ​ដល់​១៨​ឆ្នាំ ជិះ​ម្តង​១០​ដុល្លារ រយៈ​ពេល​នៅ​លើ​កំរាលពីស​​១​ម៉ោង ​។ មួយ​​ទៀត​សម្រាប់​មនុស្ស​​ពេញ​វ័យ​ជិះ​ម្តង​​១២​ដុល្លារ​រយៈ​ពេល​នៅ​លើ​កំរាល​ពីស​​១​ម៉ោង​ដូច​គ្នា គឺ​ក្រោយ​​ពីការ​ពាក់​ស្បែក​ជើង​ បុគ្គ​លិក​យើង​ធ្វើ​ការ​បង្ហាត់​បង្ហាញ​ជា​ទ្រឹស្តី ឬ​បង្ហាញ​​លក្ខណៈ​ខ្លះ​ៗ​មុន​​ពេល​ចាប់​ផ្តើម​លេង ។

ដោយ​ឡែក​​យើង​ក៏​មាន​តម្លៃ​ពិសេស​​សម្រាប់​​ក្រុម​សិស្ស​សាលាដែល​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​យើង ហើយ​មក​កម្សាន្ត​​ក្នុង​ន័យ​​កម្ម​វិធី​​របស់​សាលា គឺ​​អាច​​មាន​តម្លៃ​ទាប​ជាង​នេះ ។ សម្រាប់​​ពេលវេលា​​នៃ​ការ​បើក​​ចែក​ជា​២ គឺថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​ពីម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៩​យប់ ។ ឯថ្ងៃ​សៅរ៍ដល់​​អាទិត្យ និងថ្ងៃបុណ្យ​ជាតិ ឬ​អន្តរជាតិ​ផ្សេងៗ​ ​បើក​ពី​ម៉ោង​៨​​ព្រឹក​ដល់​​ម៉ោង​១០​យប់ ​៕