រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជាបានអនុម័តជាឯកច្ឆ័ន្ទលើកសេចក្តីស្នើវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ដែលច្បាប់នេះ បានបន្ថែមចំនួនសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌចាប់ពី….។
សេចក្តីស្នើច្បាប់នេះត្រូវបានសមាជិករដ្ឋសភាចំនួន១០៨នៃសមាជិកដែលចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៃរដ្ឋសភាក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រ ធានរដ្ឋសភា ។
លោក ជាម យៀប តំណាងក្រុមអ្នកតំណាងរាស្ត្រហត្ថលេខីបានលើកឡើងក្នុងសម័យប្រជុំពេញអង្គថា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាស ឲ្យប្រើដោយព្រះរាជក្រមលេខនស/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ។ លោកថា បញ្ញត្តិមាត្រា១៨នៃច្បាប់នះបានចែងអំពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សានីមួយៗ ដោយផ្អែកតាមកត្តាប្រជារាស្ត្រ និងកត្តាភូមិសាស្ត្រនៃរដ្ឋបាលដែនដីមួយៗ ។
លោកបន្តថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ បន្ទាប់ពីច្បាប់នេះចូលជាធរមានរហូតដល់មកបច្ចុប្បន្នស្ថានភាពប្រជាជននៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ដែលតម្រូវឲ្យមានការលើកកម្ពស់ប្រសិទ្ធិភាពក្នុងការផ្លល់សេវា និងការអភិវឌ្ឍស្របពេលដែលមុខងារ និងធនធានត្រូវបានផ្ទេរជាបន្តបន្ទាប់ពីថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ លោកបញ្ជាក់ថា «សេចក្តីស្នើច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ។
ទន្ទឹមនេះស្ថានភាពភូមិសាស្ត្រក៏ត្រូវបានកែសម្រួល និងកំណត់ឲ្យបានកាន់តែច្បាស់លាស់ ស្របតាមការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមផងដែរ» ។ លោកបានគូសបញ្ជាក់ទៀតថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា១៨ ដើម្បីកំណត់ចំនួនសមាជិកក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាខណ្ឌ ដែលសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវបានបង្កើន២១រូប ទៅដល់២៧រូប ។
សមាជិកក្រុមប្រឹក្សាខេត្តត្រូវបង្កើនចន្លោះពី១៥ដល់២៧រូប ។ សមាជិកក្រុមប្រឹក្សាក្រុងត្រូវបង្កើនចន្លោះពី១១រូបដល់២១រូប។សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ត្រូវបានបង្កើនចន្លោះពី១១ដល់២១រូប ៕
ចែករំលែកព័តមាននេះ