ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វង់​មូល​យ៉ាង​ធំ និង​ខ្ពស់​ស្កឹមស្កៃ​មាន​រូបតំណាង​ជា​ច្រើន មើលចុះ​ពិតជា​ស្អាត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រង្វង់​មូល​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ជា​៥ ស្ថិត​នៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដែល​រដ្ឋបាល​សាលាខេត្ត​បាន និង​កំពុងធ្វើការ​កសាង​មក​ដល់​ពេល​នេះ​បាន​ប្រមាណ​៤០​ភាគរយ​ហើយ ។ នៅ​លើ​រង្វង់​មូល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ ត្រូវ​កសាង​ដោយ​ដាក់​រូបសំណាក​ទូក​ដ៏​ធំ​មួយ​ពីលើ​កំពូល…

ខេត្តកំពង់ឆ្នាំង ៖ រង្វង់​មូល​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ជា​៥ ស្ថិត​នៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដែល​រដ្ឋបាល​សាលាខេត្ត​បាន និង​កំពុងធ្វើការ​កសាង​មក​ដល់​ពេល​នេះ​បាន​ប្រមាណ​៤០​ភាគរយ​ហើយ ។ នៅ​លើ​រង្វង់​មូល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ ត្រូវ​កសាង​ដោយ​ដាក់​រូបសំណាក​ទូក​ដ៏​ធំ​មួយ​ពីលើ​កំពូល និង​នៅ​លើ​ទូក​នោះ​មាន​ដឹក​បន្លែ ដឹក​ឆ្នាំងដី និង​ដឹក​រូបសំណាក​អង្រុត និង​ត្រី​ជា​និមិត្តសញ្ញា​របស់​ខេត្តកំពង់ឆ្នាំង​ដែល​មាន​ប្រជា​កសិករ​រស់​អាស្រ័យ​ផល លើ​ការ​ធ្វើ​ចំការ ស្មូនឆ្នាំង និង​នេសាទ​ត្រី ។

ចំពោះ​ថវិការ​កសាង​រង្វង់​មូល​យ៉ាង​ធំ និង​មាន​កម្ពស់​ខ្ពស់​ស្កឹមស្កៃ នៅ​ចំណុច​ផ្លូវ​ប្រសព្វ​៥​ទិស​នេះ​ដែរ ត្រូវ​បាន​លោក ម៉ុ​ន វុ​ត្ថា នាយក​គណនេយ្យ​សាលាខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​អោយ​ដឹង​ថា គឺ​បាន​មក​ពី​ការ​វិនិយោគទុន​របស់​ចំណតរថយន្ត​ក្នុង​ខេត្ត ដែល​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគ​ខាងលើ ។ យ៉ាងនេះ​ក្តី​លោក​មិន​បាន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ក្នុង​ការ​វិនិយោគ​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា ដើម្បី​អភិវឌ្ឍន៍​តំបន់​ថ្មី​លើ​ដី​អនុប្រយោគ​របស់​ខេត្ត តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា កន្លង​ទៅ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ដែល​ខេត្តកំពង់ឆ្នាំង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពិធីបុណ្យ​ទន្លេ​ក្នុង​ខែមីនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ និង​ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ​បាន​ស្គាល់​កាន់តែ​ច្បាស់ អំពី​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង អាជ្ញាធរ​ខេត្ត​បាន​សម្រេច​កសាង​រង្វង់​មូល​មួយ​កន្លែង នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ជា​៥ នៅ​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

នៅ​លើ​រង្វង់​មូល​ខាងលើ​នេះ​នឹង​កសាង​រូប​ទូក​ធំ​មួយ​គ្រឿង​មាន​ដឹក​កន្ត្រក​ដាក់​បន្លែ​កសិកម្ម​ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រកប​មុខរបរ​កសិកម្ម​ធ្វើ​ចំការ​ដាំ​បន្លែ ។ រូប​មួយទៀត​ជា​រូប​ឆ្នាំងដី​ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​ជា​អ្នក​ប្រកប​មុខរបរ​ស្មូន​ឆ្នាំងដី ដែល​បាន​ថែរក្សា​ប្រពៃណី​ពី​ដូនតា និង​រូប​ជា​រូប​អង្រុត មាន​ត្រី​១​នៅ​ពីលើ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ប្រជា​នេសាទ​ប្រកប​មុខរបរ​នេសាទ​ត្រី នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង ។

ដោយឡែក​នៅ​ប៉ែក​ខាងលិច​ជាប់​រង្វង់​មូល​បាន​ដាំ​ដើម​ពោធិព្រឹក្ស​១​ដើម​ផង​ដែរ ដើម្បី​ទុក​អោយ​ប្រជាពលរដ្ឋ​គោរព​បូជា​សុំ​សេចក្តីសុខ និង​សុំ​សុខ​សន្តិភាព ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​អោយ​សំបូរ​សប្បាយ​រុងរឿង​រហូត​ទៅ ។

ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ទាំងអស់​សូម​ជួយ​ធ្វើ​អនាម័យ​សំអាត​ផ្ទះសំបែង​របស់​ខ្លួន​ក៏​ដូច​ជា សម្អាត​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន អោយ​បាន​ល្អ​ស្អាត និង​សំណូមពរ​ផង​ដែរ​ដល់​ក្រុមហ៊ុន​ដឹក​សំរាម​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង សូម​ជួយ​ដឹក​សំរាម​ឲ្យ​បាន​ទាន់​ពេលវេលា ជា​ពិសេស​សំរាម​នៅ​តាម​សួនច្បារ និង​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​កំពង់ឆ្នាំង​មិន​ត្រូវ​ទុក​ចោល​យូរថ្ងៃ​ឡើយ ដើម្បី​រួម​គ្នា​លើក​ស្ទួយ​សោ​ភ័​ណ្ឌ​ភាព​ក្រុង​កំពង់ឆ្នាំង​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ពី​ទី​ជិត​ទី​ឆ្ងាយ មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ