រាជធានីភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យបានបង្ហាញចក្ខុវិស័យរបស់ខ្លួនថា ទីផ្សារខុនដូនឹងល្អប្រសើរឡើងនៅរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ បន្ទាប់ពីឥរិយាបទរស់នៅរបស់ប្រជាជនបានផ្លាស់ប្ដូរទៅរកសង្គមស៊ីវិល័យ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលទើបជាប់ឆ្នោតកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ខុនដូគឺជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍសង្គមសម័យទំនើប ហើយសម្រាប់ប្រទេសកម្ពុជា ការចាប់ផ្ដើមសាងសង់ខុនដូនាពេលនេះ គឺសម្រាប់ផ្គត់ផ្គង់នៅរយៈពេល៥ទៅ១០ឆ្នាំខាងមុខ ដែលនិន្នាការនឹងមានការផ្លាស់ប្តូរពីការរស់នៅផ្ទះដាច់ដោយឡែកទៅរស់នៅផ្ទះជាអគារសហកម្មសិទ្ធិ ឬអគារខុនដូនេះឯង ។
លោកប្រធានសមាគម បានមានប្រសាន៍ថា ៖« ការសាងសង់ខុនដូនាពេលនេះ គឺសម្រាប់ផ្គត់ផ្គត់បំពេញតម្រូវការរបស់យុវជនជំនាន់ក្រោយ ហើយវានឹងជំរុញឲ្យយុវជនជំនាន់ក្រោយផ្លាស់ប្តូរទៅរស់នៅខុនដូកាន់តែច្រើន ពេលនោះហើយដែលទីផ្សារខុនដូ នឹងមានសន្ទុះខ្លាំងជាងបច្ចុប្បន្ន » ។ លោកបន្តថា នៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កាលពីមុនគឺដូចគ្នាទៅនឹងកម្ពុជានាពេលបច្ចុប្បន្ននេះដែរ ។ ពលរដ្ឋក្នុងប្រទេសទាំងនោះមិនទាន់មានការស្នាក់នៅក្នុងអគារខុនដូ ឬអគារសហកម្មសិទ្ធិច្រើននោះទេ ប៉ុន្តែពួកគេក៏បានផ្លាស់មករស់នៅខុនដូជាបន្តបន្ទាប់ ហើយវាក៏ក្លាយទម្លាប់របស់គេតែម្ដង ។
បើតាមការវាយតម្លៃរបស់ក្រុមហ៊ុន VTrust បានបញ្ជាក់ថា បច្ចុប្បន្នសន្ទុះនៃការអភិវឌ្ឍខុនដូ នៅរាជធានីភ្នំពេញ មានខណ្ឌពីរសំខាន់ៗ ក្នុងនោះគឺខណ្ឌចំការមន ជាពិសេសនៅតំបន់បឹងកេងកង ដែលជាតំបន់មានសកម្មភាពសាងសង់និងផ្គត់ផ្គង់ខុនដូច្រើនជាងគេ បន្ទាប់មកគឺនៅខណ្ឌទួលគោក ជាតំបន់ដែលវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស បាននិងកំពុងសម្លឹងមើលពីការបណ្ដាក់ទុនវិនិយោគរបស់គេលើវិស័យនេះ។
លោក ពីង សេរី នាយកប្រតិបត្តិក្រុមហ៊ុន អចលនទ្រព្យ Angkor Real Estate បានឲ្យដឹងផងដែរថា ទន្ទឹមនឹងតម្រូវការខុនដូ និងអាផាតម៉ិន ដែលជាអគារសហកម្មសិទ្ធិ នឹងកើនឡើងនៅពេលខាងមុខនេះ អ្នកអភិវឌ្ឍន៍ក៏គួរតែរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃអគារឲ្យបានល្អផងដែរ ដូចជា ការរៀបចំចំណតឲ្យបានធំជាងមុន ព្រោះបច្ចុប្បន្ននេះ បញ្ហាប្រឈមរបស់អ្នកស្នាក់នៅខុនដូ គឺខ្វះចំណតយានយន្តផ្ទាល់ខ្លួន ដូច្នេះហើយទាមទារឲ្យវិនិយោគត្រូវបន្ថែមចំណតឲ្យបានច្រើន ទៅតាមបរិមាណមនុស្សស្នាក់នៅក្នុងខុនដូ ។
លោកមានប្រសាសន៍ថា ៖« មានចំណតយានយន្តគ្រប់គ្រាន់ និងត្រឹមត្រូវ គឺជាជោគជ័យមួយរបស់អ្នកអភិវឌ្ឍន៍ ហើយអ្នកស្នាក់នៅក្នុងខុនដូ នឹងរីករាយជាមួយនឹងសេវាក្នុងខុនដូ ដែលខ្លួនស្នាក់នៅ » ។
លោកបន្តថា សម្រាប់ទីផ្សារខុនដូ និងអាផាតម៉ិននាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ភាគច្រើនសម្រាប់ជនបរទេស ដែលមានរហូតដល់៩០ភាគរយឯណោះ ព្រោះពលរដ្ឋខ្មែរមួយចំនួនធំ នៅតែមានគំនិតមួយចង់រស់នៅផ្ទះជាប់នឹងដី ដូចជាផ្ទះល្វែង និងវីឡាជាដើម មិនទាន់មានផ្នត់គំនិតផ្លាស់ទៅរស់នៅខុនដូ ឬអាផាតម៉ិននៅឡើយទេ ប៉ុន្តែផ្នត់គំនិតមួយនេះ នឹងមានការផ្លាស់ប្តូរ នៅរយៈពេល៥ឆ្នាំខាងមុខទៀត ហើយពលរដ្ឋក្នុងស្រុកអាចនឹងផ្លាស់ទៅរកការស្នាក់នៅអគារខ្ពស់ៗជំនួសការស្នាក់នៅផ្ទះជាប់ដីវិញ ។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានមានប្រសាសន៍ថា វិស័យអចលនវត្ថុកម្ពុជា គឺជាវិស័យអាទិភាពមួយដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះវិស័យនេះ ក៏ត្រូវការទាមទារឲ្យមានធនធានមនុស្សជំនាញៗដើម្បីធ្វើការផងដែរ ។ ការធ្វើការជាក្រុមនៅក្នុងវិស័យអចលនទ្រព្យ គឺជាកត្តាដែលសំខាន់ និងអាចឈានទៅរកការរីកចម្រើនទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ