ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​ខែ ឆ្នាំ​២០២៥​នេះ កម្ពុជា​នាំទំនិញ​​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ចំនួន​ច្រើន​ជាង​វៀតណាម​នាំ​ចូល​មក​កម្ពុជា

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មានការ​កើតឡើង​យ៉ាង​ខ្ពស់ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពោល​គឺ​ត្រឹមតែ​រយៈពេល​៧​ខែ នៅ​ឆ្នាំ​២០២៥​នេះ មាន​រហូត​ទៅ​ដល់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មានការ​កើតឡើង​យ៉ាង​ខ្ពស់ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពោល​គឺ​ត្រឹមតែ​រយៈពេល​៧​ខែ នៅ​ឆ្នាំ​២០២៥​នេះ មាន​រហូត​ទៅ​ដល់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ ។ ក្នុង​នោះ​កម្ពុជា បាន​នាំ​ទំនិញ​ទៅ​កាន់​ប្រទេស​វៀតណាម ប្រមាណ ៣,៨​ពាន់​លាន​ដុល្លារ ហើយ​វៀតណាម​នាំ​ចូល​មក​កម្ពុជា គឺ​មាន​ចំនួន​៣,២​ពាន់​លាន​ដុល្លារ​។ ដូច្នេះ​ចំនួន​នេះ​បាន​បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម គឺ​មាន​ចំនួន​ច្រើន​ជាង​វៀតណាម​នាំ​ចូល​មក​កម្ពុជា ។

យោង​តាម​លោក ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែសីហា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម តាម​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សំឡេង​។ នៅ​ក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ នូវ​ក្តី​រីករាយ ដែល​បាន​ជួប​ជាមួយ​ឯកឧត្តម តូ ឡឹម សារ​ជា​ថ្មី ជា​ពិសេស​សម្ដេច​បាន​សម្ដែង នូវ​ក្តី​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​កម្ពុជា និង​វៀតណាម​ទាំង​ក្នុង​ក្របខ័ណ្ឌ​បក្ស ក្របខ័ណ្ឌ​រដ្ឋាភិបាល ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ គឺ​មាន​ភាពល្អ​ប្រសើរ​និង​រឹង​មាំ ។ សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា ភាពល្អ​ប្រសើរ នៃ​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង ដែល​មាន​ជាមួយ​គ្នា ដែល​ជា​ផ្នែក​ដល់​សំខាន់ នៃ​ការ​ជំរុញ​ទំនាក់ទំនង​គ្រប់​វិស័យ​ផ្សេង​ទៀត ។

សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​អំពី​ចំណុច​សំខាន់​ៗ ពាក់ព័ន្ធ​ទំនាក់ទំនង​ក្របខ័ណ្ឌ​បក្ស ដែល​ភាគី​ទាំង​ពីរ បាន​ពង្រឹង​ជាមួយ​គ្នា​តាំងពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់​កំពូល ដែល​ភាគី​ទាំង​ពីរ បាន​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ហើយ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល ក៏​ដូច​គ្នា​ដែរ ភាគី​ទាំង​ពីរ​បាន​ពង្រឹង​ទំនាក់ទំនង​យ៉ាង​រឹង​មាំ​ជាមួយ​គ្នា ព្រមទាំង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏​ត្រូវ​បាន​ពង្រឹង​ជា​បន្តបន្ទាប់ ។

សម្ដេច​តេ​ជោ បាន​បង្ហាញ​ក្តី​ពេញចិត្ត​ចំពោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​ដែល​មានការ​កើតឡើង​យ៉ាង​ខ្ពស់ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្នុង​នោះ​ត្រឹមតែ​រយៈពេល​៧​ខែ នៅ​ឆ្នាំ​២០២៥​នេះ មាន​រហូត​ទៅ​ដល់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា បាន​នាំ​ទៅ​កាន់​ប្រទេស​វៀតណាម ប្រមាណ ៣,៨​ពាន់​លាន​ដុល្លារ ហើយ​វៀតណាម​នាំ​ចូល​មក​កម្ពុជា គឺ​មាន​ចំនួន​៣,២​ពាន់​លាន​ដុល្លារ​។ ដូច្នេះ​ចំនួន​នេះ បាន​បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម គឺ​មាន​ចំនួន​ច្រើន​ជាង​វៀតណាម​នាំ​ចូល​មក​កម្ពុជា ។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា វៀតណាម​គឺជា​ទីផ្សារ​នាំ​ទំនិញ​របស់​កម្ពុជា​ដ៏​ធំ​លំដាប់​ទី​៣ ដូច្នេះ​ជា​សក្តានុពល​មួយ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ក្នុង​ឋានៈ​ជា​ប្រទេស ជិតខាង​គ្នា ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​និង​វៀតណាម ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា ហើយ​មាន​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​គ្នា​ដែល​បម្រើ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម តូ ឡឹម បាន​សម្ដែង​នៅ​ក្តី​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ទំនាក់ទំនង​កម្ពុជា និង​វៀតណាម តាំងពី​អតីតកាល​រហូត​ដល់​ពេល​បច្ចុប្បន្ន ដែល​ពូន​ជ្រុំ​បន្ត​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នា​ពេល​កន្លង​មក និង​បន្ត​មក​ដល់​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាពល្អ​ប្រសើរ​ជា​លំដាប់ ។

ឯកឧត្តម ក៏​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ផង​ដែរ ចំពោះ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​មានការ​កើនឡើង ដោយ​នេះ​ជា​ចំណុច​មួយ​ដ៏​សំខាន់ ដែល​ប្រទេស​ទាំង​ពីរ​បាន​ខិតខំ​ធ្វើ​មក​ជាមួយ​គ្នា ហើយ​ឯកឧត្តម​បាន​បញ្ជាក់​ថា ទាក់ទង​នឹង​ពាណិជ្ជកម្ម​នេះ ភាគី​វៀតណាម​នឹង​ពង្រឹង​បន្ថែម​ទៀត​ជាមួយនឹង​កម្ពុជា​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មានការ​កើនឡើង​បន្ត​ទៀត​។ គោលដៅ​ធំ​រវាង​កម្ពុជា និង​វៀតណាម​គឺ​គ្រោង​សម្រេច​ឲ្យ​បាន​នូវ ផែនការ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ២០​ពាន់​លាន​ដុល្លារ​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ ហើយ​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ​បាន​ខិតខំ​ប្រឹងប្រែង​ប្ដេជ្ញា​ក្នុង​ការ​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត ។

ទន្ទឹម​នឹង​នេះ សម្ដេច​តេ​ជោ បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​ខាង​មុខ ពោល​គឺ​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ សម្ដេច​នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យខួប​៨០​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​វៀតណាម ។

ឯកឧត្តម តូ ឡឹម បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​វត្តមាន​របស់​សម្ដេច​ក្នុង​ខួប​៨០​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម នា​ពេល​ខាង​មុខ​។ ឯកឧត្តម ក៏​បាន​ចាត់​ទុក​វត្តមាន​របស់​សម្ដេច​តេ​ជោ នា​ពេល​នោះ​ថា ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង​ដ៏​រឹង​មាំ រវាង​កម្ពុជា និង​វៀតណាម ហើយ​ឯកឧត្តម​បាន​ប្ដេជ្ញា​ធ្វើ​យ៉ាងណា​ពូន​ជ្រុំ​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ឱ្យ​សមជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ