ខេត្តស្វាយរៀង ៖ មានអំពើហិង្សាមួយកើតឡើងដោយប្តីវាយប្រពន្ធ៣ព្រនង់បែកក្បាលហូរឈាមស្រោចពេញផ្ទៃមុខ និងដួលសន្លប់នៅក្នុងថ្លុកឈាមដោយសារតែប្រកាន់គណបក្សខុសគ្នា គឺប្តីគាំទ្រគណបក្សសង្គ្រោះជាតិ ឯប្រពន្ធគាំទ្រគណបក្សប្រជាជនកម្ពុជា ។ អំពើហិង្សានេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៧ កក្កដា នៅភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ។
បើតាមសមត្ថកិច្ចប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ វ៉ា សាម៉ន អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ ជាសមាជិកាគណបក្សប្រជាជនកម្ពុជា ។ ឯប្តីឈ្មោះ ពៅ ម៉េ អាយុ៤០ឆ្នាំ ជាសមាជិកគណបក្សសង្គ្រោះជាតិ ។ នៅថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធបានយកទង់គណបក្សប្រជាជនកម្ពុជាទៅចងនៅមុខផ្ទះ ប៉ុន្តែត្រូវប្តីរារាំងមិនឱ្យចង ក៏មានជម្លោះនឹងគ្នាមួយប្រាវ តែក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញ ។
លុះដល់វេលាម៉ោង៣រសៀល ស្ត្រីជាប្រពន្ធក៏បានចេញពីផ្ទះទៅរៀនគូសលើសន្លឹកឆ្នោតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ព្រោះគាត់ជាសមាជិកាតាមភូមិរហូតដល់ម៉ោង៥ល្ងាចទើបត្រឡប់មកផ្ទះវិញ ។ រីឯប្តីក៏ចេញទៅផឹកស្រាជាមួយមិត្តភក្តិជាសមាជិកបក្សសង្គ្រោះជាតិដូចគ្នារហូតស្រវឹងជោកជាំ ទើបត្រឡប់មកផ្ទះវិញដែរ។ ពេលលោកប្តីប្រមឹកមកដល់ផ្ទះសួរនាំពីរឿងគូសសន្លឹកឆ្នោតឱ្យបក្សប្រជាជន ក៏ផ្ទុះជម្លោះរហូតបង្កអំពើហិង្សា ដោយប្តីយកព្រនង់ប៉ុនកដៃវាយទៅលើប្រពន្ធចំក្បាលចំនួន៣ព្រនង់ បណ្តាលឱ្យបែកហូរឈាមស្រោចផ្ទៃមុខ និងដួលសន្លប់នៅក្នុងថ្លុកឈាម ។
ខណៈនោះអ្នកភូមិក៏នាំគ្នាមកជួយអន្តរាគមន៍ចាប់ឃាត់ រួចនាំស្ត្រីរងគ្រោះមកមន្ទីរពេទ្យស្រុករមាសហែកដើម្បីសង្គ្រោះ ។ រីឯប្តីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗបញ្ជូនមកអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
រឿងរ៉ាវប្រកាន់គណបក្សរវាងប្តីប្រពន្ធទាំង២នាក់ រហូតប្រពន្ធក្លាយជាអ្នករងគ្រោះដោយអំពើហិង្សា ហើយបុរសជាប្តីក្លាយជាអ្នកទោស គឺជារឿងគួរឱ្យសោកស្តាយមួយ ដែលមិនគប្បីឆោតល្ងង់រហូតដល់ក្លាយទៅជាហិង្សាបែបនេះទេ ។
សម្រាប់សិទ្ធិនយោបាយ នរណាក៏មានសិទ្ធិគាំទ្រគណបក្សដែលខ្លួនពេញចិត្តដែរ ហើយសិទ្ធិនេះត្រូវបានគោរពទៅតាមផ្លូវច្បាប់នៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ។ វាពិតជាការខុសឆ្គងដែលបុរសជាប្តីមានជំនឿលើគណបក្សមួយ ហើយចាប់បង្ខំឱ្យប្រពន្ធ ឬកូនគាំទ្រគណបក្សដែលខ្លួនពេញចិត្តនោះ ។ មិននឹកស្មានទាល់តែសោះថា បញ្ហាកាន់ជើងគណបក្សបែរជាធ្វើឱ្យប្តីប្រពន្ធក្លាយជាសត្រូវនឹងគ្នាបែបនេះសោះ ។ ទីបំផុត បុរសជាប្តីដែលកាន់បក្សសង្គ្រោះជាតិ ពេលនេះក្លាយជាអ្នកទោសព្រហ្មទណ្ឌទៅហើយ ។ សោកស្តាយណាស់ អត់បានបោះឆ្នោតឱ្យបក្សដែលខ្លួនស្រឡាញ់ពេញចិត្តនោះ ៕
ចែករំលែកព័តមាននេះ