សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា បណ្ដាតារាវិទូបានចាប់អារម្មណ៍លើការរំកិលរបស់ផ្កាយព្រះគ្រោះតូចមួយរំកិលចូលក្បែរផែនដី ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់ផែនដីទេ ។ ផ្កាយព្រះគ្រោះនេះ មានរូបរាងស្រដៀងដំរីទឹក «hippopotamus» និងជាឈ្មោះរបស់ផ្កាយ ។
អង្គការ NASA បានបង្ហាញរូបផ្កាយព្រះគ្រោះ«2003 SD220» ឬហៅថា «Hippo» ជាផ្កាយព្រះគ្រោះទំហំតូចមានបណ្ដោយប្រហែល១,៦គីឡូម៉ែត្រ និងរំកិលមកកៀកផែនដី។ តាមទិន្នន័យបញ្ជាក់ថា «Hippo» បានរំកិល និងបង្វិលជុំវិញដូចគ្រាប់បាល់យ៉ាង យឺតៗក្នុងរយៈពេល១២ថ្ងៃទើបបានមួយជុំ ។ ការចល័ត និងការវិលជុំរបស់ផ្កាយព្រះគ្រោះតូចចូលមកក្បែរផែនដីជិតបំផុត ស្ថិតក្នុងគម្លាតពីផែនដីប្រហែល២,៩លានគីឡូម៉ែត្រដោយមិនប៉ះពាល់ដល់ផែនដី ។
អ្នកវិទ្យាសាស្ត្របញ្ជាក់ថា«Hippo» នឹងអណ្ដែតចូលលំហអាកាសក្នុងរយៈពេលជាច្រើនឆ្នាំ ក្រោយមកក៏ត្រឡប់មកផែនដីវិញនៅឆ្នាំ២០៧០ និងមានជំនឿថាវានឹងមកកៀកផែនដីជិតជាងនេះ ប៉ុន្តែមិនបង្កការគ្រោះថ្នាក់ដល់ផែនដីទេ ៕
ចែករំលែកព័តមាននេះ