ខេត្តព្រៃវែង ៖ យុវជនម្នាក់បានត្រូវចរន្តអគ្គិសនីឆក់រហូតដល់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ធ្វើឱ្យបងប្អូនដែលកំពុងផឹកស៊ីសប្បាយ ប្រែក្លាយជាទឹកភ្នែកគ្រប់ៗគ្នា កាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១៦ ខែធ្នូ នៅនឹងផ្ទះស្ថិតក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះ ឆាង ឆៃរ៉ាន់អាយុ២០ឆ្នាំ ។ នាថ្ងៃកើតហេតុនោះ នៅផ្ទះជនរងគ្រោះមានរៀបចំពិធីមង្គលការកូនស្រី ហើយរោងចុងភៅនិងរោងការដែលតុបតែងយ៉ាងស្រស់ស្អាត បែរជាអត់ទាន់មានភ្លើងបំភ្លឺនៅឡើយ ។ ពេលនោះ យុវជនរងគ្រោះបានយកខ្សែភ្លើងតចេញពីផ្ទះអូសទៅចូលរោងការ និងរោងចុងភៅដើម្បីបំភ្លឺ ក្នុងពេលដែលបងប្អូនដទៃទៀត កំពុងនាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយថ្ងៃចូលរោង ។
ជាអកុសលមិនដឹងជាមូលហេតុអ្វី ក្នុងពេលកំពុងតភ្លើងនោះ ស្រាប់តែឆ្លងចរន្តបណ្តាលឱ្យឆក់យុវជនរងគ្រោះធ្លាក់ពីលើកៅអីមកដី ផ្អើលដល់បងប្អូនរត់មកជួយភ្លាមៗ ប៉ុន្តែមិនអាចសង្គ្រោះបាន គឺយុវជនរងគ្រោះបានស្លាប់ទៅហើយ ។ គ្រោះអកុសលនេះ ធ្វើឱ្យសំឡេងសើចសប្បាយមុននេះ ប្រែក្លាយទៅជាសំឡេងយំខ្សឹកខ្សួលទ្រហឹងអឺងកងពេញរោងការទៅវិញ ។ យុវជនដែលស្លាប់នេះ គឺបងប្រុសរបស់កូនក្រមុំ។
ប្រភពដដែលបញ្ជាក់ថា នៅពេលកើតហេតុភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះមិនបានរាយការណ៍ប្រាប់មកសមត្ថកិច្ចភ្លាមៗទេ គឺរហូតទាល់តែព្រឹកឡើងថ្ងៃទី១៧ ខែធ្នូ ទើបរាយការណ៍មកសមត្ថកិច្ចចុះទៅពិនិត្យសព ឃើញថាពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់មែន ។ ទោះបីមានទុក្ខធំបែបនេះក្តី ក៏មង្គលការនៅតែដំណើរការតាមការគ្រោងទុក ហើយពិធីបុណ្យសពក៏បានធ្វើរោងនៅក្បែរនោះដែរ តែជាពិធីស្ងប់ស្ងាត់មិនរំខានដល់មង្គលការទេ ៕
ចែករំលែកព័តមាននេះ