ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថចេញល្បាតឃាត់ខ្លួនក្មេងស្ទាវ១ក្រុម៤នាក់ ដែលជិះម៉ូតូជ្រេតាមផ្លូវប៉ះពាល់សណ្តាប់ធ្នាប់ និងឆែកឆេរកឃើញកាំបិត២ លាក់ទុកក្រោមកែបម៉ូតូ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ។
ក្មេងស្ទាវដែលឃាត់ខ្លួន៤នាក់មាន១- ឈ្មោះ ចាន់ ង៉ា ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះ សែម វង្ស ភេទប្រុស អាយុ១៨ឆ្នាំ ៣- ឈ្មោះ សៅ ណែត ភេទប្រុស អាយុ២០ឆ្នាំ ៤- ឈ្មោះ ហេង មករា ភេទប្រុស អាយុ១៨ឆ្នាំ ក្មេងស្ទាវ១ក្រុមដែលឃាត់រស់នៅសង្កាត់ -ក្រុងប៉ោយប៉ែត ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថាដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យភូមិ-ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋលោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចេញល្បាតហើយ ឃើញមានក្មេងស្ទាយ១ក្រុមជិះម៉ូតូ២គ្រឿងបានជិះជ្រេពេញផ្លូវ ដោយសង្ស័យបានឃាត់សាកសួរ និងពិនិត្យឃើញមានកាំបិតតាំងតោ១ និងកាំបិតកែឆ្នៃ១ ហើយឃាត់ខ្លួន៤នាក់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅតាមផ្លូវចំណុចទំនប់ក៥ ស្ថិតភូមិទំនប់៥ សង្កាត់- ក្រុងប៉ោយប៉ែត ។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនក្មេងស្ទាវ១ក្រុមចំនួន៤នាក់ និងម៉ូតូ២គ្រឿងដែលលាក់កាំបិតក្រោមកែបម៉ូតូ ដោយល្មើសច្បាប់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ