រាជធានីភ្នំពេញ ៖ បន្ទាប់ពីតារាចម្រៀងមុខស្រស់កូនកាត់ចិន កញ្ញា គៀត សុវណ្ណាឡាង បានបង្ហោះវីដេអូឃ្លីបមួយដែលរៀបរាប់អំពីការខូចចិត្តរបស់នាង ខណៈពេលត្រូវសង្សារបោះបង់ចោលរហូតធ្វើឱ្យនាងអង្គុយសម្រក់ទឹកភ្នែកយ៉ាងកម្សត់ ហើយក្នុងវីដេអូនេះ នាងបាននិយាយមុខកាមេរ៉ាទូរស័ព្ទដៃថា «បងធ្លាប់ប្រាប់ថា ស្នេហាគឺវាអស្ចារ្យ ពេលដែលយើងមានវា ហើយវាក៏មិនអស្ចារ្យដែរពេលដែលយើងគ្មានវានៅក្នុងដៃ តែបងដឹងអត់! ថាវាអស្ចារ្យសម្រាប់អូនគ្រប់ពេលវេលា»។
វីដេអូឃ្លីបមួយនេះបានធ្វើឱ្យបណ្តាសារព័ត៌មាន និងមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកកម្រនឹងមានតារាស្រីរូបណាហ៊ានចេញមុខមករៀបរាប់អំពីស្នេហាខូចចិត្តទួញសោករបស់គេបង្ហោះតាមប្រព័ន្ធអ៊ីនធើរណេតឱ្យគេគ្រប់គ្នាដឹងនោះទេ។ បញ្ហានេះកំពុងធ្វើឱ្យមហាជនមួយចំនួនធ្វើការរិះគន់ តែក៏មានអ្នកគាំទ្រខ្លះយល់ថា នេះមិនមែនជារឿងពិតទេ គ្រាន់ជាការសម្តែងប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ កោះសន្តិភាពមិនអាចធ្វើការទំនាក់ទំនងជាមួយកញ្ញា គៀត សុវណ្ណាឡាង បានទេ ព្រោះទូរស័ព្ទរបស់នាងត្រូវបានបិទ ដូច្នេះក៏បានបន្តទំនាក់ទំនងទៅលោកសុខ ជំនោរ ដែលជាអ្នកដឹកនាំ និងនិពន្ធរបស់ផលិតកម្មរស្មីហង្សមាស ដោយលោកប្រាប់ថា ពីដំបូងលោកមិនបានដឹងរឿងនេះទេ ហើយនៅពេល
ដែលលោកឃើញសារព័ត៌មានចុះផ្សាយទើបលោកបានដឹង ភ្លាមនោះលោកក៏បានទំនាក់ទំនងទៅសុវណ្ណាឡាង ដោយនាងប្រាប់ថា នេះជាការសម្តែងនៅក្នុងបទចម្រៀងមួយដើម្បីទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះ ព្រោះអ្នកដឹកនាំក្នុងផលិតកម្មភ្លេងរីខត(Pleng Record) គិតថា នៅពេលដែលវីដេអូមួយនេះចេញនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។
សូមបញ្ជាក់ថា តារាចម្រៀងនៅក្នុងទ្រនំផលិតកម្មភ្លេងរីខត កញ្ញាគៀត សុវណ្ណាឡាង គឺជាអតីតតារាសម្តែងល្បីឈ្មោះមួយរូប ក្រោយពីលេចមុខក្នុងខ្សែរឿងជាច្រើន ពិសេសក្នុងរឿង «ទឹកចិត្តបងស្រី» ដែលជារឿងចុងក្រោយ ។ បន្តពីនោះមកនាងក៏បានក្លាយជាអ្នកចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស កាលពីដើមឆ្នាំ២០១២ បន្ទាប់មកផលិតកម្មរស្មីហង្សមាសក៏បានបង្កើតផលិតកម្មថ្មីមួយទៀត គឺភ្លេងរីខតហើយរស្មីហង្សមាសក៏បានរុញសុវណ្ណាឡាងចូលទៅផលិតកម្មថ្មីនេះតែម្តង៕
ចែករំលែកព័តមាននេះ