ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែក​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​នឹង​ចាប់ផ្ដើម​ហើយ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ (​ជុំ​ទី​២) នៅ​ខេត្តកោះកុង​នឹង​ឈាន​ចូល​មក​ដល់​ហើយ ចាប់ពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ស្អែក​ហើយ​ល្ងាច​នេះ​ក៏​មាន​ពិធី​ក្រុង​ពាលី​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​សុខ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​ផង​ដែរ…

ខេត្តកោះកុង ៖ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ (​ជុំ​ទី​២) នៅ​ខេត្តកោះកុង​នឹង​ឈាន​ចូល​មក​ដល់​ហើយ ចាប់ពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ ស្អែក​ហើយ​ល្ងាច​នេះ​ក៏​មាន​ពិធី​ក្រុង​ពាលី​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​សុខ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​ផង​ដែរ ក្រោម​វត្តមាន​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​ផង​ដែរ ។

បុណ្យ​សមុទ្រ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៤-១៥-១៦ ខែធ្នូ ក្រោម​ប្រធានបទ​«​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណី​» ហើយ​ក៏​មានការ​អញ្ជើញ​ចូលរួម​បើក​ជា​ផ្លូវការ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។

តាម​ការ​បញ្ជាក់​របស់​លោក ប៊ុ​ន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​មក​ដល់​ពេល​នេះ​ផ្ទះសំណាក់ និង​សណ្ឋាគារ​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ត្រូវ​បាន​ភ្ញៀវ​ទេសចរណ៍​ជួល និង​កក់​ទុក​ជិត​ពេញ​អស់ហើយ​មាន​តែ​នៅ​តាម​ជាយ​ៗ​ក្រុង​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ភ្ញៀវ​ទេសចរណ៍​នៅ​មាន​ជម្រើស​ទៅ​ស្នាក់​នៅ​ខេត្ត​ត្រា​ត ប្រទេស​ថៃ​ក៏​បាន​ដែរ ។ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់ទៅ​ស្នាក់​នៅ និង​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ត្រា​ត​ប្រទេស​ថៃ​ត្រូវ​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (Copy) មក​ជាមួយ​ឱ្យ​បាន​ស្រេច ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ខាង​ភាគី​ថៃ​បាន​ត្រៀម​បន្ទប់​ស្នាក់​នៅ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅ​ពី​កម្ពុជា​ដល់​ទៅ​ជាង​៦០០​បន្ទប់​ឯណោះ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ភ្ញៀវ​ទើបតែ​ជួល​អស់​ជាង​១០០​បន្ទប់​នៅឡើយ​ទេ ពោល គឺ​នៅ​ដល់​ទៅ​ជាង​៤០០​បន្ទប់​ទៀត ។ សម្រាប់​តម្លៃ​ស្នាក់​នៅ​ខាង​ថៃ​វិញ គឺ​មិន​លើស​ពី​៣០​ដុល្លារ​ឡើយ ។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទៅ​លេង​បុណ្យ​សមុទ្រ​ក្នុង​រយៈពេល​៣​ថ្ងៃ ដែល​គ្មាន​លិខិតឆ្លងដែន​ក៏​អាច​ឆ្លង​ទៅ​លេង​ដល់​ខេត្ត​ត្រា​ត​ប្រទេស​ថៃ​បាន​ដែរ ដោយ​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ជាមួយ ។
បើ​ចង់​បើករថយន្ត​ចូល​ខ្លួនឯង​ត្រូវ​មាន​ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ ហើយ​បើ​មាន​ក្មេង​តូច​ៗ​ទៅ​ជាមួយ​ត្រូវ​យក​រូបថត​ទៅ​ផង ពោល គឺ​មិន​ចាំបាច់​មាន​លិខិតឆ្លងដែន​ក៏​បាន (​តែបើ​មាន​លិខិតឆ្លងដែន​ក៏​គួរ​យក​តាម​ផង​កាន់តែ​ងាយស្រួល​) ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។ លោក​ជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ចង់​បើករថយន្ត​របស់​ខ្លួន​ទៅ​ផ្ទាល់​ទេ​ក៏​អាច​ផ្ញើ​ថ​យន្ត​នៅ​វត្ត​ចាំ​យាម​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​បាន ហើយ​គេ​នឹង​មាន​រថយន្ត​ពី​ខាង​ថៃ​មក​ទទួល​ទៀត​ផង ។ ប្រសិនបើ​ប្រជាពលរដ្ឋ​ចង់ទៅ​ស្នាក់​ផ្ទះសំណាក់​សណ្ឋាគារ​នៅ​ខ្ល​ង​យ៉ៃ ឬ​ទីរួមខេត្ត​ត្រា​ត​ក៏​បាន​ដែរ ។

តាម​ការ​រំពឹង​ទុក​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​យ៉ាងតិច​៩​ម៉ឺន​នាក់ ។ ទន្ទឹម​នឹង​នោះ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តកោះកុង​ក៏​បាន​សហការ​គ្នា​រៀបចំ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​ទៀត សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរណ៍​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​ផង​ដែរ ដូច​ជា រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ តំបន់​អេកូ​ទេសចរណ៍​ឆាយ​អា​រ៉ែ​ង តា​តៃ ព្រៃកោងកាង ឆ្នេរ​ខ្សាច់​ប៉ាក់​ខ្ល​ង រមណីយដ្ឋាន ចេតិយ​ឃុន​ឆាង តំបន់​ជុំវិញ​ក្រុង​ខេមរភូមិន្ទ ព្រមទាំង​កម្មវិធី​កីឡា និង​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ