រាជធានីភ្នំពេញ ៖ អ្នកចម្រៀងដែលអាចប្រើសំឡេងច្រៀងបទប្រុសក៏បាន បទស្រីក៏បាន គឺកញ្ញារ៉ូលីន ឬលោករ៉ូលីន មួយរយៈចុងក្រោយនេះមានព័ត៌មានថា តាំងពីឡើងកូដមកវាយឫកឆ្មើងពើងទ្រូងដាក់គេឯង លែងស្គាល់អ្នកជុំវិញខ្លួនរហូតធ្វើឱ្យគេរិះគន់ ។ ឆ្លើយតបនឹងការលើកឡើងនេះរ៉ូលីនថា មិនមែនជាការពិតទេ ព្រោះភាពឆ្មើងនេះនាងទាត់ចោលមិនយកដាក់ខ្លួនជាដាច់ខាតនាំឲ្យស្អុយឈ្មោះ ។
អ្នកចម្រៀងភេទទី៣រ៉ូលីន បន្ទាប់ពីជោគជ័យពេលសម្តែងនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១២មក នៅក្នុងស្រុកអាជីពសិល្បៈហក់ឡើងខ្ពស់ ។ នេះជាអ្វីដែលធ្វើឱ្យរ៉ូលីនសប្បាយចិត្ត តែនៅពេលគេលើកឡើងថា នាងឆ្មើងឆ្មៃភ្លេចធាតុដើមធ្វើឱ្យនាងមិនសប្បាយចិត្ត ។ រ៉ូលីនបញ្ជាក់ថា នាងមិនភ្លេចធាតុដើមទេ ព្រោះបញ្ហារបស់អ្នកសិល្បៈនាងយល់ច្បាស់ណាស់ថា កាន់តែល្បី កាន់តែអោន ។ នាងទៅណាមកណាមិនថាតែអ្នកស្គាល់ទេ ឲ្យតែគេបែរភ្នែកចំមក គឺនាងញញឹមទៅវិញជានិច្ច លើកលែងតែនាងមិនបានឃើញ ។
រ៉ូលីនដែលពេលនេះមានមុខក្នុងខ្សែភាពយន្តពីរបីព្រមគ្នាដាក់បញ្ចាំងនៅតាមកន្លែងកម្សាន្តល្បីៗនិយាយថា នាងសប្បាយចិត្តដែលគេប្រាប់ចំណុចនេះដើម្បីឲ្យនាងជៀសចេញពីការភ្លេចខ្លួន ព្រោះស្រួលមិនស្រួលនាងអាចនឹងហក់ទៅមុខទៀត បន្ទាប់ពីកែខៃ និងចេះប្រយ័ត្ន ។ នាងនឹងព្យាយាមធ្វើយ៉ាងណាដើរលើវិថីសិល្បៈឲ្យបានល្អទៅមុខទៀត ទោះជាធ្វើឆ្កួតឡប់ៗដូចពេលនេះ ក៏ធ្វើដែរ ដើម្បីឲ្យទស្សនិកជនបានសើចសប្បាយផុតពីទុក្ខព្រួយខ្លះៗ ។
ទាក់ទិននឹងការងារសិល្បៈ រ៉ូលីនដែលជាអតីតនិសិ្សតផ្នែកអក្សរសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យន័រតុនបញ្ចប់ក្នុងឆ្នាំ២០០៨ឲ្យដឹងថា នាងកំពុងតែត្រៀមខ្លួនចេញទៅច្រៀងនៅអាមេរិក បន្ទាប់ពីបានទៅអូស្ត្រាលីកាលពីឆ្នាំ២០១២ រយៈពេល៣ខែជាមួយលី ច័ន្ទសីហា តូតា និងលោកជិន ស៊ីណារ៉ាក់ ។ នេះជាជោគជ័យថ្មីមួយទៀតទាក់ទិននឹងអាជីពសិល្បៈរបស់នាង។ នៅទីនោះ នាងលើកយកបទចម្រៀងសម័យមុន ពិសេសបទចម្រៀងរបស់អ្នកស្រីប៉ែន រ៉ន ច្រៀងជូនបងប្អូនខ្មែរយើងស្តាប់កម្សាន្តមិនឲ្យខុសបំណងឡើយ ដោយរក្សាឲ្យបាននូវអត្តសញ្ញាណជាតិខ្មែរ ។
រ៉ូលីនមានបំណងចង់បង្កើតនូវកម្មវិធីប្រគំតន្រ្តីមួយដែលប្រមូលផ្តុំទៅដោយតារាមានសំឡេងស្រដៀងអ្នកស្រីប៉ែន រ៉ន ដើម្បីច្រៀងរាំប្រមូលថវិកាជួយដល់អ្នកក្រីក្រ ។ រ៉ូលីនបញ្ជាក់ថា នាងមានគម្រោងគិតពីការប្រគំតន្រ្តីបែបមនុស្សធម៌នេះរយៈពេលយូរមកហើយ តាំងពីមានការទទួលស្គាល់ពីមហាជន ព្រោះនាងចង់សម្តែងការដឹងគុណចំពោះអ្នកចម្រៀងពីដើមដែលនាងបានយកលំនាំតាមមកសម្តែង ។ ការប្រគំតន្ត្រីនោះគឺនាងចង់ដាក់ប្រធានបទថា «ការប្រគំតន្រ្តីដឹងគុណឪពុកម្តាយ» ហើយកំពុងតែរកទីប្រឹក្សាជួយជាគំនិត ។ តាមគម្រោងនាងជ្រើសយកអ្នកនាងម៉ៅ ស៊ីណាត និងអ្នកនាងគីង សូរីយ៉ា និងរូបនាងផ្ទាល់សម្តែងនៅក្នុងប្រទេសយើងនាពេលវេលាសមស្របណាមួយដើម្បីរកថវិកាជួយសម្រួលដល់លោកតា លោកយាយ ក្មេងកំព្រា នៅក្នុងប្រទេសយើងដែលជាបំណងរបស់នាងគិតយូរមកហើយ គឺឱ្យតែមានលទ្ធភាព នាងនឹងធ្វើអ្វីដែលល្អជួយដល់សង្គមខ្លះ ។
លោករ៉ូលីន ឬកញ្ញារ៉ូលីន មានឈ្មោះដើមជួបច័ន្ទ កក្កដា កើតនៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ១៩៨៤ នៅរាជធានីភ្នំពេញ ។ ឪពុករបស់រ៉ូលីនឈ្មោះជួប សុភាព អតីតជាអ្នកបម្រើការងារនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលមរណភាពកាលពីឆ្នាំ២០១០ ដោយសារជំងឺ និងម្តាយឈ្មោះស៊ិន ស៊ីថា អាយុ៦៤ឆ្នាំ ជាគ្រូពេទ្យ។ រ៉ូលីនជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ ប្រុសទាំងអស់ ។
ដំណើរចូលក្នុងវិថីសិល្បៈរបស់រ៉ូលីន គឺបានលោកអេឡិច ចិន្ត្រា និងនាងឆៃលី ដាឡែន ជាអ្នកត្រួសត្រាយផ្លូវ គឺជួួយសុំស្ថានីយទូរទស្សន៍ឱ្យឡើងសម្តែង ដោយបើកឆាកដំបូងនៅស៊ីធីអិុន។ តាំងពីនោះមកនាងមានមុខឡើងច្រៀងជាហូរហែទាល់តែល្បីឈ្មោះ ៕
ចែករំលែកព័តមាននេះ