ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈូក​មាន​ប្រយោជន៍​​តាំង​ពី​ក្រអៅ​ ស្លឹក ផ្លែ​ ផ្កា

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ឈូក​ជា​ប្រភេទ​រុក្ខ​ជាតិ​​ដែល​មាន​ប្រ​យោ​ជ​ន៍​​ច្រើន​យ៉ាង​ដូច​ជា​ក្រអៅ​អាច​​យក​ទៅ​ធ្វើ​ជា​​បន្លែ ផ្កាឈូក​យក​ទៅ​ថ្វាយ​ព្រះ ស្លឹក​យក​ទៅ​ខ្ចប់​​នំ​ចំណី ផ្លែ​ខ្ចី​ហូប​ឆៅ ផ្លែ​ទុំ​យក​ទៅ​លីង​ធ្វើ​គ្រលីង​ឈូក ដំណាប់​គ្រាប់​ឈូក​ ធ្វើ​បង្អែម និង​ធ្វើ​ម្សៅឈូក​ជាដើម​។ បច្ចុប្បន្ន​កសិករ​​នាំ​គ្នា​ដាំ​ឈូក​​ច្រើន​ដោយសារ​គ្រាប់​ឈូក​មាន​តម្លៃ​ថ្លៃ​​​គឺ​​ក្នុង​មួយ​គីឡូក្រាម​​​រហូត​ដល់​១​ម៉ឺន​២​ពាន់​រៀល​។ ឈូក​ដែល​គេ​បេះ​ផ្កាយ​កមក​លក់

​ខេត្ត​កណ្តាល ៖ ឈូក​ជា​ប្រភេទ​រុក្ខ​ជាតិ​​ដែល​មាន​ប្រ​យោ​ជ​ន៍​​ច្រើន​យ៉ាង​ដូច​ជា​ក្រអៅ​អាច​​យក​ទៅ​ធ្វើ​ជា​​បន្លែ ផ្កាឈូក​យក​ទៅ​ថ្វាយ​ព្រះ ស្លឹក​យក​ទៅ​ខ្ចប់​​នំ​ចំណី ផ្លែ​ខ្ចី​ហូប​ឆៅ ផ្លែ​ទុំ​យក​ទៅ​លីង​ធ្វើ​គ្រលីង​ឈូក ដំណាប់​គ្រាប់​ឈូក​ ធ្វើ​បង្អែម និង​ធ្វើ​ម្សៅឈូក​ជាដើម​។ បច្ចុប្បន្ន​កសិករ​​នាំ​គ្នា​ដាំ​ឈូក​​ច្រើន​ដោយសារ​គ្រាប់​ឈូក​មាន​តម្លៃ​ថ្លៃ​​​គឺ​​ក្នុង​មួយ​គីឡូក្រាម​​​រហូត​ដល់​១​ម៉ឺន​២​ពាន់​រៀល​។ ឈូក​ដែល​គេ​បេះ​ផ្កាយ​កមក​លក់​នៅ​លើ​ទីផ្សារ ​ភាគច្រើន​ជា​ឈូក​ដែល​ដុះ​នៅ​តាម​បឹង ឈូក​ពូជ​យក​ផ្កា ឬ​ឈូក​ដុះ​មួល គេ​បេះ​ផ្កា និង​ស្លឹក​យក​មក​លក់ ដោយសារ​ទុក​ផ្លែ​ក៏​មិនសូវ​បាន​ផល​ប៉ុន្មាន​ដែរ មិន​ដូច​ពូជ​ឈូក​ដែល​ដាំ​យក​ផ្លែ​នោះ​ទេ ។

កសិករ ឆៅ ឈឿ​ន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ បាន​និយាយ​ពី​បទ​ពិសោធន៍​ផ្ទាល់​របស់​គាត់​ក្នុង​ការ​ដាំ​ឈូក​ថា ​ពេល​មាន​ភ្លៀង​ធ្លាក់​គេ​ត្រូវ​ភ្ជួរ​ដាស់ដី​ឱ្យ​បាន​មុន​រដូវ​ទឹក​ឡើង​។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​ស្មៅ​ងាប់ ឬ​រលួយ​នៅ​ពេល​​​ទឹក​​ឡើង និង​​ងាយស្រួល​ដល់​រដូវ​​ទឹក​សម្រក​​ដែល​ត្រូវ​ដាំ​ គឺ​​ស្មៅ​មិន​អាច​ដុះ​​រួប​ឈូក​បាន។ លុះ​ពេល​ទឹក​ចាប់ផ្ដើម​ស្រក​ទៅ​វិញ​បាន​ត្រឹម​ជង្គង់ ឬ​ចង្កេះ យើង​​អាច​ចាប់​ផ្ដើម​យក​កូន​មក​ដាំ​បណ្ដេញ​ទឹក ​ហើយ​កូន​​ដែល​យក​មក​ដាំ​នោះ ត្រូវ​ផ្សាំ​ទុក​នៅ​ក្នុង​ស្រះ​មាន​ទឹក​នឹង​ គឺ​មាន​ន័យ​ថា ទឹក​មិន​ឡើង​មិន​ចុះ រហូត​ឈូក​ដុះ​បែក​សន្លឹក​អណ្ដែត​​ក្រាល​​លើ​ទឹក​ហៅ​ថា ​សន្លឹក​កាក់ ទើប​គេ​យក​មក​ដាំ​ គេ​មិន​យក​កូន​ដែល​មាន​ស្លឹក​ងើប​ផុត​ពី​ទឹក​មក​ដាំ​ទេ ព្រោះ​វា​មិន​មាន​កម្លាំង​ខ្លាំង​ដូច​កូន​ឈូក​ដែល​ទើបនឹង​ដុះ។

កសិ​ករ​រូប​នេះ​និយាយ​រៀប​រាប់​ទៀត​ថា កាល​ណា​ឈូក​ចេញ​សន្លឹក​គេ​ដាក់​ជី​បាញ់​ថ្នាំ​ជំនួយ​ដើម និង​ថ្នាំ​ជំនួយ​ផ្លែ លុះ​បាន​ពីរ​ខែ​ឈូក​ចេញ​ស្លឹក​ពីរ​ទៅ​បីសន្លឹក​រួច​ចេញ​ផ្កា ​ហើយ​ចន្លោះ​ពី​បី​ទៅ​បួន​ខែ​ឈូក​ចាប់ផ្ដើម​ផ្លែ ។ បើ​បេះ​ផ្លែ​ខ្ចី​លក់​ក្នុង​មួយ​ស្លឹក​(៤០០​ផ្លែ)ថ្លៃ​១០​ម៉ឺន​រៀល បន្ទាប់​ពី​ផ្លែ​ចាស់​ទៅ​តែ​មួ​យស​ប្ដា​ហ៍​ឈូក​ក្លាយទៅជា​គ្រ​លីង​ឡើង​គ្រាប់​ខ្មៅ​ទើប​បេះ​គ្រាប់​បាន ហើយ​គ្រាប់​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​១២.០០០​រៀល។ តំបន់​នេះ​គេ​និយម​ដាំ​ឈូក​ពូជ​សាំង​ហ្គា​ពួរ​ដែល​ពូជ​នេះ​ដាំ​រយៈពេល​៤​ខែ​​នឹង​​ទទួល​បាន​​ផល ។

ចំណែក​កសិករ គ្រី​ ម៉ា អាយុ​៤០​ឆ្នាំ នៅ​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល និយម​ដាំ​ឈូក​ប្រេង​កន្លះ ឬ​ឈូក​បាយ​កន្លះ ដោយ​ដាំ​រយៈពេល​តែ​៣​ខែ បាន​ផ្លែ​បេះ​ហើយ តែ​ពូជ​ប្រភេទ​នេះ​គេ​មិន​បេះ​ផ្លែ​ខ្ចី​លក់​ទេ ព្រោះ​ផ្លែ​វា​តូច គឺ​គេ​ច្រើន​ទុក​​ឱ្យ​ទុំ។ ​គាត់​និយាយ​ថា ពូជ​ឈូក​ទិញ​ពី​គេ​មួយ​ដើម​ថ្លៃ​១០០​រៀល ក្នុង​មួយ​​ហិ​កតា​ដាំ​១.០០០​គុម្ព។ ​ដំណាំ​ឈូក​ទទួល​ផល​បាន​ច្រើន​នៅ​លើ​ដី​ដែល​ខែវស្សា​ទឹក​លិច​ខែប្រាំង​គោក ឬ​ដី​កាប់​ព្រៃ​រាន​ថ្មី ។

គួរ​កត់​សំ​គាត់​​ថា ឈូក​មានការ​ពិបាក​​ថែទាំ​​ដោយ​សារ​ទី​មួយ​ ពេល​ឈូក​ដុះ​ស្លឹក​ងើប​ផុត​ពី​ទឹក​មាន​ក្រា​ស៊ី​ស្លឹក និង​ទី​ពីរ ​ពេល​ផ្កា​ហើយ​ជ្រុះ​អស់​ចេញ​ជា​ផ្លែ​តែ​មិន​ទាន់​ដាក់​គ្រាប់​វា​អាច​មួល​.​ក​ ឬ​ស្កក​អត់​មាន​គ្រាប់​ទេ គឺក្នុង​ផ្លែ​​អាច​មាន​គ្រាប់​ល្អ​តែ​៥​ ឬ​៦​​គ្រាប់​ប៉ុណ្ណោះ។ បើ​ជួប​ប្រទះ​ជំងឺ​ទាំង​អស់​នេះ​ធ្វើ​ឱ្យ​អ្នក​ដាំ​ក្នុង​មួយ​រដូវ​នេះ​ត្រូវ​ខាតបង់​ប្រាក់​និង​កម្លាំង​ឥតប្រយោជន៍ ហេតុ​នេះ​ហើយ​ទើប​កសិ​ករ​មួយ​ចំនួន​មិនសូវ​ដាំ ។
​ទោះ​បី​ជា​យា៉ង​ណា ប្រជា​កសិករ​អ្នក​ដាំ​ឈូក​​បាន​អះអាង​ថា ការ​ដាំ​ឈូក​មិនសូវ​ចុះ​សោហ៊ុយ​​ច្រើន​ដូច​ដំណាំ​ស្រូវ តែ​ពិបាក​ថែ​ទាំ​​ជាង​​ដំណាំ​ស្រូវ​បន្ដិច រីឯ​ផល​​ទទួល​បាន​ច្រើន​ជាង​ស្រូវ គឺ​​ក្នុង​ទំហំ​ដី​១​ហិ​កតា​​អាច​ប្រមូល​ផល​លក់​បាន​៦​លាន​រៀល​ ចំណែក​ដំណាំ​​​ស្រូវ​វិញ​ក្នុង​មួយ​ហិ​កតា​ដូច​គ្នា​បាន​តែ​៣,៥​លាន​​រៀល​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ខ្លះ​នាំ​គ្នា​ឈប់​ធ្វើស្រែ​​រួច​ងាក​មក​ដាំ​ឈូក​វិញ​ម្ដង៕