ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធាន​ព្រឹទ្ធសភា​ស្នើ​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ពន្យល់​សភាពការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា ភក្តី សាយ​ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​ស្នើ​ដល់​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​កម្ពុជា​ដែល​ត្រូវ​បំពេញការងារ​ពីរ​បង្ហាញ​អំពី​សភាពការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ឲ្យ​គេ​គាំទ្រ​ប្រទេស​កម្ពុជា​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច វប្បធម៌…

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា ភក្តី សាយ​ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​ស្នើ​ដល់​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​កម្ពុជា​ដែល​ត្រូវ​បំពេញការងារ​ពីរ​បង្ហាញ​អំពី​សភាពការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ឲ្យ​គេ​គាំទ្រ​ប្រទេស​កម្ពុជា​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​សង្គមកិច្ច ។

ការ​ស្នើ​សុំ​នេះ ខណៈ​ដែល​សម្តេច​បាន​អនុញ្ញាត​ឲ្យ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ី​ស្រា​អែ​ល​ចូល​ជួប​សម្តែង​ការ​គួរសម និង​ទទួល​អនុសាសន៍​នៅ​មុន​ពេល​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​ការទូត​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប​នា​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១៨​នៅ​វិមាន​ព្រឹទ្ធសភា ។ នៅ​ក្នុង​ឱកាស​នោះ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​លោក ឃួ​ន ផុ​ន​រតនៈ​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ី​ស្រា​អែ​ល ។

ជាមួយ​គ្នា​នេះ​សម្តេច​បាន​ផ្តាំផ្ញើ​ចំពោះ​លោក​ត្រូវ​យកចិត្តទុកដាក់​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ល្អ ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មករ​វាង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ជាមួយនឹង​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ី​ស្រា​អែ​ល ។ សម្តេច​បញ្ជាក់​ថា «​ដើម្បី​សម្រេច​បំណង​នេះ​ត្រូវ​យកចិត្តទុកដាក់​ទំនាក់ទំនង​ល្អ​ជាមួយនឹង​បណ្តា​ស្ថាប័ន និង​ជាមួយ​ប្រជាជន​នៃ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ី​ស្រា​អែ​ល​ឲ្យ​បាន​ល្អ​ប្រសើរ ។ បន្ថែម​លើ​នេះ​ត្រូវ​ឲ្យ​គេ​យល់​អំពី​សភាពការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ឲ្យ​គេ​គាំទ្រ​ប្រទេស​កម្ពុជា​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​សង្គមកិច្ច​» ។

សម្តេច​វិបុល​សេនា ភក្តី សាយ​ឈុំ ក៏​បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​មួយ​ចំនួន​ជូន​ដល់​លោក​ឯកអគ្គរាជទូត​ត្រូវ​សកម្ម​ផ្សព្វផ្សាយ និង​បកស្រាយ​ពន្យល់​អំពី​សភាពការណ៍​នៅ​កម្ពុជា​ជូន​ដល់​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​នៅ​ប្រទេស​ដែល​កំពុង​បំពេញភារកិច្ច ។ ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​រហ័ស​ចំពោះ​សភាពការណ៍​នយោបាយ​ក្រៅប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា និង​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគិន និង​ភ្ញៀវ​ទេ សចរ​មក​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ។

ក្នុង​ជំនួប​នោះ​ដែរ​លោក ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ប្តេជ្ញា​នៅ​ចំពោះ​មុខ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ថា នឹង​ខិតខំ​បំពេញភារកិច្ច​ជា​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។

លោក​បាន​សន្យា​ថា នឹង​ខិតខំ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រធាន​ព្រឹទ្ធសភា និង​ខិតខំ​ថែរក្សា​ផ្សព្វផ្សាយ​នូវ​កិត្យានុភាព​ប្រទេស​ជាតិ ពង្រឹងពង្រីក​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​ម្ចាស់ផ្ទះ និង​ឯកអគ្គរាជទូត​រដ្ឋ​ទូត​ប្រទេស​ផ្សេង​ៗ​ទៀត និង​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគិន និង​អ្នកទេសចរ​ឲ្យ​មក​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ