រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម RGB រឿង «ខ្លាចអី ? សើចតើ!» បានសម្ពោធចាក់បញ្ចាំងនៅរោងភាពយន្តលំដាប់អន្តរជាតិ ផ្លាទីនៀមស៊ីនេផ្លេច នៅផ្សារទំនើបសូរិយា ជាន់ទី៥ កាលពីល្ងាចថ្ងៃទី២១ មិថុនា ឆ្នាំ២០១៣ ដោយមានការចូលរួមពីតារាកិត្តិយសជាច្រើន មានរ៉ូលីន, តាប៊ុយ, នាយក្រូច, ប៊ីអាយជី, នេនទុំ, ប៊ីរីយ៉ា, អឿន លាក់លីតា និងកាកា ។
នៅក្នុងឱកាសនោះលោក ម៉ៅ រតនា ម្ចាស់ផលិតកម្ម RGB បានថ្លែងថា រឿង «ខ្លាចអី ? សើចតើ!» បានចំណាយប្រាក់ផលិតអស់ជាង៥ម៉ឺនដុល្លារ ។ នេះគឺជាខ្សែភាពយន្តបែបកំប្លែងអប់រំលាយឡំដោយមនោសញ្ចេតនាស្នេហារបស់កម្លោះបន្ទាយមានជ័យ៤នាក់ ព្រមទាំងខ្មោចខ្ទើយគ្មានស្នេហាតាំងពីនៅជាមនុស្សរហូតក្លាយជាខ្មោច ។
លោក ម៉ៅ រតនា ឱ្យដឹងទៀតថា នេះជាខ្សែភាពយន្តទី៤ហើយរបស់ផលិតកម្ម RGB ដែលចាក់បញ្ចាំងបន្ទាប់ពីទទួលបានជោគជ័យចំនួន៣រឿងកន្លងមក គឺ ស្នេហាគ្រាដំបូង អាបពាក់មួកសុវត្ថិភាពវគ្គ១ និងរឿងព្រាយភ្នែក៤ ។ រឿង «ខ្លាចអី ? សើចតើ!» ចាក់បញ្ចាំងចាប់ពីថ្ងៃទី២២ មិថុនា ឆ្នាំ២០១៣ តទៅនៅរោងភាពយន្តផ្លាទីនៀមស៊ីនេផ្លេច ក្នុងផ្សារទំនើបសូរិយា ជាន់ទី៥ រោងភាពយន្តលុច្ស និងរោងភាពយន្តស៊ីធីម៉ល នៃរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ