ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរីឆ្លាមដឹកឈើគ្រញូងស៊េរី៩៧មួយគ្រឿងពណ៌ប្រផេះ (គ្មានស្លាកលេខ) ខណៈដែលកំពុងធ្វើចរាចរណ៍ដឹកឈើគ្រញូងខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តកំពង់ធំ ដើម្បីទៅកាន់ទីរួមខេត្តកំពង់ចាម រួចឆ្ពោះចូលទៅលក់ឱ្យឈ្មួញនៅក្នុងប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ចាប់បានកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៣ មិថុនា ២០១៣ ស្ថិតនៅចំណុចភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមការឱ្យដឹងពីលោកតិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានប្រាប់ថា មុនពេលចាប់ឃាត់រថយន្តកាមរីដឹកឈើគ្រញូងនេះ លោកមានការសង្ស័យ ក៏បើករថយន្តដេញតាមពីក្រោយ ដើម្បីសុំធ្វើការត្រួតពិនិត្យ តែរថយន្តកាមរីនេះចេះតែបន្ថែមល្បឿនទៅមុខ ឃើញដូច្នេះលោកបានបញ្ជាឱ្យលោកសុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដឹកនាំកម្លាំងចម្រុះរួមមាននគរបាលកម្លាំងសឹករក និងកងរាជអាវុធហត្ថចាំស្ទាក់ផ្លូវ ។ ពេលនោះរថយន្តជនល្មើសដឹកឈើគ្រញូងក៏ឈប់បើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលទាំងយប់តែម្តង ។
ចំណែកកម្លាំងធ្វើការពិនិត្យលើរថយន្ត ក៏ប្រទះឃើញមានសុទ្ធតែជាឈើគ្រញូងចំនួន៣៣ដុំ ស្មើនិងទម្ងន់៧១០គីឡូក្រាម ហើយក៏បាននាំយកមកកាន់ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ៕
ចែករំលែកព័តមាននេះ