ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ តើ​មាន​អត្ថន័យ​យ៉ាងណា?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំ​ពេញ ៖ ថ្ងៃ​ទី​៥ ខែធ្នូ គឺជា​ទិវា​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ ដែល​បាន​បង្កើត​ឡើង​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​នា​ឆ្នាំ​១៩៨៥ ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ទទួលស្គាល់​ជាស​កល និង​ការ​អបអរសាទរ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត និង​ការ​រួមចំណែក​របស់​ពួក​គេ​ចំពោះ​ការ​អភិវឌ្ឍ​អន្ដរជាតិ​។ ប្រធានបទ​ប្រចាំឆ្នាំ​នេះ​គឺ…

​រាជធានី​ភ្នំ​ពេញ ៖ ថ្ងៃ​ទី​៥ ខែធ្នូ គឺជា​ទិវា​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ ដែល​បាន​បង្កើត​ឡើង​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​នា​ឆ្នាំ​១៩៨៥ ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ទទួលស្គាល់​ជាស​កល និង​ការ​អបអរសាទរ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត និង​ការ​រួមចំណែក​របស់​ពួក​គេ​ចំពោះ​ការ​អភិវឌ្ឍ​អន្ដរជាតិ​។ ប្រធានបទ​ប្រចាំឆ្នាំ​នេះ​គឺ «​អ្នក​ស្ម័គ្រចិត្ត​កសាង​សហគមន៍​រឹង​មាំ​»​។ នេះ​បើ​យោង​តាម​ប្រកាស​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ក្រុងភ្នំពេញ​។​

សហគមន៍​រឹង​មាំ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) ដែល​ជា​គោល​ដៅ​សកល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមភាព និង​កាត់​បន្ថយ​ការ​ប្រែប្រួល​​អាកាស​ធាតុ​ត្រឹម​ឆ្នាំ​២០៣០​។ អ្នក​ស្ម័គ្រចិត្ត ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ចំណុច​ស្នូល​ដើម្បី​សម្រេច​បាន​នូវ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​អាច​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​អភិវឌ្ឍ​ដែល​បង្កើត​ឡើង​ដោយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​នៅ​ទូ​ទាំង​ពិភពលោក​។​

​មន្ត្រី​ស្ថានទូត​បាន​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន កម្ពុជា​មាន​អ្នក​ស្ម័គ្រចិត្ត​អូស្ត្រាលី​ចំនួន ២៥​រូប​កំពុងធ្វើការ​ជាមួយ​អង្គការ​ដៃគូ​ចំនួន​២១ នៅ​ក្នុង​វិស័យ​នានា ដែល​បាន​រួមចំណែក​ចែករំលែក​ជំនាញ និង​បទ​ពិសោធន៍​​ចំពោះ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ អ្នក​ស្ម័គ្រចិត្ត​អូស្ត្រាលី ធ្វើការ​ជាមួយ​រដ្ឋាភិបាល វិស័យ​ឯកជន អង្គ​ការក្រៅរដ្ឋាភិបាល​និង​ក្រុម​សហគមន៍ ដើម្បី​គាំទ្រ​ដល់​គម្រោង​នានា​ដែល​គ្រប់គ្រង និង​អនុវត្ត​ដោយ​ពលរដ្ឋ​ក្នុង​តំបន់​។​

​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា Angela Corcoran ថ្លែង​ថា​៖ «​អ្នក​ស្ម័គ្រចិត្ត​អូស្ត្រាលី​គ្រប់​រូប នាំ​យក​អ្វី​ដែល​លេចធ្លោ​ដល់​ការងារ និង​សហគមន៍​ដែល​ពួក​គេ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពួក​គេ​ក៏​បាន​ស្វែង​យល់​រៀនសូត្រ​ច្រើន​ដែរ​»​។​

​ឯកអគ្គរាជទូត​អូស្ត្រាលី Angela Corcoran បន្ថែម​ថា​៖ «​ពួក​គេ​ស្វែង​យល់​អំពី​វប្បធម៌ និង​គុណ​តម្លៃ​របស់ កម្ពុជា អំពី​ម្ហូបអាហារ និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុងស្រុក ហើយ​សំខាន់​បំផុត​នោះ​គឺ​អំពី​ប្រជាជន​កម្ពុជា​។ ប្រជាជន គឺជា​ស្នូល​ដ៏​សំខាន់​របស់​ការងារ​ស្ម័គ្រចិត្ត ហើយ​បទ​ពិសោធន៍​របស់​អ្នក​ស្ម័គ្រចិត្ត​អូស្ត្រាលី​ក្នុងអំឡុងពេល​ធ្វើការ និង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ​របស់​ពួក​គេ​ជា​រៀង​រហូត​»​។​

​រដ្ឋាភិបាល​អូស្ត្រាលី បាន​ជួយ​គាំទ្រ​ដល់​កិច្ចការ​ស្ម័គ្រចិត្ត​អន្តរជាតិ​នៅ​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​អូស្ត្រាលី បាន​បន្ត​កា​សាង​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​នេះ​។ កម្មវិធី​នេះ ផ្តល់​ឱកាស​​ដល់​អ្នកជំនាញ​ជា​ពលរដ្ឋ​អូស្ត្រាលី ឲ្យ​ធ្វើការ​ស្ម័គ្រចិត្ត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​២៦ នៅ​ក្នុង​តំបន់ ព្រមទាំង​រួមចំណែក​ក្នុង​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។ ក្នុង​ឆ្នាំ ២០១៨ អ្នក​ស្ម័គ្រ​ចិត្ត​អូស្ត្រាលី​ច្រើន​ជាង​៨០០​រូប បាន​រួមចំណែក​ក្នុង​គម្រោង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ទូ​ទាំង​ពិភព​លោក​។​

​ទិវា​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ គឺជា​ទិវា​មួយ​ដើម្បី​ទទួលស្គាល់​សារៈសំខាន់​នៃ​ការ​រួមចំណែក​របស់​អ្នក​ស្ម័គ្រចិត្ត​ទាំង​ពេល​អតីតកាល បច្ចុប្បន្ន និង​អនាគត​។ អូស្ត្រាលី មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ដល់​អ្នក​ស្ម័គ្រចិត្ត អូស្ត្រាលី​ដើម្បី​ធ្វើការ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ