ជម្រុញ​ឲ្យ​កសិករ​បង្កើន​ការ​ផលិត​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឲ្យ​បាន​ច្រើន


ខេត្តព្រះវិហារ ៖ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រ​ទស​ជិតខាង​មន្ត្រី​ក្រសួងកសិកម្ម​ជម្រុញ​ឲ្យ​កសិករ​បង្កើន​ការ​ផលិត​បន្លែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​ដោយសារ តែ​បច្ចុប្បន្ន​នេះ តម្រូវការ​ប្រើប្រាស់​បន្លែ​សុវត្ថិភាព​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ផលិតផល​បន្លែ​ក្នុងស្រុក​មិន​ទាន់​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​នៅឡើយ​ទេ ។

ដូច្នេះ​មន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ជម្រុញ​ដល់​ប្រជា​កសិករ​ក៏​ដូច​ជា សហគមន៍​កសិកម្ម​ទាំងអស់​បង្កើន​នូវ​ការ​ផលិត​បន្លែ​សរីរាង្គ​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​ក៏​ដូច​ជា តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​គ្រប់គ្រាន់ និង​ចូលរួម​កាត់​បន្ថយ​នូវ​ការ​ហូរ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ដែល​មិន​មាន​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ដៃគូ​គម្រោង​ឈេ​ន​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ លោក​បណ្ឌិត គៀន សុភា ប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​លើក​ឡើង​ថា នៅ​កម្ពុជា​តម្រូវការ​ប្រើប្រាស់​បន្លែ​មាន​រហូត​ដល់​១​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​នូវ​បន្លែ​ដែល​បាន​ដាំ​ដុះ​ក្នុងស្រុក​អាច​ផ្គត់ផ្គង់​បាន​ត្រឹមតែ​៦០០​តោន​ប៉ុណ្ណោះ​ដែល​បរិមាណ​នេះ​មិន​ទាន់​គ្រាន់​សម្រាប់​តម្រូវការ​ប្រើប្រាស់​ក្នុង​ប្រទេស​នោះ​ទេ ដូចនេះ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង​មាន​រហូត​ដល់​ចន្លោះ​ពី​ជាង​៣០០​ទៅ​៤០០​តោន​ក្នុង​មួយ​ថ្ងៃ ។
លោក​បន្ថែម​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​តម្រូវការ​ប្រើប្រាស់​បន្លែ​សុវត្ថិភាព​មានការ​កើនឡើង​គួរ​កត់សម្គាល់​ដោយសារ​តែ​ប្រជាជន​ខ្មែរ​មានការ​យល់​ដឹង​ខ្ពស់​ពី​អត្ថប្រយោជន៍​នៃ​ការ​បរិភោគ​បន្លែ​សុវត្ថិភាព​ដែល​ធ្វើ​ឲ្យ​អ្នក​បរិភោគ​មាន​សុខភាព​ល្អ និង​ចៀសវាង​បាន​នូវ​ការ ប្រើប្រាស់​បន្លែ​ដែល​ផ្ទុក​ដោយសារ​ធាតុគីមី​ដែល​នាំ​ចូល​ពី​បណ្តា​ប្រទេស​ជិតខាង ។

ដូច្នេះ​ហើយ លោក​បណ្ឌិត​បាន​ជម្រុញ​ឲ្យ​ប្រជា​កសិករ​ក៏​ដូច​ជា សហគមន៍​កសិកម្ម​ទាំងអស់​បង្កើន​នូវ​ការ​ផលិត​បន្លែ​សរីរាង្គ​នេះ​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​អាហារូបត្ថម្ភ និង​សុខភាព​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ឲ្យ​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​នោះ​ជួយ​លើកកម្ពស់​ជីវភាព​របស់​កសិករ​កាន់តែ​មាន​ជីវភាព​ធូរធារ​ប្រសើរ​ឡើង​បាន​មួយ​កម្រិត​ទៀត ។

ជាមួយ​គ្នា​នេះ​លោកស្រី ម៉ា​រី​កិ វ៉ា​ន់​ស៊ី ប្រធាន​គម្រោង ឈេ​ន បាន​លើក​ឡើង​ថា​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​គម្រោង​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ជាតិ​ថ្នាក់​ខេត្ត​ដែល​ជា​ខេត្ត​គោលដៅ​របស់​គម្រោង ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​ផលិតកម្ម​បន្លែ​សរីរាង្គ​នេះ កាន់តែ​ទទួល​បាន​ជោគជ័យ ដូចនេះ​គម្រោង ឈេ​ន ក៏​ដូច​ជា មន្ទីរ​ជំនាញ​នឹង​ជួយ​បណ្តុះបណ្តាល​ចំណេះដឹង និង​ការ​អនុវត្ត​ផ្សេង​ៗ​បន្ថែម​ទៀត​ដល់​កសិករ​នឹង​គៀងគរ​ឈ្មួញ​ប្រមូល​ទិញ​បន្លែ​សរីរាង្គ​ស្រស់​ៗ​គ្មាន​ជាតិ​គីមី​នេះ​យក​ទៅ​លក់​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស​កាន់តែ​ទូលំទូលាយ ខណៈ​បច្ចុប្បន្ន​នេះ​បន្លែ​សរីរាង្គ​កំពុង​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់ ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​លើក​ឡើង​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ខេត្តព្រះវិហារ​កសិករ​ទទួល​បាន​នូវ​ការ​លើកទឹកចិត្ត​ខ្ពស់​ទាំង​សម្ភារៈ​ប្រើប្រាស់ និង​បច្ចេកទេស​កសិកម្ម​ក្នុង​ការ​អនុវត្ត​លើ​វិស័យ​កសិកម្ម​ពី​បណ្តា​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ដៃគូ​នានា​ជួយ​គាំទ្រ​លើ​វិស័យ​កសិកម្ម ជា​ពិសេស​ការ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​នេះ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាជន ។ លោក​ថា មន្ទីរ​ជំនាញ​នឹង​ប្តេជ្ញា​សហការ​ជាមួយ​ដៃគូ​អង្គការ​អភិវឌ្ឍន៍​លើ​វិស័យ​មួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កសិកម្ម​គ្រប់​រូបភាព​ទាំងអស់​ដែល​កសិករ​ជួប​ប្រទះ​ការ​លំបាក ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ធ្វើការ​ផលិត​នូវ​ដំណាំ​បន្លែ​សរីរាង្គ​នេះ​ឲ្យ​កាន់តែ​រីក​ចម្រើន និង​ទទួល​បាន​ជោគជ័យ​លើ​វិស័យ​សិប្បកម្ម​នេះ ។

សូម​បញ្ជាក់​ថា គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ​កសិករ​ដែល​បាន​អនុវត្ត និង​គាំទ្រ​ដោយ​គម្រោង ឈេ​ន វគ្គ​២​មាន​ចំនួន​សរុប​៧,១១៤​នាក់ មាន​ស្ត្រី​៧៤% និង​ជនជាតិភាគតិច​៦% ដែល​ក្នុង​នោះ​អនុវត្ត​លើ​ខេត្ត​គោលដៅ​ចំនួន​៤ ក្នុង​នោះ​មាន​ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹង​ត្រែង និង​ខេត្តក្រចេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៤:០៣ | ក្នុងស្រុក

សារលិខិត​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ​ខួបកំណើត​គម្រប់៦៤ឈាន​ចូល៦៥ឆ្នាំ

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ