រាជធានីភ្នំពេញ ៖ លោកនាយកសាលាម្នាក់ដែលត្រូវបុរសអ្នកសុំទានចាក់ឱ្យរបួសធ្ងន់ ត្រូវបានគេបញ្ជូនតាមរថយន្តពេទ្យទៅសង្គ្រោះយ៉ាងប្រញ៉ាប់ប្រញាល់នោះបានស្លាប់បាត់ទៅហើយ ដោយសាររបួសធ្ងន់ធ្ងរពេក បើទោះជាគ្រូពេទ្យបានប្រើវិធីសង្គ្រោះអស់លទ្ធភាពក៏ដោយ គឺគាត់បានស្លាប់ក្រោយពេលកើតហេតុរយៈពេល១ម៉ោង ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០នាទីថ្ងៃទី២៣ មិថុនា ២០១៣ នៅសង្កាត់អូរឡាំពិក ខណ្ឌចំការមន ។
បុរសរងគ្រោះឈ្មោះគ្រី ឆៃគីម ជានាយកសាលាបឋមសិក្សាទួលស្លែង ចំណែកជនដៃដល់ឈ្មោះសំ ជៀន ត្រូវប៉ូលិសចាប់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ១ជាបន្ទាន់ ដើម្បីធ្វើការសាកសួរ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសអ្នកសុំទានរូបនោះបានទៅដើររ៉ែរ៉ចុះឡើងៗកៀនរបង សាលាធ្វើឱ្យមានការសង្ស័យខ្លាចក្រែងបុរសរូបនេះធ្វើអ្វីមិនគប្បីចំពោះសិស្សសាលា ពេលនោះលោកនាយកសាលាក៏មកសួរនាំ និងបណ្តេញចេញឱ្យទៅឆ្ងាយពីនេះ ក៏ស្រាប់តែជនដៃដល់ចាក់កាំបិតចំលើចង្កេះខាងស្តាំនៃចំហៀងខ្លួន បណ្តាលឱ្យរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកបានស្លាប់នៅវេលាម៉ោង៣និង៥០នាទីថ្ងៃដដែល៕
ចែករំលែកព័តមាននេះ