មកទល់នឹងល្ងាចថ្ងៃទី២២ មិថុនា ២០១៣ សម្បត្តិបេតិកភណ្ឌរបស់ប្រទេសចំនួន១២ហើយ ត្រូវបានសម័យប្រជុំពេញអង្គលើកទី៣៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានអនុម័តចុះបញ្ជីជាផ្លូវការនៅកម្ពុជា ។
បើតាមអ្នកនំាពាក្យសម័យប្រជុំពេញអង្គលើកទី៣៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅកម្ពុជាពីថ្ងៃទី១៦ដល់ថ្ងៃទី២៧ មិថុនា ២០១៣នេះ មានសម្បត្តិបេតិកភណ្ឌចំនួន៣១ របស់ប្រទេសចំនួន៣០ បានសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែក្នុងនោះអាចមានសម្បត្តិបេតិកភណ្ឌរបស់ប្រទេសចំនួន១៥ប៉ុណ្ណោះ ដែលគេសង្ឃឹមថា នឹងត្រូវចុះបញ្ជីផ្លូវការក្នុងសម័យប្រជុំលើកទី៣៧នៅប្រទេសកម្ពុជានេះ ។
ជាការកត់សម្គាល់ក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក៏បានសម្រេចលុបឈ្មោះបា្រសាទមួយក្នុងប្រទេសអ៊ីរ៉ង់ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និង រមណីដ្ឋានចំនួន៦កន្លែងទៀតក្នុងប្រទេសស៊ីរី ត្រូវបានសម័យប្រជុំលើកទី៣៧ អនុម័តចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកស្ថិតក្នុងគ្រោះថ្នាក់ ដោយសារប្រទេសមួយនេះបាននឹងកំពុងជួបនឹងវិបត្តិសង្រ្គាមស៊ីវិលធ្ងន់ធ្ងរ ។
គួរបញ្ជាក់ដែរថា សម្បត្តិបេតិកភណ្ឌរបស់បណ្តាប្រទេសចំនួន៣០ ដែលសុំចុះបញ្ជីនៅកម្ពុជានាពេលនេះមាន០៣ប្រភេទគឺ សម្បត្តិធម្មជាតិ សម្បត្តិជីវៈចម្រុះនិងសម្បត្តិវប្បធម៌ ។
មកដល់ពេលនេះដោយមិនទាន់គិតពីសម្បត្តិបេតិកភណ្ឌដែលត្រូវចុះបញ្ជីនៅកម្ពុជា មានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន៩៦២ហើយ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិមនុស្សជាតិ ៕
ចែករំលែកព័តមាននេះ