រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២០ មិថុនា សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងមួយរបស់ក្រុមហ៊ុនហេង ស្រេងហុង អាហរណ៍នីហរណ៍ (កាត់កញ្ចក់ និងទ្វាររមូ) ដែលម្ចាស់ក្រុមហ៊ុនបានប្តឹងចោទប្រកាន់ស្ត្រីម្នាក់ជាអតីតអ្នកគ្រប់គ្រងក្រុមហ៊ុនដោយជាប់ចោទបានលួចកិបកេងប្រាក់រាប់សែនដុល្លារ ក្រោមបទរំលោភទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត និងក្លែងបន្លំហត្ថលេខាក្លែងលិខិតឯកជន ព្រមទាំងក្លែងលិខិតសាធារណៈ ។
អង្គសវនាការមានជនត្រូវចោទឈ្មោះហ៊ាន សោភ័ណ្ឌ ភេទស្រី អាយុ៣២ឆ្នាំ មានអាសយដ្ឋានមុនចាប់ខ្លួននៅផ្ទះលេខ៩ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អង្គសវនាការមានជនត្រូវចោទបានឈរមុខរង្វង់ក្រចកសេះអមដោយមេធាវីការពារក្តីទាំងសងខាង សបញ្ជាក់ឱ្យឃើញថា ជាសវនការមួយប្រព្រឹត្តទៅយ៉ាងរលូនតាមនីតិវិធីច្បាប់ ។ សវនាការបានសាកសួរដេញដោលអស់រយៈពេលច្រើនម៉ោង និងបានបញ្ចប់ទៅវិញនៅល្ងាចថ្ងៃដដែល ប៉ុន្តែលោកស្រីចៅក្រមបានលើកពេលប្រកាសសាលក្រមរឿងក្តីនេះទៅខែកក្កដា ២០១៣ខាងមុខ ។
គួរបញ្ជាក់ថា ស្ត្រីឈ្មោះហ៊ាន សោភ័ណ្ឌ អតីតជាអ្នកគ្រប់គ្រងឱ្យក្រុមហ៊ុនហេង ស្រេងហុង ត្រូវបានម្ចាស់ក្រុមហ៊ុន គឺលោកស្រីសៀម ជូ ប្តឹងទៅសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន កាលពីអំឡុងខែសីហា ២០១២ ។
ម្ចាស់ក្រុមហ៊ុនបានប្តឹងចោទប្រកាន់ស្ត្រីឈ្មោះហ៊ាន សោភ័ណ្ឌ ក្រោមបទល្មើសលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត និងក្លែងបន្លំហត្ថលេខាក្រុមហ៊ុន ក្លែងលិខិតសាធារណៈ និងក្លែងលិខិតឯកជន ដោយកិបកេងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបទល្មើសនេះក្នុងច្បាប់បានចែងតាមមាត្រា៣៩៣ ៦២៦ និង៦២៧ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ។
នៅដំណាក់កាលសមត្ថកិច្ចសាកសួរស្ត្រីហ៊ាន សោភ័ណ្ឌ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលម្ចាស់ក្រុមហ៊ុនបានប្តឹងនោះមែន តែទឹកប្រាក់សរុបមិនដល់រាប់សែនដុល្លារពេកទេ ។ យោងតាមពាក្យបណ្តឹង និងចម្លើយសារភាព និងសាក្សី៧នាក់ បញ្ជាក់ឱ្យឃើញថា ស្ត្រីហ៊ាន សោភ័ណ្ឌ ពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះ ហើយសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃក៏បានកសាងសំណុំរឿងបញ្ជូនជនត្រូវចោទទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដូច្នេះបានជាស្ត្រីឈ្មោះហ៊ាន សោភ័ណ្ឌ អតីតអ្នកគ្រប់គ្រងក្រុមហ៊ុនហេង ស្រេងហុង ឃុំខ្លួននៅពន្ធនាគារប៉េហ្ស៊ី ចាប់ពីពេលនេះមក ។
គួរបញ្ជាក់ទៀតថា តាមពាក្យបណ្តឹង កាលអំឡុងឆ្នាំ១៩៩៨ លោកឧកញ៉ាហេង សៀ និងលោកស្រីសៀម ជូ ដែលជាភរិយា បានបើកក្រុមហ៊ុនធ្វើអាជីវកម្មមួយរកស៊ី(កាត់កញ្ចក់) ដោយដាក់ឈ្មោះថា ក្រុមហ៊ុនហេង ស្រេងហុង ដែលមានទីតាំងអគារលេខ២៨៤ ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពេលបើកក្រុមហ៊ុននេះ បានដាក់ឈ្មោះលោកស្រីសៀម ជូ ជាអគ្គនាយិកាក្រុមហ៊ុន និងបានចាត់តាំងឱ្យស្ត្រីឈ្មោះហ៊ាន សោភ័ណ្ឌ មើលការងារទូទៅ និងទទួលបន្ទុកជាប្រធានគ្រប់គ្រងរួម និងកាន់បញ្ជីពន្ធប្រចាំខែពន្ធនាំចូល និងបង់ពន្ធជូនរដ្ឋ ៕
ម្ចាស់ក្រុមហ៊ុនបានប្រគល់ឱ្យស្ត្រីហ៊ាន សោភ័ណ្ឌ មើលការខុសត្រូវ ដោយសារក្រុមហ៊ុនមានទំនុកចិត្ត។ រហូតដល់ឆ្នាំ២០១១ ក្រុមហ៊ុនមានការបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង ។ ការបាត់បង់ប្រាក់ចំណូលនោះហើយទើបលោកស្រីអគ្គនាយិកាក្រុមហ៊ុនកោះប្រជុំបុគ្គលិក និងអ្នកគ្រប់គ្រងតាមផ្នែក តាមជំនាញនីមួយៗ ដើម្បីស្វែងរកមូលហេតុ នៃការបាត់បង់ប្រាក់ចំណូលនោះ។ បន្ទាប់ពីមានការជួបប្រជុំជាច្រើនលើកច្រើនសារពីសំណាក់លោកស្រី ម្ចាស់ក្រុមហ៊ុនបានរកឃើញថា អ្វីៗវាធ្លាក់នៅលើដៃស្ត្រីហ៊ាន សោភ័ណ្ឌ ពោលគឺទឹកប្រាក់របស់ក្រុមហ៊ុនរាប់សែនដុល្លារត្រូវឈ្មោះ ហ៊ាន សោភ័ណ្ឌ មានគំនិតទុច្ចរិតកិបកេងយកតាមរូបភាពក្លែងក្លាយ ហត្ថលេខាក្លែងប័ណ្ណចំណូល និងបានលួចយកសៀវភៅចំនួន៦ក្បាលដែលជាសៀវភៅបញ្ជីប្រាក់ពីអ្នកបង់ចូល ។
ចែករំលែកព័តមាននេះ